អានតួអត្ថបទ
ថៃ

លោក​ប្រាយុទ្ធ​ ចាន់អូចា ថា​ប្រជាជន​ថៃ​ទូទៅ​មិនគាំទ្រ បាតុកម្ម​ទាមទារ​ប្រជាធិបតេយ្យ​ទេ​

លោកប្រាយុទ្ធចាន់អូចា ប្រមុខរដ្ឋាភិបាលថៃ បានថ្លែងកាលពី​ថ្ងៃទី​១៣សីហាម្សិលមិញថា ប្រជាជនថៃភាគច្រើនទូទៅ គឺមិនពួកគេចាត់ថា ចលនាបាតុកម្មទាមទារប្រជាធិបតេយ្យ​ ដែលកំពុងបង្ករភាពអាណាធិបតេយ្យនៅទីក្រុងបាងកកនេះ​ គឺជារឿងដែលមិនអាចទទួលយកបានទេ។ ការថ្លែងបែបនេះ របស់លោក​នាយករដ្ឋមន្ត្រីថៃ គឺបន្ទាប់ពីប៉ុន្មានថ្ងៃចុងក្រោយនេះ មានបាតុកម្ម​កាន់តែខ្លាំង ដែលទាមទារឲ្យរំលាយរដ្ឋសភា ព្រមទាំងធ្វើកំណែទម្រង់របបរាជានិយមថៃ ថែមទៀតផង។

យុវជនសិស្សនិស្សិតថៃប្រមាណ​៤០០០នាក់ ធ្វើបាតុកម្ម​ទាមទារ កំណែទម្រង់របបរាជានិយមថៃ និងស្តារប្រជាធិបតេយ្យ​ឡើងវិញ។ ទីលាន Campus សកលវិទ្យាល័យថាម៉ាសាត ជាយ​ទីក្រុងបាងកក ថ្ងៃទី​១០សីហា ២០២០។
យុវជនសិស្សនិស្សិតថៃប្រមាណ​៤០០០នាក់ ធ្វើបាតុកម្ម​ទាមទារ កំណែទម្រង់របបរាជានិយមថៃ និងស្តារប្រជាធិបតេយ្យ​ឡើងវិញ។ ទីលាន Campus សកលវិទ្យាល័យថាម៉ាសាត ជាយ​ទីក្រុងបាងកក ថ្ងៃទី​១០សីហា ២០២០។ REUTERS - CHALINEE THIRASUPA
ផ្សាយពាណិជ្ជកម្ម

ចេញពីប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃព្រហស្បតិ៍ទី១៣សីហា លោកប្រាយុទ្ធ ចាន់អូចា បាននិយាយទៅកាន់អ្នកកាសែតថា ប្រជាជនថៃទូទៅ មិនជឿទុកចិត្ត និងមិនគាំទ្រ ចំពោះ​បាតុកម្មទាមទារប្រជាធិបតេយ្យ ដែលកើតមានក្នុងពេលកន្លងមកនេះទេ។ លោកបន្តថា រដ្ឋាភិបាលសង្ឃឹមថា ពួកអ្នកធ្វើបាតុកម្មទាំងនោះ នឹងគ្មានបំណងបង្កភាពចលាចលក្នុងសង្គម ព្រោះថាបញ្ហានេះ គឺជារឿងគ្រោះថ្នាក់ ហើយ​ប្រជាជនថៃជាទូទៅមិនអាចទទួលយកបានទេ។

សូមបញ្ជាក់ថា ប៉ុន្មានខែមកនេះ បើទោះបីជាមាន​វិធានការរិតត្បិត ដើម្បីបង្កាការឆ្លងរាលដាល ជំងឺកូវីដ១៩ក្តី តែនៅទីក្រុងបាងកក គេសង្កេតឃើញថាមាន​ការជួបជូបជុំ បាតុកម្ម​ ដើម្បីទាមទារលទ្ធិប្រជាធិបតេយ្យ សឹងតែមិនលោះថ្ងៃ។ បាតុកម្ម ដែលជាទូទៅ មានការចូលរួម ពីក្រុមយុវជនសិស្សនិស្សិតជាច្រើនពាន់នាក់។

ជាក់ស្តែងកាលពីថ្ងៃចន្ទ ទី១០សីហា​ មនុស្ស​ប្រមាណ​៤០០០នាក់ ភាគច្រើនជាយុវជន សិស្សនិស្សិត​​បានជួបជុំគ្នានៅ​ទីលានCampus នៃសកលវិទ្យាទីក្រុងបាងកក។ ក្រុមបាតុករ បានទាមទារ១០ចំណុចធំៗ ដែលក្នុងនោះមានជាអាថិ គឺ ទាមទារឲ្យ​រំលាយ​រដ្ឋសភា និងកែប្រែរដ្ឋធម្មនុញ្ញ ដើម្បីរៀបចំការ​បែងចែកអំណាច ធ្វើយ៉ាងណាកុំឲ្យ​ក្រុមយោធា អាចក្តោបក្តាប់​អំណាចតែម្នាក់ឯង។ បាតុករក៏ទាម​ទារផងដែរ ឲ្យ​ធ្វើកំណែទម្រង់របបរាជានិយមថៃ លុប​ចោលមាត្រា១១២ នៃរដ្ឋធម្មនុញ្ញ ដែល​​ចែងអំពីទោសប្រមាថព្រះចេស្តាព្រះមហាក្សត្រ ហើយនឹងត្រូវជជែកឡើងវិញ អំពីការគ្រប់គ្រងទ្រព្យសម្បតិ្ត​របស់​​ព្រះ​មហាក្សត្រថៃ។ ក្រោយ​ការទាមទារ​ចំណុចទាំងនេះ សាស្ត្រាចារ្យសកលវិទ្យាល័យ ប្រមាណ​១៤០នាក់ ទូទាំងប្រទេសថៃ​ បានរួមគ្នាធ្វើញតិ គាំទ្រការទាមទាររបស់បាតុករប្រជាធិបតេយ្យ។

ដោយឡែក នៅថ្ងៃព្រហស្បតិ៍ទី១៣សីហា នៅខាងមុខសកលវិទ្យាល័យថាម៉ាសាត ទីក្រុងបាងកក មានមនុស្ស​ជាច្រើនរយនាក់ បានមកជួបជុំគ្នាធ្វើបាតុកម្មគាំទ្ររបបរាជានិយមថៃ និងបានទាមទារឲ្យ​រដ្ឋាភិបាល ត្រូវតែផ្តន្ទាទោសពួកបាតុករ ដែលហ៊ានប្រមាថមើលងាយស្ថាប័នព្រះមហាក្សត្រ។

គួររំលឹកថា ថៃគឺជាប្រទេសមានរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ តែនរណាក៏ដឹងដែរ ថាការពិតជាក់ស្តែង ស្ថាប័នព្រះមហាក្សត្រថៃ មាន​អំណាចនិងឥទ្ធិពលយ៉ាងខ្លាំង។ ស្ថាប័នព្រះមហាក្សត្រ មានក្រុមកងទ័ពថៃ ដែលតាមការពារ និងបានរៀបចំរដ្ឋប្រហារជាច្រើនលើកច្រើនសារ ដើម្បីទំលាក់​រដ្ឋាភិបាល​ប្រជាធិបតេយ្យណា ដែលងាកឆ្ងាយចេញពីព្រះមហាក្សត្រ។ មាត្រាច្បាប់ប្រមាថព្រះចេស្តាព្រះមហាក្សត្រ ថ្វីបើមិនសូវ​ជាត្រូវបាន គេយកមកអនុវត្តក្តីនាពេលបច្ចុប្បន្ននេះ តែរដ្ឋាភិបាលលោកប្រាយុទ្ធ ចាន់អូចា បានប្រើច្បាប់ថ្មី ដើម្បីតាមដាន រារាំងរាល់ការរិះគន់នៅតាមបណ្តាញសង្គម៕

 

 

 

 

 

 

 

 

 

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ