អានតួអត្ថបទ
ថៃ

ថៃ៖ ផារីត ជីវ៉ារ៉ាក់ មេ​ចលនា​យុវជន​ប្រជាធិបតេយ្យ​ម្នាក់ទៀត ត្រូវ​នគរបាល​​ចាប់ខ្លួន

នរគបាលក្រុងបាងកក បានបញ្ជាក់ឲ្យដឹងថា លោក ផារីត ជីវ៉ារ៉ាក់ មេចលនាយុវជនប្រជាធិបតេយ្យ ត្រូវបាន​នគរបាលចាប់ឃាត់ខ្លួន ទៅតាមដីកាបង្គាប់របស់តុលាការ​ នៅថ្ងៃទី​១៤សីហា នៅទីក្រុងបាងកក។ នេះគឺជាការចាប់ខ្លួន មនុស្សទី៣ហើយ ក្នុងចំណោម​អ្នកលេចធ្លោខ្លាំង នៅក្នុងចលនាបាតុកម្មទាមទារប្រជាធិបតេយ្យនៅក្នុងប្រទេសថៃ នៅរវាង​ប្រមាណ​៧ថ្ងៃចុងក្រោយនេះ។ ចលនាបាតុកម្ម ដែលកាន់តែរីកធំទៅៗ ប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលបាន​ទាមទារឲ្យ​រំលាយរដ្ឋសភា កែប្រែរដ្ឋធម្មនុញ្ញ និងធ្វើកំណែទម្រង់ក្នុងស្ថាប័នព្រះមហាក្សត្រថៃ។

លោក ផារីត ជីវ៉ារ៉ាក់ លើកដៃម្រាមបី ជាសញ្ញានៃចលនាបាតុកម្មដើម្បីប្រជាធិបតេយ្យ ពេលនគរបាល​បញ្ជូន​ទៅដល់កន្លែងឃុំខ្លួន។ បាងកក ថ្ងៃទី​១៤សីហា ២០២០
លោក ផារីត ជីវ៉ារ៉ាក់ លើកដៃម្រាមបី ជាសញ្ញានៃចលនាបាតុកម្មដើម្បីប្រជាធិបតេយ្យ ពេលនគរបាល​បញ្ជូន​ទៅដល់កន្លែងឃុំខ្លួន។ បាងកក ថ្ងៃទី​១៤សីហា ២០២០ REUTERS - ATHIT PERAWONGMETHA
ផ្សាយពាណិជ្ជកម្ម

លោក ស៊ុមប្រាសុង យិនតុម ស្នងការរងនគរបាលក្រុងបាងកក បានបញ្ជាក់ប្រាប់​អ្នកកាសែតបារាំង AFP ថា លោក ផារីត ជីវ៉ារ៉ាក់​ ពិតជាត្រូវបាន​ចាប់ខ្លួនមែន ក្រោមបទចោទប្រកាន់ ទាក់ទិននឹង​សកម្មភាព​បាតុកម្ម​អាណាធិបតេយ្យ កាលពីថ្ងៃទី​១៨កក្កដា កន្លងទៅ។ នៅក្នុងវីដេអូមួយ​ ផ្សាយផ្ទាល់​តាមបណ្តា​ញសង្គមFacebook គេឃើញ​នគរបាល​ បានអាន​សាលដីកាចាប់ខ្លួន ចំពោះមុខលោក ផារីត ជីវ៉ារ៉ាក់ មុននឹងចាប់ក្រៀក​បញ្ជូនចូលទៅក្នុងរថយន្តនគរបាល។

សូមបញ្ជាក់ថា លោកផារីត ជីវ៉ារ៉ាក់ គឺជាប្រធានដឹកនាំម្នាក់ នៅក្នុងសហជីពនិស្សិតទីក្រុងបាងកក។ លោកបានក្លាយ​ជាមនុស្សលេចធ្លោខ្លាំង ប៉ុន្មានខែមកនេះ តាមរយៈការជួបជុំធ្វើបាតុកម្ម ដែលមានសិស្សនិស្សិត យុវជនថៃ ចូលរួម​ជាច្រើន​ពាន់នាក់។

ក្រោយដំណឹងនៃការចាប់ខ្លួននេះ មានយុវជនជាច្រើននាក់ មាននាំគ្នាទៅជួបជុំនៅខាងមុខស្នងការដ្ឋាននគរបាល​ក្រុង​បាងកក ជាទី​ដែល លោកផារីត ជីវ៉ារ៉ាក់ ត្រូវគេដាក់ឃុំ។ ដោយឡែក នៅឯទីលាន​ក្នុងសកលវិទ្យាល័យជូឡាឡុងកន សិស្សនិស្សិតជាច្រើនរយនាក់ ក៏បានជួបជុំគ្នាដែរ ដើម្បីទាមទារឲ្យ​មានការដោះលែងសកម្មជនប្រជាធិបតេយ្យទាំងអស់។

សូមរំលឹកថា កាលពីថ្ងៃទី​៧សីហា នគរបាលក្រុងបាងកក បាន​ចុះចាប់ខ្លួន​សកម្មជនចលនាប្រជាធិបតេយ្យ​ចំនួន​២នាក់រួចទៅហើយ ម្នាក់ជាមេធាវី ម្នាក់ទៀតជាប្រធានដឹកនាំម្នាក់ នៅក្នុងសហជីពនិស្សិត។ ២៤ម៉ោងក្រោយមក អ្នកទាំង២ត្រូវបានគេដោះលែងមកវិញ ជាថ្នូរនឹងការដំកល់ប្រាក់ធានាឲ្យ​នៅក្រៅឃុំ ដើម្បីរងចាំថ្ងៃសវនាកា។

សម្ព័ន្ធ “យុវជនសេរី” ដែលជាក្រុម​យុវជនសកម្មជាងគេ ក្នុងការបំផុសបំផុលបាតុកម្ម ប៉ុន្មានសប្តាហ៍មកនេះ បានចេញ​លិខិតប្រកាសមួយ ដោយបាន​ទាមទារឲ្យ​អាជ្ញាធររដ្ឋាភិបាល ត្រូវតែបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពសំឡុត គំរាមកំហែង ទៅលើសិទ្ធិសេរីភាពនយោបាយ និង​ការបញ្ចេញមតិ។ ចលនានេះ បានអំពាវនាវ ឲ្យ​ប្រជាជនថៃគ្រប់មជ្ឈដ្ឋាន ចូលរួមធ្វើបាតុកម្មធំមួយ នៅថ្ងៃអាទិត្យ​ទី១៦សីហា។

គួរកត់សំគាល់ថា ចលនាបាតុកម្មនៅទីក្រុងបាងកក បានឡើងសន្ទុះជាខ្លាំង។ ថ្ងៃទី​១០សីហា មានយុវជន និស្សិតចូលរួមដល់ទៅ​៤០០០នាក់។ ចលនានេះ ទាមទារឲ្យរំលាយ​រដ្ឋសភា បោះឆ្នោតជាថ្មី ​ ធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យនិងការបែងចែកអំណាច និងជាពិសេសនោះ គឺយុវជនទាមទារឲ្យ​ធ្វើកំណែទម្រង់ក្នុងស្ថាប័នព្រះមហាក្សត្រ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ