អានតួអត្ថបទ
ជប៉ុន-សង្គ្រាមលោក

មន្ត្រី​រដ្ឋា​ភិបាល​ជប៉ុន​ទៅ​គោរព​វិញ្ញាណ​ក្ខន្ធ​នៅ​វិហារ​យ៉ាស៊ូគូនី​ជា​លើក​ដំបូង​ចាប់​តាំង​ពី​ឆ្នាំ​២០១៦

ក្នុង​ឱកាស​ខួប ៧៥ ឆ្នាំ​នៃ​ការ​ចាញ់​សង្រ្គាម​លោក​លើកទី២​ នៅ​ថ្ងៃ​សៅរ៍​នេះ​ មន្រ្តី​រដ្ឋាភិបាល​ជប៉ុន​ ៤ រូប​​បាន​ទៅ​គោរព​វិញ្ញាណក្ខន្ធ​នៅ​វិហារ​យ៉ាស៊ូគូនី ​ជា​លើក​ដំបូង​រាប់​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៦​មក​។ សម្រាប់​ជប៉ុន វិហារ​យ៉ាស៊ូគូនី​គឺជា​ទីសក្ការៈបូជា​មួយ​ តែ​សម្រាប់​ប្រទេសជិតខាង​ជប៉ុន​ដូចជា​ចិន​និង​កូរ៉េខាងត្បូង​ជាដើម​ យ៉ាស៊ូគូនី​ គឺជា​និមិត្ត​រូប​នៃ​មហិច្ឆតា​យោធានិយម​របស់​ទីក្រុងតូក្យូកាលពីអតីតកាល​។

វិហារយ៉ាស៊ូគូនី ត្រូវបានប្រទេសជិតខាងជប៉ុនមានចិន កូរ៉េខាងត្បូង និងកូរ៉េខាងជើងចាត់ទុកថាជានិមិត្តរូបនៃមហិច្ឆតាយោធានិយមរបស់ទីក្រុងតូក្យូកាលពីអតីតកាល។
វិហារយ៉ាស៊ូគូនី ត្រូវបានប្រទេសជិតខាងជប៉ុនមានចិន កូរ៉េខាងត្បូង និងកូរ៉េខាងជើងចាត់ទុកថាជានិមិត្តរូបនៃមហិច្ឆតាយោធានិយមរបស់ទីក្រុងតូក្យូកាលពីអតីតកាល។ REUTERS - KIM KYUNG-HOON
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្រ្តី​ក្រសួងអប់រំ​លោក​ កូអ៊ីឈី ហាជីដា (Koichi Hagiuda) ជា​មន្រ្តីម្នាក់​ក្នុង​ចំណោម​មន្ត្រី​រដ្ឋាភិបាល​ជប៉ុន​ទាំង ៤ រូប​ ដែល​បាន​ធ្វើដំណើរ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​នៅ​វិហារ​យ៉ាស៊ូគូនី​។ លោកហាជីដា​ បាន​ប្រាប់​ក្រុមអ្នកយកព័ត៌មានថា​ លោក​ធ្វើ​ដូច្នោះ​គឺ​ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​ទាហាន​ជប៉ុន​ដែល​បាន​ពលី​ជីវិត​ដើម្បី​ជាតិក្នុង​សម័យ​សង្គ្រាម​។

ចំណែក​ឥស្សរជន​នយោបាយ​ជាន់ខ្ពស់​ជប៉ុន​បី​នាក់ទៀត​ គឺ​រដ្ឋមន្រ្តី​បរិស្ថាន​លោក ស្ហ៊ីនជីរ៉ូ កូអ៊ីហ្ស៊ូមី​ (Shinjiro Koizumi) រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ​លោក​ សានែ​ តាកាអ៊ីឈី​ (Sanae Takaichi) និង​លោក​ សីអ៊ីឈី អេតូ​ (Seiichi Eto) ជា​រដ្ឋមន្រ្តី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​។

ដោយឡែក​ នាយករដ្ឋមន្ត្រីជាតិ​និយម​ជប៉ុន​ លោក ស្ហ៊ីនហ្សូ អាបេ មិន​បាន​ធ្វើដំណើរទៅ​កាន់​វិហារ​យ៉ាស៊ូគូនី​ដោយផ្ទាល់ឡើយ​ ក្នុង​ឱកាស​ប្រារព្ធ​ខួប​ ៧៥​ឆ្នាំ​ នៃ​ការ​ចាញ់សង្គ្រាម​លោក​លើក​ទី២ នាថ្ងៃសៅរ៍​ទី១៥​ សីហានេះ​។

យោងតាម​ប្រព័ន្ធផ្សព្វផ្សាយ​ក្នុងស្រុកជប៉ុន​ ដើម្បីជា​ការគោរព​ដល់​វិញ្ញាណ​ក្ខន្ធ​ទា​ហាន​ជប៉ុន​ លោកអាបេ​ បាន​បញ្ជូន​ក្រដាស​​ប្រាក់​សម្រាប់​បុណ្យទាន​ទៅកាន់​វិហារ​យ៉ាស៊ូគូនី​។ លោក​អាបេ​ បាន​ធ្វើដំណើរ​ទៅ​វិហារយ៉ាស៊ូគូនី​ចុងក្រោយ​បង្អស់​នៅខែធ្នូ​ ឆ្នាំ ២០១៣​ ដើម្បី​ជាការ​កត់​សម្គាល់​នៃ​ការ​ឡើងកាន់​អំណាច​របស់​លោក​ក្នុង​ឆ្នាំទី១​។

កាលណោះ​ ទាំងចិន​និង​ទាំងកូរ៉េខាងត្បូង​ សុទ្ធតែ​បាននាំ​គ្នា​បញ្ចេញ​ប្រតិកម្ម​ដោយកំហឹង​តបនឹង​ដំណើរទៅកាន់​វិហារ​យ៉ាស៊ូគូនីរបស់លោក​អាបេ ហើយ​ចាប់​ពី​ពេល​នោះ​មក​នាយក​រដ្ឋ​មន្តី្រ​ជប៉ុន​រូប​នេះ​ មិន​ដែល​ទៅ​វិហារ​យ៉ាស៊ូគូនី​ទៀត​ឡើយ។

គួររំឭកជូនថា​ ស្ថិតនៅ​កណ្តាលទីក្រុងតូក្យូ​ វិហារយ៉ាស៊ូគូនី​ គឺជាទីតាំង​បញ្ចុះសព​របស់​អតីត​ទាហានជប៉ុន​ប្រមាណ​ ២លាននាក់​កន្លះ​ ដែល​បាន​បាត់បង់ជីវិត​ក្នុង​សម័យសង្គ្រាមដែល​ក្នុងនោះ​ក៏​មាន​ដែរ​សាកសព​អតីតមេទ័ព​ជប៉ុន​ ១៤ រូប ដែល​ត្រូវបានកាត់ឲ្យ​ជាប់ទោស​ពីបទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ក្នុង​សង្គ្រា​មលោកលើកទី២​។

ហេតុដូចនេះហើយ​ទើបចិន កូរ៉េខាងត្បូង និងកូរ៉េខាងជើង ដែល​ធ្លាប់​ត្រូវ​បាន​ជប៉ុន​ឈ្លានពាន​ក្នុង​សម័យសង្គ្រាម​ តែងតែ​ផ្ទុះកំហឹងខ្លាំង​នៅពេលដែល​មន្ត្រី​រដ្ឋាភិបាលជប៉ុនទៅគោរពវិញ្ញាណក្ខន្ធ​នៅវិហារយ៉ាស៊ូគូនី​។

គួរជ្រាបទៀតថា​ ការធ្វើដំណើរ​ទៅកាន់វិហារយ៉ាស៊ូគូនីរបស់​រដ្ឋមន្ត្រី​ជប៉ុន​ចំនួន​៤រូប​ នៅឆ្នាំ​នេះ​ ធ្វើឡើង​ជួបចំពេល​មាន​ភាពតានតឹង​រវាង​ជប៉ុន​ និង​កូរ៉េខាងត្បូង​ដែលជា​ប្រទេស​មួយធ្លាប់​រងគ្រោះពី​អំពើ​ឃោរឃៅផ្នែកយោធា​ក្នុងសម័យសង្គ្រាម​ពី​សំណាក់ជប៉ុន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ