អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

រដ្ឋមន្ត្រី​និង​សមាជិក​សភា​​ជប៉ុន​ទៅ​វិហារ​យ៉ាស៊ូគូនី​ក្នុង​ថ្ងៃ​ខួប​ចាញ់​សង្គ្រាម​លោក​លើក​ទីពីរ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃទី១៥​សីហា​នេះ គឺ​ជា​ថ្ងៃ​ខួប ៦៩​ឆ្នាំ​ ដែល​ជប៉ុនប្រកាស​​ចុះចាញ់​សង្រ្គាម​លោក​លើកទី២ នៅ​ឆ្នាំ​១៩៤៥។ នៅ​ចំថ្ងៃ​ខួប​នេះ សមាជិក​រដ្ឋាភិបាល និង​សភា​ជប៉ុន​ជាច្រើន​នាក់​បាន​នាំគ្នា​ទៅ​ធ្វើការ​បួងសួង​នៅ​វិហារ​យ៉ាស៊ូគូនី។ វិហារ​យ៉ាស៊ូគូនី​ ​ជា​ទីសក្ការៈ​ដ៏ចម្រូងចម្រាស មាន​កត់​ត្រា​​ឈ្មោះ​យុទ្ធជន​ ​ ២,៥​លាន​នាក់ ពលីក្នុង​បុព្វហេតុការពារ​ជាតិ តែ​ជា​និមិត្តរូប​នៃ​អំពើ​ឈ្លានពាន​របស់​ជប៉ុន​ ក្នុង​សម័ស​សង្គ្រាម​លោក សម្រាប់​ក្រសែ​ភ្នែក​ចិន​និង​កូរ៉េ​ខាង​ត្បូង។ សេអ៊ូល​មិន​បង្អង់​នឹង​បញ្ចេញ​ប្រតិកម្មប្រឆាំង។ ចុះ​តើ​ជប៉ុន​ការពារ​ខ្លួន​យ៉ាងដូចម្តេច ? ហេតុ​អ្វីបាន​ជា​វិហារ​យ៉ាស៊ូគូនី​ ក្លាយ​ជា​ប្រភព​នៃ​​បង្ក​ភាព​តាន​តឹង​រវាង​ប្រទេស​ជិត​ខាង​បី​នោះ ? តើ​មាន​មធ្យោបាយ​បិទ​បញ្ចប់​ដែរឬទេ ?

អធិរាជ​ជប៉ុន អាគីហ៊ីតូ អធិរាជនីមីឈីកូ ក្នុង​ពិធី​ខួប​៦៩​ឆ្នាំ​នៃ​ការ​ប្រកាស​ចុះ​ចាញ់​សង្គ្រាម​លោក​លើក​ទីពីរ
អធិរាជ​ជប៉ុន អាគីហ៊ីតូ អធិរាជនីមីឈីកូ ក្នុង​ពិធី​ខួប​៦៩​ឆ្នាំ​នៃ​ការ​ប្រកាស​ចុះ​ចាញ់​សង្គ្រាម​លោក​លើក​ទីពីរ © Reuters
ផ្សាយពាណិជ្ជកម្ម

ក្នុង​​ថ្ងៃ​ខួប៦៩​ឆ្នាំ ​ដែល​ជប៉ុន​ប្រកាស​ចុះ​ចាញ់​សង្គ្រាម​​លោក​លើក​ទីពីរ ប្រទេស​ជប៉ុន​ទាំង​មូល​បាន​ប្រារព្ធ​ពិធី​រំលឹក​​ខួប​ នៅ​តាម​ទីសក្ការៈ​ផ្សេង​នាទី​ក្រុង​តូក្យូ ដោយ​មាន​តំណាង​នយោបាយ​ការទូត​ និង​បណ្តា​ជន​ចូល​រួម​ប្រមាណ​៦ពាន់​នាក់។ ព្រះចៅ​អធិរាជ អាគីហ៊ីតូ បាន​ធ្វើ​ជា​អធិបតី និង​បាន​ធ្វើ​ពិធី​បួងសួង​ សុំ​សន្តិភាព និង​​​ឧទ្ធិស​​ដល់​វិញ្ញណក្ខន្ធបណ្តាជន​ជប៉ុន ​ជាង​៣លាន​មួយ​សែន ដែល​បាន​បាត់​បង់​ជីវិត​ ក្នុង​អំឡុង​សង្គ្រាម​លោកលើក​ទីពីរ​នោះ។

 
វិហារ​យ៉ាស៊ូគូនី ក៏​បាន​រៀប​ចំ​រំលឹក​ខួប​នេះ​ដែរ ! ហើយ​ដូច​ជា​ទម្លាប់ ជា​រៀង​រាល់​ឆ្នាំ សមាជិក​​សភា​ជាង​១០​រូប បាន​នាំ​គ្នា​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ នៅទីសក្ការៈ​យ៉ាស៊ូគូនី ព្រោះ​មាន​តក់ត្រា​​យុទ្ធ​ជន​ពលីជីវិត​ដល់​ទៅ​ជាង​២លាននាក់​កន្លះ​ អម​ដំណើរ​ជាមួយ​ដោយ​​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ប្រធាន​​គណៈកម្មការសន្តិសុខ​សាធារណៈ​ផង​នៅ លើក​នេះ។

នាយក​រដ្ឋមន្ត្រី​ជាតិ​និយម​ចែក​រំលែង​សារ​សន្តិភាព​យូរអង្វែង
 
កូរ៉េខាង​ត្បូង តាម​រយៈអ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស មិន​សប្បាយ​ចិត្ត ​បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាម​នឹង​វត្តមាន​រប​ស់​មន្ត្រី​រដ្ឋាភិបាល​ជប៉ុន ជាមួយ​នឹង​សម្តី​ធ្ងន់ៗថា “អ្នក​នយោបាយ​ជប៉ុនត្រូវ​ចង​ចាំ​​ថា​មាន​តែ​ការ​បោះបង់​ចង់​មនោគមន៍​​ និង​ចរិត​ឈ្លានពាន​អតីតកាល​ទេ ទើប​នាំ​​​ទំនាក់ទំនង​ទ្វេ​ភាគី​ឱ្យ​​ស្ងប់ស្ងាត់បាន” ! ប៉ុន្តែ​សម្រាប់​រដ្ឋមន្ត្រី​ទាំង​ពីរ​របស់​ជប៉ុន​ ដំណើរ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​នៅ​យ៉ាស៊ូគូនី គឺ​ជា​កាយវិការ​ធម្មជាតិ​របស់​ថ្នាក់​ដឹកនាំ​ប្រទេស​ដែល​ត្រូវ​សម្តែង​ចំពោះអ្នក​​ដែល​បាន​បូជាជីវិត​ដើម្បី​ជាតិ និងចំពោះ​អ្នក​​ដែល​បាន​បាត់​បង់​ជីវិ​ត​ព្រោះ​សង្គ្រាម។
 

រដ្ឋមន្ត្រី​និង​សមាជិក​សភា​ជប៉ុន​ទៅ​គោរព​វិញ្ញាណក្ខន្ធ​នៅវិហារ​យ៉ាស៊ូគូនី ថ្ងៃ​ទី ១៥​សីហា ២០១៤​
រដ្ឋមន្ត្រី​និង​សមាជិក​សភា​ជប៉ុន​ទៅ​គោរព​វិញ្ញាណក្ខន្ធ​នៅវិហារ​យ៉ាស៊ូគូនី ថ្ងៃ​ទី ១៥​សីហា ២០១៤​ © Reuters

លោក​នាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ ដែល​ល្បី​ខាង​ជាតិ​និយម និង​ធ្លាប់​បាន​ទៅ​វិហារ​យ៉ាស៊ូគូនី កាលពី​ចុង​ឆ្នាំ​២០១២ បាន​ចូល​រួម​ចំណែក​នាំ​សន្តិភាព​ច្រើន ដោយ​នៅ​ថ្ងៃ​នេះ​បាន​ផ្ញើ​សា​រ​​​សន្តិភាព​ សន្យា​ប្រឹង​ធ្វើ​គ្រប់យ៉ាង​ដើម្បី​ពលរដ្ឋ​​រស់​ក្នុង​ភាព​ស្ងប់ស្ងាត់​លើ​ពិភពលោក មិន​បាន​ធ្វើ​ដំណើរ​ទៅ​ទី​សក្ការៈ​ដ៏ចម្រូង​ចម្រាស​ ក្នុង​ថ្ងៃ​ខួប​នេះ​​ឡើយ ! លោក​សុខ​ចិត្ត​ត្រឹម​បញ្ជូន​គ្រឿង​សក្ការៈ​ទៅបូជា​តែ​ប៉ុណ្ណោះ។ តែ​សេអ៊ូ​លនៅ​តែ​មិន​រិះគន់​ទៀត។

​​វិហារ​យ៉ាស៊ូគូនី​ ​ទី​សក្ការៈ ដ៏ចម្រូង​ចម្រាស

វិហារយ៉ាស៊ូគូនី​ ​ត្រូវ​បាន​សាងសង់​ឡើង នៅ​​ឆ្នាំ​១៨៦៩ ដោយ​អធិរាជ​ម៉ីជី សម្រាប់​ទុក​ជា​កន្លែង​​រំឭកវិញ្ញាណក្ខន្ធ​ដល់​បណ្តាជន​ជប៉ុន​ទាំងឡាយណា ដែល​បាន​បូជា​ជីវិត​​ដើម្បី​ជាតិ។ ចាប់​ពី​ឆ្នាំ​១៩៤៥​មក វិហារ​យ៉ាស៊ូគូនី​ បាន​ក្លាយ​ជា​កម្មសិទ្ធិ​​ឯកជន ឯករាជ្យ​ពី​ស្ថាប័នរដ្ឋ​។​
ប៉ុន្តែ​ភាព​ចម្រូង​ចម្រាស​បាន​កើត​ឡើង នៅ​ឆ្នាំ​១៩៧៨ នៅ​មាន​ការ​កត់​ត្រា​ឈ្មោះ អតីត​មន្រ្តីជាន់ខ្ពស់​​ជប៉ុន​ចំនួន ១៤រូប ដែល​​​​​តុលាការ​អន្តរជាតិ​​ក្រុងតូក្យូ​កាត់​ឲ្យ​ជាប់ទោស​ពី​ បទឧក្រិដ្ឋកម្ម​សង្រ្គាម ក្នុង​អំឡុង​សង្រ្គាម​លោក​លើកទី២ នៅ​ក្នុង​បញ្ជី​ ឈ្មោះ​យុទ្ធជន​ពលី ​ជិត ២,៥លាន​នាក់ ចាប់តាំង​ពី​ឆ្នាំ​១៨៦៧ រហូតដល់​ចុងសង្រ្គាម​លោក​លើកទី២ នៅ​ឆ្នាំ​១៩៤៥ នៅ​វិហារ​យ៉ាស៊ូគូនី។

គួរបញ្ជាក់ថា នៅ​ក្នុង​សម័យ​សង្រ្គាម​ ទាហាន និង​ប្រជាជន​ស៊ីវិល​​រាប់លាននាក់ នៅ​ក្នុង​ប្រទេស​ចិន និង​កូរ៉េ ត្រូវ​ស្លាប់បាត់បង់ជីវិត ក្នុង​ពេល​ដែល​ទាហាន​ជប៉ុនឈ្លានពាន​វាតទី កាន់​កាប់​ប្រទេស​ទាំងនេះ។

សម្រាប់​ប្រទេស​ជិតខាង​​ទាំងនេះ វិហារ​យ៉ាស៊ូគូនី គឺ​ជា​និមិត្តរូប​នៃ​អំពើ​ឈ្លានពាន​របស់​ជប៉ុន ក្នុង​សម័យសង្រ្គាម ហើយ​ការណ៍ដែល​មន្រ្តី​ជប៉ុន​នាំគ្នា​ទៅ​បួងសួង​នៅ​វិហារ​យ៉ាស៊ូគូនី​នេះ គឺ​មានន័យ​ស្មើ​នឹង​ការ​ផ្តល់​កិត្តិយស​ដល់​ឧក្រិដ្ឋជន​សង្រ្គាម និង​ជា​ការមិន​ទទួលស្គាល់​អំពើ​ឃោរឃៅ​របស់​ខ្លួន នៅ​អាស៊ី កាល​ពីអតីតកាល។

ក៏ប៉ុន្តែ ចំពោះ​មន្រ្តី និង​អ្នក​តំណាងរាស្រ្ត​ជប៉ុន ដែល​នាំគ្នា​ទៅ​ធ្វើការ​បួងសួង​នៅ​វិហារ​យ៉ាស៊ូគូនី បាន​អះអាង​ថា ជប៉ុន​ប្រទេស​អធិបតេយ្យ​មួយ​ត្រូវ​តែ​អាច​ធ្វើ​ការគោរពវិញ្ញានក្ខន្ធ​ដល់​អ្នក​ ស្លាប់ ទៅតាម​ទំនៀមទម្លាប់ និង​វប្បធម៌​របស់​ខ្លួន ដូច​ប្រមុខ​ដឹកនាំ​ក្នុង​ប្រទេស​ដទៃ​ទៀត​លើ​លោក ដោយ​មិនត្រូវ​មាន​ការលូកដៃ​ជ្រៀតជ្រែក​ពី​ប្រទេស​ក្រៅនោះទេ និង​មិនគួរ​មាន​ផលវិបាក​នយោបាយ ឬ​ការទូត​សោះ។ 

វិហារ​យ៉ាស៊ូគូនី និង​ការ​តស៊ូ​មតិ​ផ្ទៃក្នុង

វិហារ​យ៉ាស៊ូគូនី ដែល​ទីសក្ការៈ​សម្រាប់​​សាធារណជន​ទូទៅ មិន​គួរ​ត្រូវ​ចោទ​ជា​បញ្ហា​ទេ ! ហើយ​ថ្វីដ្បិត​តែ​ពលរដ្ឋ​​ជប៉ុន​មិន​បន្ទោស​ដំណើរ​ទៅ​វិហារ​យ៉ាស៊ូគូនី​របស់​ថ្នាក់​ដឹកនាំ​មែន ប៉ុន្តែ​មានការ​តស៊ូ​មតិ​ច្រើន​ជុំ​វិញ​បញ្ហា​នេះ។ គណបក្ស​ប្រឆាំង​ ចង់​ឱ្យ​មាន​ការ​បែង​ចែក​ឱ្យ​ដាច់​ពី​គ្នា​រវាង អ្វី​ដែល​ជា​សាសនា​ និង​អ្វីជា​កិច្ចការ​រដ្ឋ។ ប៉ុន្តែ​បញ្ហា​ផ្លូវ​ច្បាប់​នេះ មិន​ត្រូវ​បាន​អារកាត់​ចេញ​សោះ។ ព្រោះ​ម្យ៉ាង​ទៀត មន្ត្រី​រដ្ឋាភិបាល ឬ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ពេល​ខ្លះ ប្រកាស​ធ្វើ​ដំណើរ​ទៅ​កាន់​វិហារ​នោះ​ ជា​លក្ខណៈឯកជន។

ចំណែក​ឯ​គំនិត ​ដែល​ខ្លះ​ស្នើ​សុំ​ឱ្យ​បង្កើត​ទីសក្ការៈសំខាន់​រំឮក​វិញ្ញណក្ខន្ធ​មួយ​ផ្សេង​ពី​យ៉ាស៊ូគូនី ខ្លះ​ចង់​ឱ្យ​ដក​​ឈ្មោះ​អតីត​មន្ត្រី​ជាន់ខ្ពស់​ជប៉ុន ជាប់​ទោស​ជា​ឧក្រិដ្ឋជន​សង្គ្រាម​ចេញ គ្មាន​មួយ​ណា​អាច​ទទួល​ការ​គាំទ្រ​សោះ​ ! ក្នុង​គ្រប់ករណីតែង​ត្រូវ​ជាប់គាំង ដោយ​មូលហេតុ​ ​​មនោគមន៍ ចិត្តសាស្រ្ត​ សាសនា​ វប្បធម៌​ប្រពែណី ឬ​ច្បាប់៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ