អានតួអត្ថបទ
ភូមា រ៉ូហ៊ីងយ៉ា កូវីដ១៩

ជនភៀសខ្លួន​​រ៉ូហ៊ីងយ៉ា បារម្ភ​ខ្លាច​ឆ្លង​កូវីដ១៩ ចូល​ក្នុង​ជំរំ​នៅក្រុង​ ស៊ីថ្វេ រដ្ឋរ៉ាឃីន​

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា នៅក្នុងរដ្ឋរ៉ាឃីន ភាគខាងលិចភូមា កំពុងព្រួយបារម្ភ ខ្លាចក្រែងជម្ងឺកូវីដ១៩ ឆ្លងចូលរាលដាល ដល់ក្នុងជំរំដែលមានមនុស្សរស់នៅកកកុញ។ ការព្រួយបារម្ភនេះ គឺបន្ទាប់ពី​មានដំណឹងថា កាលពីសប្តាហ៍កន្លងទៅ គេបានរកឃើញមានអ្នកឆ្លងកូវីដ១៩ ចំនួន​៤៨នាក់ នៅក្នុងទីក្រុង​ស៊ីថ្វេ ដែល​ជា​ទីប្រជុំ​ជនធំរបស់រដ្ឋរ៉ាឃីន។

រថយន្តនគរបាលភូមា ចតចាំតាមដានឃ្លាំមើល ការគោរពបទបញ្ជា ដើម្បីបង្កា​ការឆ្លងរាលដាល​ កូវីដ១៩ ក្នុងក្រុង​ស៊ីថ្វេ រដ្ឋរ៉ាឃីន។ ថ្ងៃទី​២៣ សីហា ២០២០
រថយន្តនគរបាលភូមា ចតចាំតាមដានឃ្លាំមើល ការគោរពបទបញ្ជា ដើម្បីបង្កា​ការឆ្លងរាលដាល​ កូវីដ១៩ ក្នុងក្រុង​ស៊ីថ្វេ រដ្ឋរ៉ាឃីន។ ថ្ងៃទី​២៣ សីហា ២០២០ AFP - -
ផ្សាយពាណិជ្ជកម្ម

យោងតាមអង្គការ Amnesty International មានជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ចំនួន​យ៉ាងហោច ១៣ម៉ឺននាក់ ដែលរស់នៅ​តាមជំរំបណ្តោះអាសន្ន ជាច្រើនកន្លែង ក្បែរក្រុងស៊ីថ្វេ ទីក្រុងធំរបស់​រដ្ឋរ៉ាឃីន។ លក្ខខណ្ឌរស់នៅរបស់​ប្រជាជនរ៉ូហ៊ីងយ៉ា ទាំងនោះ​ គឺស្ថិតនៅក្នុងភាពលំបាក តោកយ៉ាក វេទនាជាទីបំផុត។ ជម្ងឺកូវីដ១៩ កំពុងតែគម្រាម ជំរំជនភៀសខ្លួនទាំងនោះ គ្រប់ពេលវេលា។

ក្នុងសប្តាហ៍កន្លងទៅ អាជ្ញាធរសុខាភិបាល​ភូមា បានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន​៤៨នាក់ នៅក្នុងទីក្រុងស៊ីថ្វេ។ អាជ្ញាធរភូមា បានចុះទៅត្រួតពិនិត្យ នៅក្នុងជំរំមួយកន្លែង ឈ្មោះThae Chaung កាលពីសប្តាហ៍កន្លងទៅ ដើម្បីប្រាប់ពីវិធីបង្កា ដោយការរក្សាចំងាយពីគ្នា និងបាន​ចែកម៉ាស និងទឹកអាល់កុលលាងសំអាតដៃ ទៅ​ឲ្យ​ប្រជាជនរ៉ូហ៊ីងយ៉ា។ តែយ៉ាងណា វាជារឿងដែល​ពិបាកធ្វើណាស់ ព្រោះក្នុងជំរំខ្លះ មនុស្ស​១០គ្រួសារ រស់នៅជុំគ្នា ក្នុងផ្ទះខ្ទមតូចមួយក៏មាន។

ចាប់តាំងពីថ្ងៃសុក្រកន្លងទៅ អាជ្ញាធររដ្ឋរ៉ាឃីន បានចេញបញ្ជា ហាមឃាត់ការចេញដើរហើរពេលយប់ ហើយមធ្យោបាយធ្វើដំណើរសាធារណៈទាំងអស់​ត្រូវផ្អាក។ ថ្លែងប្រាប់អ្នកយកព័ត៌មានបារាំង AFP បុរសជនជាតិរ៉ូហ៊ីងយ៉ាម្នាក់ បានលើកឡើងថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា បានសំងំនៅក្នុងខ្ទមរៀងៗខ្លួន មិនហ៊ានចេញទៅ​ណា​ទេ ដោយខ្លាចទទួលការពិន័យ ពីអាជ្ញាធរភូមា។ លោកថា បើសិនជាគេតម្រូវឲ្យសំងំនៅក្នុងជំរំ​យូរតទៅទៀត នោះមានន័យថា ប្រជាជនរ៉ូហ៊ីងយ៉ា ពិតជាត្រូវការជំនួយស្បៀងអាហារ ជាចាំាបាច់បំផុត ពុំនោះទេនឹងដាច់ពោះស្លាប់មិនខាន។

លោក Hla Maung Oo ប្រធានជំរំ Mrauk-U ដែលមានអ្នកឆ្លងកូវីដ១៩ ចំនួន​៣នាក់នោះ បាន​ថ្អូញថ្អែរ​ថា ជនភៀសខ្លួនទាំងអស់ មិនដឹងជាត្រូវទៅរស់នៅឯណាទេ ព្រោះអាជ្ញាធរ​ភូមា បានហាមឃាត់ពួកគេ មិនឲ្យ​​ធ្វើដំណើរត្រលប់ទៅភូមិស្រុកវិញ។ លោកកំពុងបារម្ភថា ក្នុងករណីមានអ្នកឆ្លងកូវីដ១៩ក្នុងជំរំកាន់តែច្រើន អាជ្ញាធរភូមា អាច​នឹសម្រេច​បិទទ្វារជំរំ ហើយ​ផ្អាកការចែកជំនួយមនុស្សធម៌ស្បៀងអាហារ។

សូមបញ្ជាក់ថា ក្រៅពីជនជាតិរ៉ូហ៊ីងយ៉ា ប្រមាណ​១៣ម៉ឺននាក់ នៅតាមជំរំក្បែរក្រុងស៊ីថ្វេនេះ គឺមានជនរ៉ូហ៊ីងយ៉ា ប្រមាណ​៧៥ម៉ឺននាក់ផ្សេងទៀត ដែលកំពុងស្ថិតនៅក្នុងជំរំ ក្នុងតំបន់ Cox-Bazar ក្នុងទឹកដីបង់ក្លាដែស។ រហូតមកទល់ពេលនេះ នៅមិនទាន់មានដំណោះស្រាយជាក់ស្តែងណាមួយ​ ដើម្បីអនុញ្ញាតឲ្យ​ពួកគេ អាចត្រលប់ទៅភូមិស្រុកវិញនៅឡើយទេ។ អង្គការសហប្រជាជាតិ បានត្រឹមតែចាត់ទុកថា យោធាភូមា បានធ្វើសកម្មភាព​បោសសំអាត និងប្រល័យពូជសាសន៍ មកលើប្រជាជនរ៉ូហ៊ីងយ៉ា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ