អានតួអត្ថបទ
ថៃ

ថៃ ផ្អាក​ការទិញ​នាវាមុជទឹក​បាតសមុទ្រ​ពីចិន ចំនួន​​២គ្រឿង ​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​និង​ការ​​តវ៉ា

លោកប្រាយុទ្ធ ចានអូចា នាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីការពារជាតិផងនោះ បាន​បញ្ជាទៅ​កាន់កងទ័ពជើងទឹកថៃ ឲ្យ​ចរចាជាមួយភាគីចិន ដើម្បីផ្អាកការទិញនាវាមុជទឹកបាតសមុទ្រ ចំនួន​២គ្រឿង ដែលថែមានគម្រោងទិញពីចិន។ ការសម្រេចរបស់​លោក​នាយករដ្ឋមន្ត្រីថៃនេះ គឺបានធ្វើ​ បន្ទាប់ពីមានការរិះគន់ និងតវ៉ាពីសំណាក់ប្រជាជនថៃ ដែលធ្វើបាតុកម្ម ប៉ុន្មានសប្តាហ៍មកនេះ។ មិនត្រឹមតែប៉ុណ្ណោះ វិបត្តិកូវីដ​១៩ បានធ្វើឲ្យ​សេដ្ឋកិច្ចថៃ ត្រូវធ្លាក់ចុះជាខ្លាំង។

និស្សិតថៃ ធ្វើបាតុកម្មនៅខាងមុខ វិទ្យាស្ថានបច្ចេវិទ្យាព្រះចៅមង្គត់ ជាយក្រុងបាងកក ថ្ងៃទី​១៩ សីហា ២០២០
និស្សិតថៃ ធ្វើបាតុកម្មនៅខាងមុខ វិទ្យាស្ថានបច្ចេវិទ្យាព្រះចៅមង្គត់ ជាយក្រុងបាងកក ថ្ងៃទី​១៩ សីហា ២០២០ REUTERS - JORGE SILVA
ផ្សាយពាណិជ្ជកម្ម

លោក អានុឆា ប៊ូរ៉ាប៉ាឆៃស៊ី អ្នកនាំពាក្យ​រដ្ឋាភិបាលថៃ បានបញ្ជាក់ឲ្យដឹង នៅថ្ងៃទី​៣១សីហាថា លោក​នាយករដ្ឋមន្ត្រី ​ប្រាយុទ្ធ ចាន់អូចា បានប្រាប់ទៅ​កងទ័ពជើងទឹកថៃ ថាត្រូវចរចាជាមួយ​ភាគីចិន ដើម្បី​ពន្យារ​ពេល​ទិញ​នាវាមុជទឹកចិន២គ្រឿង យ៉ាងហោចចំនួន​១ឆ្នាំ។ អ្នកនាំពាក្យ​រូបនេះ បាន​បន្ថែមថា លោក​ប្រាយុទ្ធ ចាន់អូចា បានយល់និងដឹង ពីការបារម្ភរបស់ប្រជាជនថៃ​ ទាក់ទិនទៅនឹងបញ្ហាសេដ្ឋកិច្ច ដែលលំបាកខ្លាំងនាពេលនេះ ដោយសារតែកូវីដ១៩។

គួរបញ្ជាក់ថា ថៃគឺជាប្រទេសដំបូងគេ ដែលបានសម្រេច បញ្ជាទិញនាវាមុជទឹកបាតសមុទ្រ ផលិត​ដោយ​ចិន ចំនួន​៣គ្រឿង កាលពីឆ្នាំ២០១៥។ កិច្ចសន្យាទិញនាវាទី១ បានបិទបញ្ចប់សព្វគ្រប់ហើយ កាលពី​ឆ្នាំ២០១៧ ដោយភាគីចិន នឹងប្រគល់ឲ្យ​នៅ​ឆ្នាំ២០២៣។ ចំណែក​២គ្រឿងទៀត ដែលមានតម្លៃសរុប ប្រមាណ​៧២៤លានដុល្លារនោះ ទើបតែត្រូវបាន​អនុគណកម្មការសភាថៃ សម្រេចយល់ព្រមឲ្យ​ទិញ កាលពី​ដើមខែសីហានេះ។

តែយ៉ាងណា ការសម្រេចទិញនាវាមុជទឹកនេះ ត្រូវបានរងនូវការរិះគន់ជាខ្លាំង ពីសំណាក់ប្រជាជនថៃ ក៏ដូចជាអ្នកនយោបាយ និងអ្នកជំនាញវិភាគសង្គម។ មតិមួយចំនួន​បានលើកឡើងថា ថាថៃគ្មាន​អ្វីចាំបាច់ ត្រូវមាននាវាមុជទឹកបាតសមុទ្រទេ ព្រោះដែនសមុទ្រថៃក៏មិនសូវជាជ្រៅ ហើយ​មួយទៀត ថៃក៏មិនមានវិវាទដែនសមុទ្រចោទឡើង ដូចប្រទេសផ្សេងទៀតក្នុងតំបន់ឡើយ។

មួយវិញទៀត ការសម្រេចកាលពីដើមខែ​សីហា ឲ្យ​ទិញនាវាមុជទឹកបាទសមុទ្រ២គ្រឿងចុងក្រោយ នេះ គឺវាស្ថិតក្នុងកាលៈទេសៈមួយដែលថៃ កំពុងមានវិបត្តិសេដ្ឋកិច្ច​ធ្ងន់ធ្ងរ ដោយសារតែវិបត្តិ​កូវីដ​១៩។ នៅត្រីមាសទី២​ឆ្នាំ២០២០នេះ សេដ្ឋកិច្ចថៃ បានដើរថយក្រោយដល់ទៅ​១២,២%។

ជាងនេះទៀត មហាបាតុកម្មទាមទារលទ្ធិប្រជាធិបតេយ្យ កំពុងតែពុះកញ្ជ្រោលខ្លាំង ជាច្រើនសប្តាហ៍មកហើយ ដោយបាតុករ ភាគច្រើនជាសិស្សនិស្សិតយុវជនថៃ បានទាមទារឲ្យ​ធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ ស្តារលទ្ធិប្រជាធិបតេយ្យ និង​កាត់បន្ថយ​អំណាចឥទ្ធិពល​របស់ស្ថាប័ន​ព្រះមហាក្សត្រ។ ការបោះបង់​ចោល​គម្រោង​ទិញនាវាមុជទឹកចិន ក៏ជាចំណុចទាមទារមួយ របស់​បាតុករដែរ។ នៅលើបណ្តាញសង្គម ក្រុមអ្នកតវ៉ារិះគន់ បានចែកចាយឃ្លាថា « ប្រជាជនថៃ មិនត្រូវការ​នាវាមុជ​ទឹកបាតសមុទ្រទេ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ