អានតួអត្ថបទ
បរិស្ថាន

នាវាដឹក​ប្រេង ដែលឆេះ​ក្នុង​មហាសមុទ្រ​ឥណ្ឌា ត្រូវបាន​ពន្លត់ និង​សណ្តោង​យកទៅ​ទឹកជ្រៅ

នាវាដឹកប្រេង មួយគ្រឿងបានជួបគ្រោះអគ្គីភ័យ នៅក្នុងមហាសមុទ្រឥណ្ឌា មិនឆ្ងាយប៉ុន្មានពី​ស្រីលង្កា កាលពីថ្ងៃសុក្រទី​៤កញ្ញា។ ភ្លាមនោះ មានការព្រួយបារម្ភជាខ្លាំង អំពីគ្រោះថ្នាក់ អាច​ធ្លាយប្រេងឆៅរាប់សែនតោន ទៅក្នុងសមុទ្រ។ ប៉ុន្តែយោងតាមការអះអាង របស់កងទ័ពជើងទឹក​ស្រីលង្កា និងឆ្មាំសមុទ្រឥណ្ឌា គឺគេបានពន្លត់អគ្គីភ័យលើនាវានោះហើយ និងបាន​អូសសណ្តោងវាយកទៅទឹកជ្រៅ ដើម្បីបញ្ចៀសកុំឲ្យកឿងក្រឡាប់លិច។

កងទ័ពជើងទឹកស្រីលង្ការ កំពុង​ព្យាយាម​ពន្លត់​ភ្លើង ដែលឆេះ​នាវា New Diamond ដែលដឹកប្រេងឆៅ​ប្រមាណ​២លានធុងបារីល ។ ថ្ងៃទី​ ៤ កញ្ញា ២០២០
កងទ័ពជើងទឹកស្រីលង្ការ កំពុង​ព្យាយាម​ពន្លត់​ភ្លើង ដែលឆេះ​នាវា New Diamond ដែលដឹកប្រេងឆៅ​ប្រមាណ​២លានធុងបារីល ។ ថ្ងៃទី​ ៤ កញ្ញា ២០២០ via REUTERS - Sri Lankan Airforce
ផ្សាយពាណិជ្ជកម្ម

ឆ្មាំសមុទ្រឥណ្ឌា និងកងទ័ពជើងទឹកស្រីលង្កា បាន​បញ្ជាក់នៅថ្ងៃទី​៥កញ្ញាថា អគ្គីភ័យលើនាវាដឹកប្រេង ត្រូវបានពន្លត់បានហើយ ហើយគេ​បាន​អូសសណ្តោងនាវានោះ យកទៅឆ្ងាយប្រមាណ​៦០គីឡូម៉ែត្រ ពីឆ្នេរស្រីលង្កា ដើម្បីឲ្យវាស្ថិតនៅក្នុងតំបន់ទឹកជ្រៅ។ កងទ័ពជើងទឹកស្រីលង្កា អះអាងថា គេមិនបានរកឃើញ​ ថាមានប្រេងឆៅ លិចធ្លាយ​ពីនាវា ចូលក្នុង​សមុទ្រទេ។

សូមបញ្ជាក់ថា នាវាដឹកប្រេង​ New Diamond ដោតទង់ប៉ាណាម៉ា ជាកម្មសិទ្ធិរបស់ ក្រុមហ៊ុន Porto Emporios Shipping Inc ចុះបញ្ជីនៅប្រទេសលីបេរីយ៉ា។ នាវាប្រវែង៣៣០ម៉ែត្រនេះ មានផ្ទុកប្រេងឆៅ ចំនួន​២៧០០០០តោន និងប្រេងម៉ាស៊ូតចំនួន ១៧០០តោន។ នាវានេះ បានហៅជំនួយបន្ទាន់ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានហេតុការណ៍ ផ្ទុះនៅក្នុងបន្ទប់ម៉ាស៊ីន ហើយបានបណ្តាល​ឲ្យស្លាប់​នាវិក​ជនជាតិ​ហ្វីលីពីន​ម្នាក់។ នាវិករបួសធ្ងន់ម្នាក់ និងនាវិក​២១នាក់ផ្សេងទៀត ត្រូវបានក្រុមសង្រ្គោះ ដឹកតាមឧត្ថម្ភាគចក្រយកទៅស្រីលង្កា។

យ៉ាងណាក៏ដោយ សម្រាប់ពេលនេះ គេនៅតែមានការបារម្ភ ជាពិសេស ពីសំណាក់ អាជ្ញាធរប្រទេសម៉ាល់ឌីវ ដែលខ្លាចថា នាវាដែលរងការខូចខាតខ្លាំង ដោយការផ្ទុះនឹងអគ្គីភ័យនេះ អាចនឹងធ្លាយ ឬបាក់លិចក្នុងសមុទ្រ នាំឲ្យធ្លាយ​ប្រេងឆៅជិត៣សែនតោននោះ​ ទៅក្នុងសមុទ្រ។​ លោក​ស្រី​នាយកទីភ្នាក់ងារ​ស្រីលង្កា ដើម្បីបរិស្ថានសមុទ្រ​ បានលើកឡើងថា បើនាវានេះបាក់ ធ្វើឲ្យធ្លាយប្រេងចូលសមុទ្រ នោះវាពិតជា​គ្រោះថ្នាក់មួយដ៏ធំបំផុត ដល់បរិស្ថានធម្មជាតិ។ លោកស្រីលើកឡើងថា អាជ្ញាធរស្រីលង្កា ពុំមានលទ្ធភាព និងសមត្ថភាព ដើម្បីទប់ទល់ទេ បើសិនជាមានរឿងដូច្នោះមែន។

ដោយឡែក នាយកមជ្ឈមណ្ឌលត្រួតពិនិត្យ​គ្រោះថ្នាក់​សមុទ្រ​របស់​ស្រីលង្កា បានប្រាប់អ្នកយកព័ត៌មានបារាំងថា ស្ថានការណ៍ មិនសូវជា​ធ្ងន់ធ្ងរ និងបន្ទាន់ខ្លាំង ដូចអ្វីដែលគេព្រួយបារម្ភទេ។ សម្រាប់ពេលនេះ គឺមិនទាន់មានគ្រោះថ្នាក់បន្ទាន់ឡើយ ព្រោះ​ភ្លើងមិនបានឆាបឆេះ ទៅដល់ទីតាំងស្តុកប្រេងឆៅ ក្នុងនាវាទេ​។ មន្ត្រីស្រីលង្ការូបនេះអះអាងថា អាជ្ញាធរមានគម្រោង ផ្ទេរប្រេងឆៅនិងប្រេងម៉ាស៊ូត ទាំងអស់ ទៅកាន់នាវាមួយទៀត ក្នុងករណីចាំបាច់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ