អានតួអត្ថបទ
ថៃ-នយោបាយ

ផ្លាកប្រជាជន ដែល​បាតុករ​ថៃ​បាន​ដាក់ ត្រូវ​បាន​នគរបាល​ថៃ ដកចេញ​ដើម្បី​ធ្វើ​ជា​​ភស្តុតាង​ដាក់​ពាក្យ​ប្តឹង

កាលពីថ្ងៃអាទិត្យ ទី២០កញ្ញាកន្លងទៅ ក្រុមបាតុករយុវជនថៃ បានរួមគ្នា​ចាក់ស៊ីម៉ង់ ដាក់តាំង « ផ្លាកប្រជាជន » នៅទីលានសាណាមហ្លួង ក្បែរព្រះបរមរាជវាំងក្រុងបាងកក។ នៅលើផ្លាកនោះ​ មានចារ្យអក្សរថា ប្រទេសថៃជារបស់​ប្រជាជនថៃ មិនមែនជាកម្មសិទ្ធិផ្តាច់មុខ របស់ព្រះមហាក្សត្រទេ។ តែកាលពីថ្ងៃចន្ទទី​២១កញ្ញា​ ផ្លាកនេះ ត្រូវបានសមត្ថកិច្ចនគរបាលថៃ គាស់ចេញវិញ និងបាន​អះអាងថា យកទៅទុកធ្វើជាភស្តុតាង ដើម្បីប្តឹងចាប់បាតុករដែលធ្វើសកម្មភាព​នេះ ដោយគ្មានការអនុញ្ញាត។

​បុរសម្នាក់ឈរថតរូប នៅទីតាំង ផ្លាកប្រជាជន ដែលបាតុករថៃ បានចាក់ស៊ីម៉ង់ដាក់តាំងកាលពីថ្ងៃអាទិត្យទី​២០កញ្ញា តែត្រូវបាននគរបាលថៃ គាស់ដកចេញវិញ នៅថ្ងៃចន្ទ ទី២១កញ្ញា២០២០។
​បុរសម្នាក់ឈរថតរូប នៅទីតាំង ផ្លាកប្រជាជន ដែលបាតុករថៃ បានចាក់ស៊ីម៉ង់ដាក់តាំងកាលពីថ្ងៃអាទិត្យទី​២០កញ្ញា តែត្រូវបាននគរបាលថៃ គាស់ដកចេញវិញ នៅថ្ងៃចន្ទ ទី២១កញ្ញា២០២០។ REUTERS - SOE ZEYA TUN
ផ្សាយពាណិជ្ជកម្ម

ស៊ីម៉ង់ត៍ មិនទាន់រឹងស្រួលបួលផង « ផ្លាកប្រជាជន » ដែល​យុវជនបាតុករថៃ បានដាក់វានៅលើទីលាន​សាណាមហ្លួង ត្រូវបានគាស់ចេញវិញហើយ។ លោក ជីរ៉ាផាត់ ភូមិជីត អ្នកនាំពាក្យស្នងការនគរបាលក្រុងបាងកក បាន​ប្រាប់អ្នកយកព័ត៌មានបារាំងថា សមត្ថកិច្ចនគរបាល បានគាស់យកផ្លាកនេះទៅទុក​ ដើម្បីធ្វើជាភស្តុតាង នៅក្នុងការប្តឹងទៅតុលាការ ព្រោះក្រុមមនុស្ស​ដែលបាន ចាក់ស៊ីម៉ង់ដាក់តាំងផ្លាកនេះ គឺធ្វើដោយគ្មានការអនុញ្ញាត ព្រោះទីតាំងនោះជាទីទាំងប្រវត្តិសាស្ត្រ។

អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា អតីតសកម្មជននយោបាយរាជានិយមថៃម្នាក់ ក៏បានដាក់ពាក្យ​ប្តឹងផងដែរ ទៅលើ​មេចលនាបាតុកម្មចំនួន​៣នាក់ ដោយយោងទៅលើច្បាប់ប្រឆាំងនឹងការប្រមាថ ព្រះចេស្តាព្រះមហាក្សត្រ។ ជនជាប់ចោទអាចប្រឈមនឹងទោស​ ជាប់ពន្ធនាគារ រយៈពេល​១៧ឆ្នាំ។

សូមរំលឹកថា កាលពីចុងសប្តាហ៍កន្លងទៅ យុវជនថៃ​ជាច្រើនម៉ឺននាក់ ដោយមានការការចូលរួមគាំទ្រ ពីក្រុមអាវក្រហមថៃផងនោះ បានជួបជុំគ្នាធ្វើបាតុកម្ម ទាមទារលទ្ធិប្រជាធិបតេយ្យ ធ្វើកំណែទំរង់រដ្ឋធម្មនុញ្ញ និងធ្វើកំណែទម្រង់ស្ថាប័នព្រះមហាក្សត្រ។ នៅថ្ងៃអាទិត្យ​ ក្រុមបាតុករ បានចាក់ស៊ីម៉ង់ត៍ ដាក់តាំង​ផ្លាកប្រជាជន នៅលើទីលាន​សាណាមហ្លួង ដែលនៅលើផ្លាកនោះ មានចារអក្សរថា៖ ប្រទេសថៃ​ជារបស់ប្រជាជនថៃ មិនមែនជាកម្មសិទ្ធិផ្តាច់មុខ របស់​ព្រះមហាក្សត្រទេ

គួរកត់សំគាល់ថា ការដែលក្រុមបាតុករ បាន​ដាក់ផ្លាកប្រជាជន ជាមួយនឹងចំណារបែបនេះ គឺជាការពើងទ្រូង ដ៏ក្លាហាន ហ៊ាន​តតាំងនឹងស្ថាប័នព្រះមហាក្សត្រថៃ ដែលនេះគឺជារឿងដ៏កម្រងបំផុត។ តែយ៉ាណា ការដែលនគរបាល​បានចុះមកគាស់ផ្លាកនេះចេញវិញ នៅថ្ងៃបន្ទាប់ គឺ​ជាសញ្ញបង្ហាញថា ស្ថាប័នព្រះមហាក្សត្រ មិនចុះចាញ់ឡើយ។ លោកស្រី Christine Cabasset អ្នកស្រាវជ្រាវនៅវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍ នៅក្រុងបាងកក បានលើកឡើងថា ក្រុមអ្នកមានអំណាច ដែលស្និទនឹងរបបយោធា ព្រមទាំងព្រះបរមរាជវាំង ទំនងប្រហែលជាមិនចុះញ៉ម និងកម្លាំងតវ៉ារបស់ប្រជាជនថៃទេ។

ដោយឡែក លោកផារីត ជីរ៉ារ៉ាក់ មេចលនាយុវជន បានអះអាងថា ទោះសមត្ថកិច្ចដកផ្លាកប្រជាជនចេញវិញ ក៏វាមិនប៉ះពាល់ ដល់កម្លាំងនៃ​ការតវ៉ារបស់យុវជនថៃ ដែលស្រេកឃ្លានចង់បានប្រជាធិបតេយ្យដែរ។ លោកបន្ថែមថា ក្រុមយុវជន នឹងផលិតគំរូផ្លាកនេះឲ្យ​បានច្រើន ហើយចែកគ្រប់គ្នា យកទៅដាក់នៅគ្រប់ទីកន្លែង ទូទាំងប្រទេសថៃ។ នៅថ្ងៃព្រហស្បតិ៍ទី​២៤កញ្ញា នឹងមានបាតុកម្មធំមួយទៀតនៅបាងកក ហើយនៅថ្ងៃទី​១៤តុលា នឹងមានមហាបាតុកម្មធំទូទាំងប្រទេសតែម្តង។ ដោយឡែក នៅលើបណ្តាញសង្គម Twitter វិញ សារទាមទារឲ្យរំលាយមាត្រា១១២ ស្តីពីទោស​ប្រមាថព្រះចេស្តាព្រះមហាក្សត្រ #abolish 112  ត្រូវគេចែកចាយខ្លាំងជាងគេបំផុត នៅថៃ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ