អានតួអត្ថបទ
ចិន

ផែនការ​សេដ្ឋកិច្ច​៥ឆ្នាំ​ខាង​មុខរបស់​ចិន​​ នឹង​មិន​សូវ​មាន​មហិច្ឆតា

កំណើន​សេដ្ឋកិច្ច​ចិន​សម្រាប់​រយៈ​ពេល​៥​ខាង​មុខ ពោលគឺ​ពីឆ្នាំ​ ២០២១-២០២៥ នឹង​ត្រូវ​ទាប​ជាង​ផែនការ​ឆ្នាំ​២០១៦-២០២០។ ចិន​មិន​អាច​កំណត់​កម្មវត្ថុ​បាន​ខ្ពស់ និ​ង​មាន​មហិច្ឆតា​ខ្លាំង​បាន​ទេ​​ ព្រោះ​ចិន​កំពុង​ជួប​ឧសបគ្គ​ធំ​ៗ មានអាទិ៍​សង្គ្រាម​ពាណិជ្ជកម្ម​​ជាមួយ​សហរដ្ឋ​អាមេរិក។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ជា​ច្រើន​ដែល​Reuters ទទួល​បាន។

ចិន​គ្រោង​បញ្ចុះ​មហិច្ឆតា​សេដ្ឋកិច្ច​ក្នុង​ផែនការ​៥​ឆ្នាំ​ខាង​មុខ
ចិន​គ្រោង​បញ្ចុះ​មហិច្ឆតា​សេដ្ឋកិច្ច​ក្នុង​ផែនការ​៥​ឆ្នាំ​ខាង​មុខ AFP/File
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង និង​មេដឹកនាំ​គ្រាក់ៗ​ចិន​ផ្សេង​ទៀត ត្រូវ​ពិចារណា​និង​អនុម័ត​ផែនការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម​ ឆ្នាំ​២០២១-២០២៥​ នៅ​ក្នុងជំនួប​ប្រជុំ​បក្ស​កុម្មុយនិស្ត​ចិន​នា​​ខែ​តុលា​នេះ។

ក្នុង​នាម​ជា​មហាអំណាច​សេដ្ឋកិច្ច​ទីពីរ​របស់​ពិភពលោក ចិន​ត្រូវ​កំណត់​កម្មវត្ថុ​សេដ្ឋកិច្ច​​ តាម​គន្លង​ តែ​ផែនការ​៥​ឆ្នាំ​ខាង​មុខ​ នឹង​​មាន​លក្ខណៈ​ស្រទន់​ និង​ពុំ​សូវ​មាន​មហិច្ឆតា​ខ្ពស់ ដូច​ផែនការ​៥​ឆ្នាំ (២០១៦-២០២០)​មុន​ទេ។ នៅក្នុង​ផែនការទី​១៣​ ដែល​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០២០​នេះ ចិន​គ្រោង​បំបោង​សកម្មភាព​ដើម្បី​មាន​កំណើន​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​ជា​មធ្យម​៦,៥%​ឯណោះ។ ប៉ុន្តែ​សម្រាប់​ផែនការ​៥​ឆ្នាំ ខាង​មុខ ក្រុមការងារនិង​ អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ប៉េកាំង កំណត់​កម្មវត្ថុ​នៃ​កំណើន​សេដ្ឋកិច្ច​ត្រឹម ​៥%​ ជា​មធ្យម​បាន​ហើយ ពោល​គឺ​ចន្លោះ​ពី​៥ទៅ​៥,៥% ឬ​៥ទៅ៦%។

ទីប្រឹក្សា​រដ្ឋាភិបាល​ខ្លះ​ទៀត​បាន​ថែម​ទាំងយល់​ថា ចិន​គួរ​តែ​បិទ​បញ្ចប់​ការ​រៀប​ផែនការ​កំណត់​កម្មវត្ថុ​សេដ្ឋកិច្ច​​ទៅ ដើម្បី​លើកទឹក​ចិត្ត​ឱ្យ​មាន​ការ​វិនិយោគ​ច្រើន​ឡើង​ និង​លែង​រំពឹង​តែ​លើ​វិធានកា​រ​ផ្តល់​សន្ទុះ​​ដែល​បង្កើន​បំណុល។

កាលពី​ខែ​ឧសភា ដោយ​ហេតុ​តែ​វិបត្តិកូរ៉ូណាវីរុស ជា​លើក​ទី​មួយ​ចិន​​មិន​បាន​ដាក់​ផែនការ​សេដ្ឋកិច្ច​​ទេ ក្នុង​សម័យ​ប្រជុំ​សភា​ចិន​ ប៉ុន្តែ​សេដ្ឋវិទូ​មួយ​ចំនួន​សង្ស័យ​ថារដ្ឋាភិបាល​ បាន​កំណត់កម្មវត្ថុ​​ដោយ​ប្រយោល​ រក្សា​កំណើន​សេដ្ឋកិច្ច​ត្រឹម​៣%។

​សម្រាប់​អ្នក​ជំនាញ​ ផែនការ​៥​ឆ្នាំ​លើក​ទី​​១៤​នេះ ត្រូវ​សម្រេច​ដោយ​ទស្សនៈ​វិស័យ​យុទ្ធសាស្ត្រ​​ ព្រោះ​ពេល​នេះ​ចិន​​កំពុង​​ប្រឈម​នឹង​ឧសបគ្គ​​​ច្រើន ផ្តើម​ដោយ​សម្ពាធ​តាម​តឹង​ជាមួយ​សហរដ្ឋ​អាមេរិក លើវិស័យ​ពាណិជ្ជកម្ម​ផង បច្ចេកវិទ្យា​ផង និង​ក្នុង​វិស័យ​ផ្សេង​ទៀត​ជា​ច្រើន។​

​ផែនការ​​នេះ នឹង​ត្រូវ​​ទម្លាយ​ឱ្យ​ដឹង​នៅ​ដើម​ឆ្នាំ​២០២១ ក្នុង​សម័យ​ប្រជុំ​សភា​ប្រជាជន​ចិន​ប្រចាំ​ឆ្នាំ។ ឯកម្មវត្ថុ​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​​២០២១​នឹង​ត្រូវ​សម្រេច​នៅ​ខែ​ធ្នូ។

សូមបញ្ជាក់​ថា ​បើ​តាម​អ្នក​វិភាគ​ ​នៅ​ឆ្នាំ​២០២០​នេះ ផលិតផល​សរុប​ក្នុង​ចិន​មានកំណើន​តែ​២ទៅ​៣%​ប៉ុណ្ណោះ ពោល​គឺ​ទាប​បំផុត​មិន​ធ្លាប់​មាន​ទេ តាំង​ពី​ឆ្នាំ​១៩៧៦​មក។ នៅ​ឆ្នាំ​២០២១​ សន្ទុះ​នឹង​អាច​ឡើង​ខ្លាំង​ដល់​៧% ប៉ុន្តែ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រក​កំណើន​បែប​យឺតៗ​ ជាង​មុន ព្រោះ​ សេដ្ឋកិច្ច​ចិន​ក៏​ចាស់​ជាង​ទុំ​ជាងមុនផង ពលរដ្ឋ​​​ចាស់ទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ