អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តៃវ៉ាន់សំខាន់ប៉ុណ្ណាទើបចិនក្តោបជាប់មិនលែងទោះត្រូវប្រថុយនឹងសង្រ្គាម?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​មួយរយៈកាល​ចុងក្រោយ​នេះ គេ​សង្កេតឃើញ​ភាពតានតឹង រវាង​ចិន និង​តៃវ៉ាន់ បាន​កើនឡើង​យ៉ាងខ្លាំង​គួរ​ឲ្យ​កត់សម្គាល់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​ព្រួយបារម្ភ​ខ្លាច​មាន​ការរាលដាល​ទៅ​ជា​ការប្រឈមមុខដាក់​គ្នា​ខាង​យោធា រវាង​មហាអំណាច​ទាំងពីរ គឺ​ចិន និង​អាមេរិក។ តើ​តៃវ៉ាន់​មាន​សារៈសំខាន់​ប៉ុណ្ណា​សម្រាប់​ចិន ? ​ហេតុអ្វី​បាន​ជា​ចិន​ចចេស​​ចង់​ក្តោប​យកតៃវ៉ាន់​មិនលែង បើ​ទោះជា​ត្រូវ​ប្រឈម​នឹង​សង្គ្រាម​ជាមួយ​អាមេរិក​បែបនេះ?

រូបថតចេញផ្សាយ​ដោយក្រសួងការពារជាតិ​តៃវ៉ាន់ បង្ហាញ​ពី​យន្តហោះចម្បាំង​តៃវ៉ាន់​ហោះស្ទាក់​យន្តហោះ​ទម្លាក់​គ្រាប់បែក​ចិន ដែល​ហោះក្បែរ​តៃវ៉ាន់
រូបថតចេញផ្សាយ​ដោយក្រសួងការពារជាតិ​តៃវ៉ាន់ បង្ហាញ​ពី​យន្តហោះចម្បាំង​តៃវ៉ាន់​ហោះស្ទាក់​យន្តហោះ​ទម្លាក់​គ្រាប់បែក​ចិន ដែល​ហោះក្បែរ​តៃវ៉ាន់ AP
ផ្សាយពាណិជ្ជកម្ម

ជាទូទៅ យើងឃើញ​ថា ការ​ផ្តាច់ទឹកដី​ទៅ​បង្កើត​រដ្ឋឯករាជ្យ គឺតែងតែ​ជា​បញ្ហា​រសើប​សម្រាប់​គ្រប់ប្រទេស​ទាំងអស់ មិនថាចិន ឬ​ក៏​ប្រទេសណាមួយផ្សេងទៀតនោះទេ។ ក៏ប៉ុន្តែ ក្នុងករណី​តៃវ៉ាន់ ដែល​នៅ​ក្នុង​ការពិត​ជាក់ស្តែង​ជា​ប្រទេស​មួយ​ដាច់ពីចិន​អស់រយៈពេល​ជាង​ ៧០ឆ្នាំមកហើយ​នោះ តែ​ចិន​នៅតែ​មិន​ព្រម​ឲ្យ​របូត​ពីដៃ គឺ​ដោយសារ​តែ​សម្រាប់​របបដឹកនាំ​ក្រុង​ប៉េកាំង តៃវ៉ាន់​មាន​សារៈសំខាន់​ខ្លាំង សំខាន់ទាំង​ខាង​ចំណង​ប្រវត្តិសាស្រ្ត សំខាន់ទាំង​ខាង​ផ្នែក​ភូមិសាស្រ្ត​នយោបាយ​បច្ចុប្បន្ន។

និយាយពី​ប្រវត្តិសាស្រ្ត តៃវ៉ាន់​មិនត្រឹមតែ​ធ្លាប់​ជា​ដែនដី​មួយ​របស់​ចិន​នោះទេ ក៏ប៉ុន្តែ រឹតតែ​សំខាន់ជាងនេះ​ទៅទៀត តៃវ៉ាន់​​គឺ​ជា​អ្នក​ស្នង​របប​សាធារណរដ្ឋ​ចិន ដែល​​ធ្លាប់​ជា​អ្នក​កាន់អំណាច​នៅ​ចិន ចាប់​តាំង​ពី​ក្រោយ​ការ​ធ្វើ​បដិវត្តន៍​ផ្តួលរំលំ​របបរាជានិយម នៅ​ឆ្នាំ១៩១១ ហើយ​ក្រោយ​មក​ បាន​ក្លាយ​ជា​​គូសត្រូវ​ដ៏​ធំ​មួយ​របស់​បក្ស​កុម្មុយនិស្ត​ចិន នៅ​ក្នុង​អំឡុង​សង្រ្គាម​ស៊ីវិល ពីឆ្នាំ១៩២៧ ដល់​ឆ្នាំ១៩៤៩។

នៅ​ឆ្នាំ១៩៤៩ បក្ស​កុម្មុយនិស្ត​ចិន​បាន​ទទួល​ជោគជ័យ​ ឡើងកាន់អំណាច​នៅចិន ចំណែក​រដ្ឋាភិបាល​សាធារណរដ្ឋ​ចិន​វិញ​បាន​រត់​គេចខ្លួន​ទៅបោះទីតាំង​នៅ​​កោះតៃវ៉ាន់ ក៏ប៉ុន្តែ នៅតែ​បន្ត​ប្រកាស​តាំងខ្លួន​ជា​រដ្ឋាភិបាល​ស្របច្បាប់​របស់​ចិន​ដដែល។

នៅពេលនោះ បក្ស​កុម្មុយនិស្ត​ចិន​បានកាន់កាប់​អំណាច​​ក៏​ពិតមែន ក៏ប៉ុន្តែ សង្រ្គាមស៊ីវិល​នៅតែមិនទាន់​បញ្ចប់ ហើយ​នៅ​ក្នុង​ឆាក​អន្តរជាតិ ​ត្រូវមានចិន​​ដល់​ទៅ​ពីរ គឺ​សាធារណរដ្ឋ​ប្រជាមានិតចិន នៅ​​ចិន​ដីគោក និង​សាធារណរដ្ឋ​ចិន នៅ​កោះតៃវ៉ាន់ ដោយ​ម្ខាងៗ​សុទ្ធតែ​ប្រកាស​​​តាំងខ្លួន​ជា​រដ្ឋាភិបាល​ស្របច្បាប់​តែមួយគត់​របស់​ចិន​ទាំងមូល។

អ្វីដែល​ធ្វើ​ឲ្យ​បក្ស​កុម្មុយនិស្ត​ចិន​កាន់តែ​អាម៉ាស់​ទៅទៀត គឺ​នៅត្រង់ថា បើ​ទោះបីជា​បាន​ជោគជ័យ​កាន់អំណាច​​គ្រប់គ្រង​ដែនដី​ស្ទើរតែ​ទាំងមូល​ហើយ​ក៏ដោយ ក៏ប៉ុន្តែ សាធារណរដ្ឋចិន នៅតែ​ទទួល​បាន​នូវការ​ទទួលស្គាល់​តាមផ្លូវការទូត ដោយ​បណ្តា​ប្រទេស​ភាគច្រើន ហើយ​ពិសេស​ជាងនេះ​ទៅទៀត អាសនៈ​ចិន​នៅ​ឯអង្គការ​សហប្រជាជាតិ រួមទាំង​អាសនៈ​ជា​សមាជិក​អចិន្រ្តៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ផង ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​កាន់កាប់​របស់​តៃវ៉ាន់ រហូត​ទាល់តែ​ដល់​ឆ្នាំ១៩៧១ ទើប​អាសនៈ​ទាំងនេះ ត្រូវ​បាន​គេ​ប្រគល់​មក​ឲ្យ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​វិញ។

ដូច្នេះ គេ​អាច​និយាយ​បាន​ថា ជម្លោះ រវាង​ចិន និង​តៃវ៉ាន់ ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺ​ជា​ការ​អូសបន្លាយ​នៃ​សង្រ្គាម​ស៊ីវិល តាំង​ពី​ជាង ៧០ឆ្នាំមុន។ សង្រ្គាម​ស៊ីវិល ដែល​​បើ​និយាយ​ទៅតាមលក្ខណៈ​បច្ចេកទេស នៅមិនទាន់​បញ្ចប់​ជា​ស្ថាពរ​នៅឡើយ ដោយសារ​តែ​មិនមាន​ការ​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព ឬ​បទឈប់​បាញ់​ រវាង​​ភាគី​ជម្លោះ​ទាំងពីរ។

សម្រាប់​បក្ស​កុម្មុយនិស្ត​ចិន តៃវ៉ាន់​គឺប្រៀប​ដូចជា​សង្រ្គាម​បដិវត្តន៍​ដែល​មិនទាន់​ចប់ចុងចប់​ដើម ហើយឯករាជ្យ​របស់​តៃវ៉ាន់ គឺ​ជា​រឿង​ដ៏រសើបបំផុត ដែល​អាច​ធ្វើ​ឲ្យរង្គោះរង្គើ​ទៅដល់​គ្រឹះនៃ​អំណាច​របស់​មេដឹកនាំ​ក្រុងប៉េកាំង។

បន្ថែម​ពីលើ​នេះ​ទៅទៀត បើ​មើ​លទៅ​លើ​ស្ថានភាព​ភូមិសាស្រ្ត​នយោបាយ​បច្ចុប្បន្ន ការទុក​បណ្តោយ​ឲ្យ​តៃវ៉ាន់​ក្លាយ​ជា​រដ្ឋ​ឯករាជ្យ​ពេញទី ក៏​អាច​នឹង​បង្ក​ជា​បញ្ហា​ប្រឈ​ម​ខាង​យុទ្ធសាស្រ្ត​​ដ៏​ធ្ងន់ធ្ងរ​មួយ​ផងដែរ សម្រាប់​​​ចិន។

តៃវ៉ាន់​ គឺ​ជា​កោះ ដែល​ស្ថិត​នៅ​កៀក​នឹង​ចិន​បំផុត ដោយ​ត្រូវ​ពុះចែក​​​ដោយ​ច្រកសមុទ្រ ចម្ងាយ​ត្រឹមតែ​ប្រមាណ​ជា ១៣០គីឡូម៉ែត្រ​​ប៉ុណ្ណោះ​ពី​គ្នា។ លើសពីនេះ​ទៅទៀត តៃវ៉ាន់​ គឺ​ជា​សម្ព័ន្ធមិត្ត​ចាស់ឆ្នាំ​របស់​សហរដ្ឋ​អាមេរិក។

យើង​ដឹងថា ក្រោយ​ការឡើងកាន់អំណាច​របស់​បក្ស​កុម្មុយនិស្ត​ចិន នៅ​ឆ្នាំ១៩៤៩ សហរដ្ឋ​អាមេរិក​នៅតែ​បន្ត​ទទួលស្គាល់​សាធារណរដ្ឋ​ចិន ឬ​តៃវ៉ាន់​ថា​ជា​រដ្ឋាភិបាល​ស្របច្បាប់​របស់​ចិន រហូត​ទាល់តែ​ដល់​ឆ្នាំ១៩៧៩ ទើប​ផ្លាស់ប្តូរ​មក​ទទួលស្គាល់​ចិនដីគោកវិញ ក៏ប៉ុន្តែ បើទោះបីជា​យ៉ាងនេះ​ក៏ដោយ អាមេរិក​​នៅតែ​បន្ត​ចេញមុខ​ការពារតៃវ៉ាន់ និង​បំពាក់​អាវុធ​ឲ្យ​តៃវ៉ាន់ រហូត​មកទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ។

ដូច្នេះ សម្រាប់​ចិន ដែល​កំពុងតែ​ក្លាយ​ទៅជា​មហាអំណាច​ជាគូប្រជែង​ដ៏​ចម្បង​មួយ​របស់​សហរដ្ឋ​អាមេរិក​សព្វថ្ងៃ​នេះ តៃវ៉ាន់​ជា​រដ្ឋ​ឯករាជ្យ​ពេញលេញ ហើយ​​ជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក នឹង​ត្រូវ​ក្លាយ​ទៅជា​ការ​គំរាមកំហែង​ដ៏​ធ្ងន់ធ្ងរ​មួយ សម្រាប់​សន្តិសុខជាតិចិន ពីព្រោះ​ថា តៃវ៉ាន់​​អាច​នឹង​ត្រូវ​ក្លាយ​ទៅជា​ទីតាំង ដែល​គូប្រជែង​របស់​ចិន​យក​ទៅប្រើ ដើម្បី​ធ្វើ​ជា​មូលដ្ឋាន​ទ័ព មក​ឡោមព័ទ្ធចិន។

ហេតុផល​ចម្បងៗ​ទាំងនេះ​ហើយ ដែល​ធ្វើ​ឲ្យ​ចិ​ន ​តែងតែ​ការពារ​ដាច់ខាត់​នូវ​នយោបាយ “ចិនមួយ” ដែល​កំណត់​ថា តៃវ៉ាន់ គឺ​ជាដែនដី​មួយ​របស់​ចិន ​ហើយ​តែងតែ​ប្រកាន់ជំហរ​យ៉ាងមុតមាំ ប្រឆាំង​ដាច់ខាត​មិន​ឲ្យ​តៃវ៉ាន់​ប្រកាស​ឯករាជ្យ។

តាមការពិត កន្លងមក គេ​សង្កេតឃើញ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ហាក់​ដូចជា​មិន​សូវ​ផ្តោត​អាទិភាព​ខ្លាំង​លើ​ការ​​ដណ្តើម​យក​តៃវ៉ាន់​មក​គ្រប់គ្រង​វិញ​នោះទេ ដោយ​​​សុខចិត្ត​ទទួល​ឲ្យ​តៃវ៉ាន់​ស្ថិត​ក្នុង​ស្ថានភាព​បច្ចុប្បន្ន គឺ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​រដ្ឋអំណាច​មួយ​ដាច់ដោយឡែក​ពីចិន ដោយ​គ្រាន់តែ​មិន​ប្រកាស​ឯករាជ្យផ្លូវការ។ ក៏ប៉ុន្តែ ចាប់​តាំង​ពី​ក្រោយ​ពេល​ដែល​លោក​ស៊ី ជីនពីង ឡើងកាន់អំណាច គេ​សង្កេតឃើញ​ថា ចិន​បាន​បង្ហាញ​នូវ​ជំហរ​តឹងរ៉ឹង​ជាងមុន ដោយ​ធ្លាប់​បាន​​ប្រកាស​ជាសាធារណៈថា ចំពោះ​តៃវ៉ាន់ ចិន​នឹង​រក្សា​នូវ​គ្រប់​ជម្រើស​ទាំងអស់ ក្នុងនោះក៏​មាន​ដែរ​​ ​ការ​ប្រើ​កម្លាំង​ទ័ព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ