អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីលោកខាងលិចមិនគួរឱ្យតម្លៃទាបលើសេដ្ឋកិច្ចចិន?

ចុះផ្សាយ​នៅ​ថ្ងៃ៖

សេដ្ឋកិច្ចចិនធ្វើបានល្អច្រើនជាងអ្វីដែល​បស្ចិមលោកកំពុងវាយតម្លៃ។ ដូច្នេះ បស្ចិមលោកមិនគួរឱ្យតម្លៃទាបលើសេដ្ឋកិច្ចចិន និងគួរត្រៀមខ្លួនប្រឈមចិនសម្រាប់រយៈពេលវែង។ ផ្ទុយទៅវិញ ចិនខ្លួនឯងក៏មិនត្រូវធ្វេសប្រហែសផងដែរ ព្រោះអ្វីដែលសេដ្ឋកិច្ចចិនធ្វើបានល្អក្នុងរយៈពេលខ្លី អាចប្រឈមនឹងបញ្ហានៅក្នុងរយៈពេលវែង។

AFP
ផ្សាយពាណិជ្ជកម្ម

ការប្រឈមមុខរវាងលោកខាងលិចជាមួយចិន ជាពិសេស សហរដ្ឋអាមេរិក កំពុងឡើងកំដៅយ៉ាងខ្លាំង តួយ៉ាង បញ្ហាពាក់ព័ន្ធទៅ​នឹងសង្គ្រាមពាណិជ្ជកម្ម បច្ចេកវិទ្យា និង​ការប្រឈមទល់នឹងជំងឺរាតត្បាតសកលកូវីដ១៩។ វិធានការប្រឈមជាមួយចិនទាំងកំរោលរបស់អាមេរិក ត្រូវអ្នកជំនាញពន្យល់ថា លោកខាងលិចហាក់ឱ្យ​តម្លៃទាបចំពោះសេដ្ឋកិច្ចចិន។ ហេតុផលគឺសាមញ្ញ ព្រោះ លោកខាងលិចយល់ថា សេដ្ឋកិច្ចចិនមានភាពផុយស្រួយ ហើយពឹងផ្អែកខ្លំាងលើ​បំណុល ការជួយពីរដ្ឋ និងការលួចចម្លងបច្ចេកវិទ្យា។ លោកខាងលិចក៏យល់ឃើញផងដែរថា សេដ្ឋកិច្ចចិននឹងប្រឈមបញ្ហាទៅថ្ងៃខាងមុខ ហើយបំផុត​ ​ស្ថានភាពនឹងត្រូវបង្ខំឱ្យ​មេដឹកនាំចិនកែប្រែប្រទេសរបស់ខ្លួនមកក្លាយគំរូសេដ្ឋកិច្ចបែបលោកសេរី។ លោក Mike Pompeo រដ្ឋមន្រ្តី​ការបរទេសអាមេរិក ធ្លាប់បានលើកឡើងថា៖ “ប្រទេសដែលស្រឡាញ់សេរីភាព របស់ពិភពលោក ដូចអាមេរិក ត្រូវតែជំរុញឱ្យប្រទេសចិនផ្លាស់ប្តូរ” ។

ទោះជាយ៉ាងណា ផ្អែកតាមអ្នកជំនាញភ្នែកមុតខ្លះ អ្វីដែល​លោកខាងលិចតែងតែ​យល់ឃើញ និងវាយតម្លៃទាបចំពោះសេដ្ឋកិច្ចចិន គឺជារឿងខុសឆ្គង ព្រោះថា ក្នុងភាពពិតជាក់ស្ដែង ចិនអាចគ្រប់គ្រងសេដ្ឋកិច្ចរបស់ខ្លួនបានល្អជាងការរំពឹងទុក។

ភ័ស្តុតាងយ៉ាងច្បាស់បង្ហាញថា សេដ្ឋកិច្ចចិនមិនសូវរងគ្រោះខ្លាំង ដោយសារសង្គ្រាមពាណិជ្ជកម្ម។ សេដ្ឋកិច្ចចិនក៏មានភាពស៊ាំទល់នឹងវិបត្តិជំងឺរាតត្បាតសកលកូវីដ១៩។ មូលនិធិរូបិយវត្ថុអន្តរជាតិបាន​ការព្យាករណ៍កំណើនសេដ្ឋកិច្ចចិន រង្វង់១% ក្នុងឆ្នាំ២០២០ បើប្រៀបធៀបទៅនឹងការធ្លាក់ចុះ ៨% នៃសេដ្ឋកិច្ចអាមេរិក។ ទីក្រុង Shenzhen គឺជាផ្សារភាគហ៊ុនដែលកំពុង​ដំណើរការល្អបំផុត នៅលើពិភពលោក ក្នុងឆ្នាំនេះ មិនមែននៅទីក្រុងញូវយ៉កទេ។ អ្នកជំនាញខ្លះពន្យល់ថា មេដឹកនាំចិន គឺ លោកស៊ីជិនពីង កំពុងបង្កើតគំរូរដ្ឋមូលធននិយមបែបចិនក្នុងទម្រង់ថ្មី សម្រាប់ទសវត្សរ៍ឆ្នាំ២០២០។ គំរូ​សេដ្ឋកិច្ចថ្មី របស់ លោកស៊ីជិនពីង គឺធ្វើឱ្យសេដ្ឋកិច្ចចិនមានទីផ្សារសេរី និងការច្នៃប្រឌិត ប៉ុន្តែនៅក្នុងព្រំដែនដែលបានកំណត់យ៉ាងតឹងរ៉ឹង និងស្ថិតក្រោមការឃ្លាំមើលរបស់បក្សកុម្មុយនិស្តចិន។

ចិនបន្តរក្សាលំនឹងសេដ្ឋកិច្ចបានយ៉ាងល្អ ទោះស្ថិតអំឡុងវិបត្តិសេដ្ឋកិច្ច តួយ៉ាង វិបត្តិសេដ្ឋកិច្ចឆ្នាំ២០០៨ និង​វិបត្តិជំងឺរាតត្បាតសកលកូវី១៩បច្ចុប្បន្ន។ សម្រាប់លោកខាងលិច ការមើលស្រាលទៅលើសេដ្ឋកិច្ចរបស់ចិនមិនមែនជារឿងថ្មីទេ។ ក៏ប៉ុន្តែ ចាប់តាំងពីឆ្នាំ១៩៩៥ សេដ្ឋកិច្ចចិនប្រៀបធៀបនឹងទំហំសេដ្ឋកិច្ចពិភពលោកទាំងមូល បានកើនឡើងពី ២% ទៅ ១៦%។ នៅក្នុងឆ្នាំ២០១០ រដ្ឋាភិបាលចិនបានជួយជ្រោមជ្រែងឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន ដូចជា ក្រុមហ៊ុន Alibaba និង Tencent មានឱកាសគ្រប់គ្រាន់ដើម្បីរីកលូតលាស់ក្លាយទៅជាក្រុមហ៊ុនយក្ស។ ក្នុងករណីរបស់ក្រុមហ៊ុន Tencent ចិន​អាចបង្កើតកម្មវិធីផ្ញើសារ WeChat និងកម្មវិធី Tik Tok ដ៏ល្បីល្បាញ និងមានឥទ្ធិពល។

ចាប់តាំងពី លោកស៊ីជិនពីង ឡើងកាន់អំណាច ក្នុងឆ្នាំ២០១២ គោលដៅនយោបាយរបស់គាត់ គឺ រឹតបន្តឹងការក្តាប់របស់បក្ស និងការបង្ក្រាបអ្នកប្រឆាំងទាំងក្នុង និងក្រៅប្រទេស។ យុទ្ធសាស្រ្ដសេដ្ឋកិច្ចរបស់គាត់ គឺដើម្បីបង្កើនស្ថិរភាពសេដ្ឋកិច្ច និង​ភាពអត់ធន់របស់ប្រទេសចិន ប្រឈមនឹងការគំរាមកំហែងណាមួយ។ ទោះជាយ៉ាងណា បំណុលសាធារណៈ និងបំណុលឯកជន ក្នុងប្រទេសចិន បានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីឆ្នាំ២០០៨ រហូតដល់ជិត៣០០% ធៀបនឹងផលិតផលក្នុងស្រុកសរុប។ អាជីវកម្មក្នុងប្រទេសចិន ក៏មាន​ភាពច្របូកច្របល់រវាងក្រុមហ៊ុនរដ្ឋ និងវិស័យឯកជន។ ក្នុងករណីខ្លះ វាបាន​ធ្វើឱ្យ​​ភាពច្នៃប្រឌិតត្រូវប្រឈមនឹងបញ្ហាមន្រ្តីខ្ជិលច្រអូស និងច្បាប់មិនភាពជាក់លាក់។ គំរូសេដ្ឋកិច្ចរបស់លោកស៊ីជិនពីង អាចសង្ខេបក្រោមទម្រង់ដូចខាងក្រោម។ ទី១៖  ការគ្រប់គ្រងយ៉ាងតឹងរឹងលើដំណើរការសេដ្ឋកិច្ច និងបំណុល។ ទីពីរ៖ គំរូសេដ្ឋកិច្ចនេះត្រូវការ​ប្រព័ន្ធរដ្ឋបាលដែលមានប្រសិទ្ធិភាព ហើយ​ច្បាប់ត្រូវបានអនុវត្តយ៉ាងស្មើគ្នា នៅទូទាំងប្រទេស។ ទីបី៖ ការធ្វើឱ្យមានភាពមិនច្បាស់លាស់រវាងព្រំដែនរដ្ឋ និងឯកជន។

អ្នកជំនាញក៏បានគូសបញ្ជាក់អំពីចំណុចខ្សោយនៃគំរូសេដ្ឋកិច្ចនេះផងដែរ។ ជាឧទាហរណ៍ គេយល់ថា គំរូសេដ្ឋកិច្ចនេះអាចដំណើរការបានល្អ តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ ឧទាហរណ៍ ការកើនឡើងទំហំបំណុល បានស្ទុះឡើងខ្លាំងស្របគ្នានឹង​បញ្ហាសង្គ្រាមពាណិជ្ជកម្ម និងជំងឺរាតត្បាត។ នៅក្នុងរយៈពេលវែង​ ទោះជារដ្ឋាភិបាលចិនសង្ឃឹមថា គំរូសេដ្ឋកិច្ចរបស់ខ្លួនអាចទ្រទ្រង់ការច្នៃប្រឌិត ប៉ុន្តែ ប្រវត្តិសាស្រ្តបានបង្ហាញថា ការផ្តល់ឱកាសឱ្យមានការសម្រេចចិត្តទូលាយ ការបើកចំហព្រំដែន និងសេរីភាពបញ្ចេញមតិ គឺជាគ្រឿងផ្សំដែលមិនអាចខ្វះបាន​ ប៉ុន្តែចិនមិនមានគ្រឿងផ្សំទាំងនេះទេ។

សរុមរួម សេដ្ឋកិច្ចចិនធ្វើបានល្អច្រើនជាងអ្វីដែលបស្ចិមលោកកំពុងវាយតម្លៃ។ ដូច្នេះ បស្ចិមលោកមិនគួរឱ្យតម្លៃទាបលើសេដ្ឋកិច្ចចិន និងគួរត្រៀមខ្លួនប្រឈមចិនសម្រាប់រយៈពេលវែង។ ផ្ទុយទៅវិញ ចិនខ្លួនឯងក៏មិនត្រូវធ្វេសប្រហែសផងដែរ ព្រោះអ្វីដែល​សេដ្ឋកិច្ចចិនធ្វើបានល្អក្នុងរយៈពេលខ្លី អាច​ប្រឈមនឹងបញ្ហានៅក្នុងរយៈពេលវែង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ