អានតួអត្ថបទ
វៀតណាម-សេរីភាព

អាជ្ញាធរ​វៀតណាម ចាប់ខ្លួន​ស្ត្រី​អ្នកនិពន្ធ និង​ជា​អ្នក​កាសែត​ប្រឆាំង​ម្នាក់

អាជ្ញាធរវៀតណាម បានប្រកាសឲ្យ​ដឹង កាលពីថ្ងៃពុធ ទី​៧តុលា ថាខ្លួ​នបានចាប់ខ្លួន ស្ត្រីអ្នកនិពន្ធនិងជាអ្នកកាសែតប្រឆាំងម្នាក់ ឈ្មោះ ផាំ ទាន់ ត្រាង ពីបទធ្វើសកម្មភាពប្រឆាំងរដ្ឋវៀតណាម។ សូមបញ្ជាក់ថា ស្ត្រី​រូបនេះ ត្រូវបានគេស្គាល់ថា គឺជាអ្នកនិពន្ធ និងអ្នកកាសែត ដែលតែងតែបាន​សរសេរសៀវភៅ និងអត្ថបទនានា បរិហារអំពី​ អំពើហិង្សា ការ​ប្រើអំណាចផ្តាច់ការ​ របស់​អាជ្ញាធរ​វៀតណាម និងការធ្វើទារុណកម្មទៅលើអ្នកកាសែត នៅវៀតណាម។ ការចាប់ខ្លួននេះ គឺ​បានធ្វើឡើង នៅក្រោយបន្តិច បន្ទាប់ពីមានកិច្ចប្រជុំប្រចាំឆ្នាំ រវាង​វៀតណាម និងសហរដ្ឋអាមេរិក ស្តីអំពីការគោរពសិទ្ធិមនុស្ស។

រូបថតទាញចេញ​ពីទំព័រ Facebook របស់​លោកស្រី ផាំ ទាន់ ត្រាង
រូបថតទាញចេញ​ពីទំព័រ Facebook របស់​លោកស្រី ផាំ ទាន់ ត្រាង © RFI
ផ្សាយពាណិជ្ជកម្ម

លោកស្រី ផាំ ទាន់ ត្រាង (Pham Doan Trang) ត្រូវបានអាជ្ញាធរវៀតណាម ចុះទៅចាប់ឃាត់ខ្លួន នៅ​ថ្ងៃអង្គារ ទី​៦តុលា នៅផ្ទះជួលរបស់លោកស្រីក្នុងក្រុងហូជីមិញ។ ក្រសួង​សន្តិសុខសាធារណៈវៀតណាម បានបញ្ជាក់ថា លោកស្រីត្រូវជាប់ចោទ ពីបទធ្វើសកម្មភាព ប្រឌិតភស្តុតាង ផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បី​ « ប្រឆាំងនឹងសាធារណៈរដ្ឋសង្គមនិយមវៀតណាម »។ ទោសនេះ អាចត្រូវជាប់ពន្ធនាគារ រយៈពេល​២០ឆ្នាំ។

សូមបញ្ជាក់ថា ឈ្មោះរបស់​លោកស្រី ផាំ ទាន់ ត្រាង ត្រូវបានគេស្គាល់ជាទូទៅ ថាជាស្ត្រីមួយរូប ដែលមានសេចក្តីក្លាហាន ហ៊ានសរសេរ រិះគន់ បរិហារមន្ត្រីមានអំណាច និងអាជ្ញាធរកុម្មុយនីស្ត​វៀត​ណាម ដែលរំលោភបំពានដីធ្លី របស់ប្រជាជនក្រីក្រ ធ្វើទារុណកម្មមនុស្ស គម្រាមសំឡុតអ្នកកាសែត និងធ្វើទុក្ខបុកម្នេញទៅលើអ្នកស្រលាញ់ភេទដូចគ្នា នៅវៀតណាម។ លោកស្រីធ្លាប់ធ្វើជាអ្នកកាសែត ឲ្យ​បណ្តាញសារព័ត៌មានរដ្ឋវៀតណាមផងដែរ។

កាលពីឆ្នាំ ២០១៦ លោកស្រី ត្រូវបានគេចាប់ខ្លួន​ម្តងហើយ នៅពេលដែលលោកស្រី កំពុងធ្វើដំណើរចង់ទៅជួប​លោកបារ៉ាក់​អូបាម៉ា ដែលទៅធ្វើទស្សនកិច្ចនៅទីក្រុងហាណូយ កាលគ្រានោះ។ លោកស្រីធ្លាប់បានអះអាងថា លោកស្រី ត្រូវបានអាជ្ញាធរវៀតណាម ធ្វើទារុណកម្ម វាយដំលើរូបរាងកាយ ថែមទៀតផង។

កាលពីឆ្នាំ២០១៩ លោកស្រី បានសម្រេចលាចេញពី​ក្រុមប្រឹក្សានិពន្ធនាយកឯករាជ្យមួយ បន្ទាប់ពីក្រុមនគរបាលវៀតណាម បានធ្វើទារុណកម្ម ចាប់បង្ឃាំង គម្រាមសំឡុតទៅលើមិត្តរួមការងាររបស់​លោកស្រី។ ក្រោយមក លោកស្រីបានសរសេរផ្សព្វផ្សាយ​លិខិតមួយជាសាធារណៈ ដែល​លិខិតនោះ មាន​ចំណងជើងថា « ក្នុងករណីដែលខ្ញុំត្រូវគេចាប់ដាក់គុកបាត់ទៅ! »។ ក្នុងអត្ថបទនោះ ​លោកស្រី បានអំពាវនាវ ឲ្យ​ប្រជាជនវៀតណាមទាំងអស់​ត្រូវរួមគ្នា តស៊ូដើម្បី​ទទួលបាន​នូវការបោះឆ្នោត​តាមបែបប្រជាធិបតេយ្យពិតប្រាកដា ជាជាងការសំងំយកសុខ ដើម្បីសេរីភាព​ខ្លួនឯង​រៀងៗ​ខ្លួនៗ។ ឆ្នាំ២០១៩ដែរ អង្គការ អ្នករាយការណ៍គ្មានព្រំដែន បានប្រគល់ពានរង្វាន់ពិសេសជូនលោកស្រី ក្នុងនាមអ្នក​តស៊ូដើម្បីសេរីភាព​សារព័ត៌មាន​។

ក្រោយដំណឹងចាប់ខ្លូនលោកស្រី ផាំ ទាន់ ត្រាង នេះ អង្គការ​ Human Rights Watch (HRW) បានលើកឡើងថា នេះជារឿងអយុត្តិធម៌បំផុត ហើយ​អាជ្ញាធរវៀតណាម ត្រូវតែដោះលែង​លោកស្រីជាបន្ទាន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ