អានតួអត្ថបទ
ស្រីលង្កា-កាកសំណល់គ្រោះថ្នាក់​

តុលាការស្រីលង្កា ​បង្គាប់​ឲ្យ​បញ្ជូន​ត្រលប់​ទៅវិញ នូវ​​​សំរាមនាំចូល​​ពី​​អង់គ្លេស​២៤២​កុងទឺណឺ

តុលាការឧទ្ធរណ៍ក្រុងកូឡុំបូ រដ្ឋធានីស្រីលង្កា បានចេញសាលក្រមមួយ កាលពី​ថ្ងៃពុធ ទី​១៤តុលា ដោយបានបង្គាប់ឲ្យ​បញ្ជូនត្រលប់ទៅវិញ នូវសំរាម​ចំនួន​២៤២កុងទឺណឺ ដែលត្រូវបាន​គេនាំចូលមកពី​ប្រទេសអង់គ្លេស។ បើតាមប្រភពពីតុលាការស្រីលង្កា សម្រាមទាំងនោះ មានលាយឡំទៅដោយសារធាតុប្លាស្ទិក កាកសំណល់មន្ទីរពេទ្យ ព្រមទាំងមាន​បំណែកនៃសាកសពមនុស្សផងដែរ។

អាជ្ញាធរស្រីលង្កា ចុះត្រួវពិនិត្យ​កុងទឺណឺសម្រាម ចំនួន​២៤២ ដែលនាំចូលពីអង់គ្លេស នៅកំពង់ផែក្រុងកូឡុំបូ។ ថ្ងៃទី​២៤ កញ្ញា ២០២០
អាជ្ញាធរស្រីលង្កា ចុះត្រួវពិនិត្យ​កុងទឺណឺសម្រាម ចំនួន​២៤២ ដែលនាំចូលពីអង់គ្លេស នៅកំពង់ផែក្រុងកូឡុំបូ។ ថ្ងៃទី​២៤ កញ្ញា ២០២០ © AFP
ផ្សាយពាណិជ្ជកម្ម

កាកសំណល់ជាច្រើនពាន់តោន នៅក្នុង​កុងទឺណឺចំនួន២៤២ នៅកំពង់ផែក្រុងកូឡុំបូ នឹងត្រូវបញ្ជូន​យកត្រលប់ទៅប្រទេសដើមវិញ គឺប្រទេសអង់គ្លេស។ ចៅក្រុមតុលាការឧទ្ធរណ៍ស្រីលង្កា ក៏បានបង្គាប់ឲ្យ​បើកការស៊ើបអង្កេត ឈានទៅផ្តន្ទាទោស លើក្រុមហ៊ុន និងក្រុមមនុស្ស ដែលជាអ្នកទទួលបន្ទុក ការនាំកាកសំណល់ខុសច្បាប់ទាំងនេះ ចូលមកស្រីលង្កា។

សូមរំលឹកថា យោងតាមអាជ្ញាធរ​ស្រីលង្ការ ប្រជាជនបាននាំគ្នាត្អូញត្អែរ ពីក្លិនស្អុយសាយភាយចេញពី​កុងទឺណឺ ដែលគេទុកចោលនៅកំពង់ផែកូឡុំបូ ជាច្រើនខែ​។ កុងទឺណឺទាំងនោះ ត្រូវបានម្ចាស់ក្រុមហ៊ុនអះអាងថា ជា​សំរាម​កាកសំណល់ ដែលបាននាំចូលដើម្បី​យកមកកែច្នៃ។ ប៉ុន្តែ​ ក្រោយការត្រួតពិនិត្យរបស់អាជ្ញាធរ​ គេឃើញកាកសំណល់ទាំងនោះ មានលាយឡំទៅដោយសារធាតុប្លាស្ទិក កាកសំណល់ចេញពីមន្ទីរពេទ្យ ក្រណាត់ជូតឈា​ម​និង​លាងរបួស ព្រមទាំងបំណែកនៃសាកសពមនុស្ស ថែមទៀតផង។

អង្គការក្រៅរដ្ឋាភិបាលឈ្មោះ មជ្ឈមណ្ឌលដើម្បីបរិស្ថាន និងយុត្តិធម៌ (CEJ) ដែលជាអ្នកដាក់ពាក្យប្តឹងទៅតុលាការ បាន​អបអរសាទរ ​ចំពោះការសម្រេចរបស់តុលាការ ដែលបានបញ្ជារឲ្យ​បញ្ជូនកាកសំណល់ដ៏គ្រោះថ្នាក់ទាំងនេះ ឲ្យត្រលប់ទៅប្រទេសអង់គ្លេសវិញ ព្រមទាំង​ឈានទៅផ្តន្ទាទោស ក្រុមមនុស្សដែលរកស៊ីមុខរបរ នាំចូល​កាក​សំណល់គ្រោះថ្នាក់ ដោយខុសច្បាប់នេះ។

គួររំលឹកថា កាលពី​ចុងខែ​កញ្ញា អាជ្ញាធររដ្ឋាភិបាល​ស្រីលង្កា ក៏បានចេញបញ្ជា ឲ្យ​ដឹក​​ត្រលប់ទៅវិញ នូវសំរាមចំនួន​២៦០តោន ក្នុងកុងទឺណឺចំនួន២១ ដែលនាំចូលពីអង់គ្លេស ក្នុងរវាងឆ្នាំ​២០១៧ ដល់ខែមីនាឆ្នាំ​២០១៨។ នៅក្នុងលិខិតប្រកាសប្រាប់អាជ្ញាធរគយព្រំដែន​ ក្រុមហ៊ុនដឹកជញ្ជូនអះអាងថា ជាកាកសំណល់ពូក និងកម្រាល​ព្រំ​ចាស់ៗ តែធាតុពិត គឺជាកាកសំណល់សរីរាង្គវេជ្ជសាស្ត្រ ដែលប្រមូលចេញពីមន្ទីរពេទ្យ។

គួរកត់សំគាល់​ថា ប្រទេសអាស៊ីមួយចំនួន តែងបានក្លាយជាអ្នករងគ្រោះ ដោយការនាំចូល​ នូវ​កាកសំណល់គ្រោះថ្នាក់ ពីប្រទេសអ្នកមាន។ ដោយសារតែ អត្រាតម្លៃចំណាយ​ខ្ពស់ ក្នុងការ​កែច្នៃឬកំទេចចោលកាកសំណល់ទាំងនោះ មានក្រុមហ៊ុនខ្លះបានបែកគំនិត​ ដឹកជញ្ជូនវា យកទៅចោលនៅតាមប្រទេសអាស៊ី ដោយ​ឃុបឃិតជាមួយ​មន្ត្រីអាជ្ញាធរ​ពុករលួយនៃប្រទេសទាំងនោះ។ កាលពី​ខែ​វិច្ឆិកា ឆ្នាំ២០១៩ តុលាការបារាំងបានផ្តន្ទាទោសជាប្រាក់ពិន័យ ចំនួន១៩២០០០អឺរ៉ូ ទៅលើក្រុមហ៊ុនដេញថ្លៃដឹកជញ្ជូនសំរាមមួយ ដែលបានបញ្ជូនសំរាមគ្រោះថ្នាក់ចំនួន​២០កុងទឺណឺទៅប្រទេសម៉ាឡេស៊ី។ សំរាមទាំងនោះត្រូវបាន​អាជ្ញាធរម៉ាឡេស៊ីបញ្ជូនត្រលប់មកបារាំងវិញភ្លាម។ ដូចគ្នាដែរ តាំងតែពីខែ​មិថុនាឆ្នាំ២០១៩ អាជ្ញាធរឥណ្ឌូណេស៊ី ក៏បាន​សម្រេចបញ្ជូន​កាកសំណល់គ្រោះថ្នាក់ ជាច្រើនរយកុងទឺណឺ ឲ្យត្រលប់ទៅប្រទេសដើម​​វិញដែរ មានសហរដ្ឋអាមេរិក អូស្ត្រាលី ហុងកុង និងអង់គ្លេសជាដើម។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ