អានតួអត្ថបទ
ថៃ-នយោបាយ

រដ្ឋាភិបាលថៃ​​ចេញក្រិត្យ​បន្ទាន់​ ហាមឃាត់​បាតុកម្ម និង​សារប្រឆាំង​រដ្ឋាភិបាល​ លើ​បណ្តាញ​សង្គម

ក្រោយបាតុកម្មនៅទីក្រុងបាងកក កាលពីថ្ងៃពុធទី១៤តុលា រដ្ឋាភិបាលថៃ បានចេញក្រិត្យច្បាប់អាសន្នមួយ សំដៅហាមឃាត់ សកម្ម​ភាព​ជួបជុំបែបនយោបាយ និងហាមឃាត់ រាល់ការ​សរសេរ​ សារ​រិះគន់ ឬ​ប្រឆាំងរដ្ឋាភិបាល នៅលើបណ្តាញសង្គម។ នេះគឺជាវិធានការថ្មី ដ៏តឹងតែង ដែលរដ្ឋាភិបាល​លោក​ប្រាយុទ្ធ ចាន់អូចា បានសម្រេច​ បន្ទាប់ពី​មានបាតុកម្ម​ទាមទារលទ្ធិប្រជាធិបតេយ្យ របស់យុវជននិងប្រជាជន​ថៃ​ ប្រមាណ​ជិត៥ខែមកហើយនេះ។

ក្បួនរថយន្តរបស់​ម្ចាស់ក្សត្រី ស៊ុធីតា មហេសី​របស់ព្រះមហាក្សត្រថៃ ដែលបើក​កាត់​ក្បែរក្រុមបាតុករយុវជនប្រជាធិបតេយ្យ។ បាងកក ថ្ងៃទី​១៥តុលា ២០២០
ក្បួនរថយន្តរបស់​ម្ចាស់ក្សត្រី ស៊ុធីតា មហេសី​របស់ព្រះមហាក្សត្រថៃ ដែលបើក​កាត់​ក្បែរក្រុមបាតុករយុវជនប្រជាធិបតេយ្យ។ បាងកក ថ្ងៃទី​១៥តុលា ២០២០ REUTERS - STRINGER
ផ្សាយពាណិជ្ជកម្ម

ក្រិត្យច្បាប់អាសន្ន របស់រដ្ឋាភិបាលថៃ បានចូលជាធរមាន នៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃព្រហស្បតិ៍ទី​១៥តុលា។ ក្រិត្យនេះ ហាមឃាត់រាល់ការជួបជុំចាប់ពី៥នាក់ឡើងទៅ ព្រមទាំង​ហាមឃាត់ រាល់ការ​សរសេរ ផ្សព្វផ្សាយសារនយោបាយនៅតាមបណ្តាញសង្គម ដែលមានខ្លឹមសារ ប៉ះពាល់​ដល់សន្តិសុខជាតិ។ នេះ បើផ្អែកតាមការបញ្ជាក់ឲ្យ​ដឹង ពីសំណាក់ លោក ស៊ុនសឺន កែវគំនើត អ្នក​នាំពាក្យ​រដ្ឋាភិបាលថៃ។

រដ្ឋាភិបាល​បាន​សម្រេច​ចេញក្រិត្យច្បាប់នេះ ដោយផ្អែកលើ​ហេតុផលថា សកម្មភាពប​ាតុកម្មកន្លងមកនេះ គឺជាអំពើប្រឆាំងនឹងរដ្ឋធម្មនុញ្ញ។​ អាជ្ញាធរក៏បានលើកឡើងផងដែរថា សកម្មភាពរារាំង រំខានដល់ក្បួនព្រះទីនាំងរបស់ព្រះមហាក្សត្រ គឺជាអំពើមិនត្រឹមត្រូវ។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារទី១៣តុលា ក្រុមបាតុករជាច្រើនពាន់នាក់ នៅក្បែរព្រះបរមរាជវាំង បាន​នាំគ្នាលើកដៃម្រាមបី ក្នុងពេលដែលក្បួនរថយន្តរបស់​ព្រះចៅវិជ្ជរ៉ាឡុងកន បើកឆ្លងកាត់។ ដៃម្រាមបី គឺជាសញ្ញាបង្ហាញអំពី​ការតស៊ូ​ រើបំរះដើម្បី​សិទ្ធិសេរីភាព របស់ប្រជាជនទន់ខ្សោយ ដោយយកតម្រាប់ តាមខ្សែភាពយន្តហូលីវូដ រឿងHunger Games។ ហើយនៅថ្ងៃពុធទី​១៤តុលា ក្បួនរថយន្តរបស់ម្ចាស់ក្សត្រី ស៊ុធីតា មហេសីព្រះចៅវិជ្ជរ៉ាឡុងកន ក៏បានបើកកាត់ក្បែរបាតុករ ហើយបាតុករខ្លះ បាននាំគ្នាស្ទាក់ឈរពីមុខ និងលើកដៃម្រាមបី ធ្វើឲ្យក្បួន​រថយន្តត្រូវឈប់ មួយ​សន្ទុះតូច។

សូមរំលឹកដែរថា នៅយប់ថ្ងៃពុធ ក្រុមបាតុករជាច្រើនពាន់​នាក់ បាននាំគ្នាបោះតង់ នៅខាងមុខវិមានរដ្ឋាភិបាលថៃ មុននឹងមានដំណឹងថា រដ្ឋាភិបាល​បានចេញ​ក្រិត្យច្បាប់ ហាមឃាត់ការជួបជុំ។ នៅព្រឹកថ្ងៃព្រហស្បតិ៍ បាតុករភាគច្រើនបាន​ចាកចេញពីទីនោះរួចទៅហើយ។ ប៉ុន្តែយោងតាម​អ្នក​នាំពាក្យ​រង​នគរបាលក្រុងបាងកក គឺសមត្ថកិច្ចបានចាប់ឃាត់ខ្លួនមនុស្សជាង២០នាក់​ និងបានរុះរើតង់របស់បាតុករផងដែរ​។ ក្នុងចំណោមមនុស្សដែលត្រូវឃាត់ខ្លួន គឺមានមនុស្សសំខាន់ៗ៣នាក់ ដែលជាមេចលនាបាតុកម្មយុវជន គឺលោក Pharit Chivarak ហៅ Penguin លោក Anon Numpa និងកញ្ញា Panusaya Sithijirawattanakul ហៅ Rung។

នៅលើទំព័រ Facebook របស់ខ្លួន កញ្ញា Rung ដែលមានវ័យ២១ឆ្នាំ បានសរសេរអំពាវនាវ ឲ្យយុវជន និងប្រជាជនថៃ មកជួបជុំគ្នាធ្វើបាតុកម្មទៀត នៅថ្ងៃព្រហស្បតិ៍នេះ ចាប់ពីម៉ោង៤រសៀលទៅ នៅក្រុងបាងកក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ