អានតួអត្ថបទ
ថៃ-នយោបាយ

ថៃ៖ សមត្ថកិច្ចប្រើកាណុងបាញ់ទឹកលាយសារធាតុគីមី​ បំបែកក្រុមបាតុករប្រជាធិបតេយ្យ​

នៅយប់ថ្ងៃសុក្រ ទី​១៦តុលា យុវជនថៃនៅតែបន្តមកជួបជុំគ្នា ជាច្រើនពាន់នាក់ នៅក្នុងសង្កាត់ជំនួញ កណ្តាលទីក្រុងបាងកក បើទោះបីមានក្រិត្យច្បាប់ថ្មីហាមឃាត់ក៏ដោយ។ សមត្ថកិច្ចថៃបានរារាំងការជួបជុំ និងបានបើកាណុងបាញ់ទឹក​ លាយសារធាតុគីមី បាញ់បំបែកហ្វូងបាតុករ។ នេះជាលើកទីមួយហើយ ដែល​សមត្ថកិច្ចថៃ បានសម្រេចប្រើធម៌ក្តៅ ទៅលើក្រុមបាតុករ ដែលភាគច្រើនជាសិស្សវិទ្យាល័យ និងនិស្សិត។

សមត្ថកិច្ចប្រើកាណុងបាញ់ទឹក ទៅលើក្រុមបាតុករថៃ នៅក្បែសង្កាត់រ៉ាតឆាប្រាសុង កណ្តាល​ក្រុងបាងកក យប់ថ្ងៃសុក្រ ទី​១៦តុលា ២០២០
សមត្ថកិច្ចប្រើកាណុងបាញ់ទឹក ទៅលើក្រុមបាតុករថៃ នៅក្បែសង្កាត់រ៉ាតឆាប្រាសុង កណ្តាល​ក្រុងបាងកក យប់ថ្ងៃសុក្រ ទី​១៦តុលា ២០២០ REUTERS - JORGE SILVA
ផ្សាយពាណិជ្ជកម្ម

យប់​ថ្ងៃសុក្រ យុវជនបាតុករថៃ បានព្យាយាមជួបជុំគ្នា នៅលើកំណាត់ផ្លូវខ្វែង រ៉ាតឆាប្រាសុង កណ្តាលក្រុងបាងកក។ ក៏ប៉ុន្តែទីតាំងនេះ ត្រូវបានឡោមព័ទ្ធដោយកម្លាំងសមត្ថកិច្ចជាច្រើនពាន់នាក់ អមដោយរថយន្តធំៗថែមទៀតផង។ ទីបំផុតក្រុម​យុវជនថៃ បាន​ប្រមូលផ្តុំគ្នា នៅចំងាយ​ប៉ុន្មានរយម៉ែត្រ ពីតំបន់រ៉ាតឆាប្រាសុង។

សមត្ថកិច្ចថៃ បន្ទាប់ពីបានប្រកាស​ហៅឲ្យ​ក្រុមបាតុករ បំបែកគ្នាត្រលប់ទៅផ្ទះវិញ បាន​ប្រើកាណុងបាញ់ទឹក លាយជាមួយ​សារធាតុគីមី បាញ់ទៅលើក្រុមបាតុករ​ ដែលកំពុងទទូលឆ័ត្រក្រោមមេឃរលឹមស្រិចៗ។ ទីបំផុត ម៉ោងប្រមាណ​ជា​៧និង៣០នាទីយប់ មេចលនាបាតុកម្ម បានស្រែកប្រកូកប្រកាស ឲ្យ​បាតុករបំបែកគ្នា ដើម្បីសម្រាក ត្រៀមយកកម្លាំងធ្វើសកម្មភាពនៅថ្ងៃខាងមុខ។

ឆ្លើយប្រាប់អ្នកកាសែតបារាំង កញ្ញា នីន និស្សិតអាយុ២១ឆ្នាំ បានលើកឡើងថា នាងត្រូវតែប្រមូលសេចក្តីក្លាហាន ហ៊ានប្រថុយគ្រោះថ្នាក់ ព្រោះថាបើនាងមិនចូលរួម​ទេនោះ គឺនឹងគ្មានការផ្លាស់ប្តូរឡើយ។ ចំណែកនិស្សិតស្រីម្នាក់វ័យ២០ឆ្នាំម្នាក់ទៀត ឈ្មោះ ភីម បាននិយាយដោយម៉ឺងម៉ាត់ថា នាងក៏ដូចជាយុវជនថៃទាំងអស់ មកធ្វើបាតុកម្ម​ គឺ​ដោយសារមិនអាច បន្ត​ទ្រាំមើល​​បាន នូវការជិះជាន់កេងប្រវញ្ច​ អ្នកមានកាន់តែមាន អ្នកក្រកាន់តែក្រី​ក្រ។

គួរកត់សំគាល់ថា តាំងតែពីផ្ទុះបាតុកម្មតវ៉ា របស់យុវជនថៃ ប្រមាណ​ជាង​៤ខែ​មកនេះ គឺនេះជាលើក​ទីមួយ​ហើយ ដែលអាជ្ញាធរថៃ បានប្រើកម្លាំងបំបែក​។ ប្រហែលមកពីឃើញសន្ទុះតវ៉ានេះ នៅតែបន្តមានកម្លាំង កាលពីយប់ថ្ងៃពុធ​រដ្ឋាភិបាលថៃ បានអនុម័តក្រិត្យ​ច្បាប់បន្ទាន់មួយ ដោយហាមឃាត់រាល់ការជួបជុំចាប់ពី៥នាក់ឡើងទៅ និងបានហាមរាល់ការផ្សព្វផ្សាយសារប្រឆាំងរដ្ឋាភិបាល នៅលើបណ្តាញសង្គម។ លោក ប្រាយុទ្ធ ចាន់អូចា បានប្រកាស​ប្រាប់បាតុករថា​ ​លោក​នឹងមិនលាលែង ពីតំណែងជាដាច់ខាត។

កាលពីថ្ងៃព្រហស្បតិ៍មានបាតុករជាង១ម៉ឺននាក់ បានមកជួបជុំគ្នា នៅកណ្តាលក្រុងបាងកក ដើម្បី​ប្រឆាំងនឹងច្បាប់អាសន្ននេះ ព្រមទាំងទាមទារឲ្យដោះលែង​យុវជនមេចលនាបាតុកម្មជាង២០ ដែលកំពុងជាប់ឃុំ។ មានមនុស្ស២នាក់ ត្រូវជាប់ចោទពីបទធ្វើសកម្មភាពគម្រាម​ ព្រះកាយ​ និងសន្តិសុខរបស់មហេសីព្រះមហាក្សត្រ ដោយ​​ការរារាំងក្បួនព្រះទីនាំង កាលពីថ្ងៃពុធ។ ទោសដែល​មានចែង​ក្នុងមាត្រា ១១០នៃច្បាប់ព្រហ្មទណ្ឌនេះ អាចផ្តន្ទាទោសឲ្យ​ជាប់ពន្ធនាគារពី១៦ឆ្នាំ ទៅអស់មួយជីវិត។

ក្នុងចំណោមអ្នកដែលត្រូវគេចាប់ខ្លួន​ កាលពីថ្ងៃព្រហស្បតិ៍ គឺមាន លោក Anon Numpa មេធាវីអាយុ៣៦ឆ្នាំម្នាក់ ដែលបានចូលរួមយ៉ាងសកម្មក្នុងចលនាប្រជាធិបតេយ្យនេះ។ លោកត្រូវបានបាន​គេបញ្ជូនយកទៅដាក់ឃុំនៅឯទីក្រុងឈាងម៉ៃ កាលពីយប់​ថ្ងៃព្រហស្បតិ៍។ ពីមន្ទីរឃុំឃាំង លោក​បានអំពាវនាវ ឲ្យ​យុវជនថៃ បន្ត​ចលនាដោយគោរពទ្រឹស្តីអហឹង្សា ហើយ​មិនត្រូវបាក់ស្បាត ខ្លាចការសម្លុតនោះឡើយ។

គណបក្សភឿថៃ បានចេញលិខិតប្រកាសមួយ​ អំពាវនាវឲ្យរដ្ឋាភិបាល​ ត្រូវលុបចោលជាបន្ទាន់ក្រិត្យច្បាប់អាសន្ន ដែលហាមឃាត់ការជួបជុំ ហើយត្រូវបញ្ឈប់រាល់សកម្មភាព គំរាមសម្លុត ទៅលើយុវជនបាតុករ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ