អានតួអត្ថបទ
ថៃ-នយោបាយ

មហាក្សត្រថៃ​មាន​ព្រះ​បន្ទូល​អះអាងថា "ស្រលាញ់ប្រជានុរាស្ត្រ​ថៃ​ដូចៗគ្នា​"

កាលពីល្ងាច​ថ្ងៃអាទិត្យ ទី​១វិច្ឆិកា មានក្រុ​មអ្នកគាំទ្ររាជានិយមថៃ​ជាច្រើនពាន់នាក់ គ្រប់គ្នា​ពាក់អាវលឿង បានមកជួបជុំគ្នានៅខាងមុខ​ព្រះបរមរាជវាំងក្រុងបាងកក ដើម្បី​សំដែង​សេចក្តី​ស្មោះ​ស​ ភក្តីភាព​ចំពោះ​ព្រះមហាក្សត្រ និងក្រុមគ្រួសារព្រះញាតិវង្សថៃ។ ព្រះចៅវិជ្ជរ៉ាឡុងកន ព្រមទាំងមហេសី បានយាងចេញ​មកជួប​អ្នកគាំទ្រ ហើយ​ទ្រង់ថែមទាំងបានឆ្លើយ​សំណួរ របស់កាសែតទូរទស្សន៍អង់គ្លេសម្នាក់ផង ថាទ្រង់ស្រលាញ់​ប្រជាជន​ថៃទាំងអស់ ដូចៗគ្នា។

ព្រះមហាក្សត្រថៃ និងព្រះមហេសី យាងចេញមកជួប​ក្រុមអាវលឿង នៅខាងមុខ​ព្រះ​បរមរាជវាំងក្រុងថេបមហានគរ ​ល្ងាចថ្ងៃទី​១ វិច្ឆិកា ២០២០
ព្រះមហាក្សត្រថៃ និងព្រះមហេសី យាងចេញមកជួប​ក្រុមអាវលឿង នៅខាងមុខ​ព្រះ​បរមរាជវាំងក្រុងថេបមហានគរ ​ល្ងាចថ្ងៃទី​១ វិច្ឆិកា ២០២០ REUTERS - ATHIT PERAWONGMETHA
ផ្សាយពាណិជ្ជកម្ម

ក្រុមអ្នកពាក់អាវលឿងរាប់ពាន់នាក់ បានមកជួបជុំគ្នានៅខាងព្រះបរមរាជវាំងក្រុងថេប នៅល្ងាចថ្ងៃអាទិត្យ ដើម្បី​បានឃើញ​ព្រះភ័ក្ត្រព្រះមហាក្សត្រ និងក្រុមគ្រួសារព្រះញាតិវង្សថៃឯទៀត​​។ នេះគឺជាការជួបជុំរបស់​ក្រុមអាវលឿង​ ដែលស្រលាញ់គាំទ្រដោយឥតលក្ខខណ្ឌ ទៅលើស្ថាប័នព្រះមហាក្សត្រថៃ និងដើម្បីជាការឆ្លើយតប ចំពោះចលនាបាតុកម្ម របស់យុវជនថៃ ដែលរិះគន់ និង​ទាមទារ​ឲ្យ​ធ្វើកំណែទម្រង់ស្ថាប័ននេះ។

ព្រះចៅវិជ្ជរ៉ាឡុងកន ព្រមទាំងព្រះមហេសី ស៊ុធីតា បានយាងចេញមក​ជួប និងចាប់ដៃអ្នកគាំទ្ររាប់ពាន់នាក់ ដែលខ្លះលត់ជង្គង់ ខ្លះក្រាបនៅនឹងដី អមដោយសម្រែក « ជ័យោព្រះមហាក្សត្រ » និង « សូមទ្រង់មានព្រះជនយឺនយូរ » ជាដើម។ ពេលដែលព្រះចៅវិជ្ជរ៉ាឡុងកង និងមហេសីយាងទៅជិត ក្រុមប្រជាជនបានស្រែកថា « យើងទាំងអស់គ្នា រស់នៅដោយ​ក្តីស្មោះស និងតាមដង្ហែរអង្គព្រះមហាក្សត្រ លុះអស់ជីវិត »។

មិនដឹងថា ជាការរៀបចំទុកមុន ឬជា​រឿងចៃដន្យនោះទេ អ្នកកាសែតរបស់ទូរទស្សន៍អង់គ្លេស Channel 4 ម្នាក់ បានប្រជ្រៀតឈានចូលទៅក្បែរព្រះមហាក្សត្រ និងបានសួរសំណួរថា តើព្រះអង្គយល់ដូចម្តេចដែរ ចំពោះការធ្វើបាតុកម្ម​ របស់យុវជនថៃរាប់ម៉ឺននាក់ ដែលទាមទារការធ្វើកំណែទម្រង់ ប៉ុន្មានខែមកនេះ។ ព្រះចៅវិជ្ជរ៉ាឡុងកន បានមានព្រះបន្ទូលតបថា ៖ « ព្រះអង្គ​ស្រលាញ់​​ប្រជានុរាស្ត្រ​ថៃទាំងអស់ ដូចៗគ្នា »។ អ្នកកាសែតអង់គ្លេស សួរបន្ថែមថា តើនឹងអាចមាន​ច្រកចេញ ដោយ​​ការ​ស្រុះស្រួលគ្នាទេ? ព្រះចៅវិជ្ជរ៉ាឡុងកន បាន​ឆ្លើយថា « ថៃគឺជាប្រទេសនៃការ​ស្រុះស្រួលគ្នា »។

គួររំលឹកថា ប្រមាណ​ជាង៤ខែមកហើយ ដែល​អ្នកប្រជាធិបតេយ្យ និងយុវជនថៃជាច្រើនម៉ឺននាក់ បានធ្វើបាតុកម្ម ទាមទារជាច្រើនចំណុច ក្នុងនោះ គឺការធ្វើកំណែទំរង់​ស្ថាប័នព្រះមហាក្សត្រ ធ្វើកំណែទំរង់​រដ្ឋធម្មនុញ្ញ និងទាមទារឲ្យ​លោក​ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង។ ជា​ចលនាបាតុកម្ម ដែល​មានលក្ខណៈសន្តិភាពនិយម ហើយ​ដែលហាក់កាន់តែមាន​សន្ទុះកម្លាំងគាំទ្រ ខ្លាំងឡើងៗ ពីសំណាក់យុវជនសិស្សនិស្សិតថៃ ព្រមទាំងប្រជាជនទូទៅផង។

ដោយឡែក កាលពីថ្ងៃសុក្រទី​​៣០តុលា យុវជន៣នាក់ ដែលជា​អ្នកចេញមុខដឹកនាំបាតុកម្ម គឺលោក Pharit Chiwarak លោក Panupung Jadnok និងកញ្ញា Panusaya Sithijirawattanakul ​ត្រូវបាន​​តុលាការ​សម្រេច​ដោះលែង បន្ទាប់​ពីជាប់ឃុំ អស់ប្រមាណ​២សប្តាហ៍។ ក៏ប៉ុន្តែមន្ត្រីនគរបាលថៃ បាន​បញ្ជូនពួកគេ យកទៅសួរចម្លើយ​បន្ត នៅល្ងាចថ្ងៃ​ដដែល ដែលប្រការនេះ បានបង្កឲ្យ​មានការតវ៉ា ឈានទៅប្រវ៉ាយប្រតប់គ្នា រវាងបាតុករ និងសមត្ថកិច្ច នៅខាងមុខស្នងការនគរបាល​ក្រុង​បាងកក។ យុវជន​មេចលនាបាតុកម្ម​ទាំង៣នាក់ បានរបួស និងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ។ នៅថ្ងៃទី​១វិច្ឆិកា តុលាការថៃបានបដិសេធ ការទាមទាររបស់នគរបាលថៃ ដែលចង់បន្តឃុំខ្លួន​ យុវជនមេចលនាបាតុកម្មទាំង៣នាក់នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ