អានតួអត្ថបទ
បារាំង-ចិន-ជប៉ុន

មេ​បញ្ជាការ​កងទ័ព​ជើងទឹក​បារាំង លើក​​ឡើង​​​ថា​បារម្ភ​ « អំពី​​​អាកប្បកិរិយា​វាតទី » របស់​ចិន

លោកមេបញ្ជាការកងទ័ពជើងទឹកបារាំង បានលើកឡើងថា លោកមានការបារម្ភ អំពី​ អាកប្បកិរិយាវាតទីក្អេងក្អាងរបស់ចិន នៅក្នុងដែនសមុទ្រ ដែលបំពាន​នឹងវិធានច្បាប់​អន្តរជាតិ។ លោក​មេបញ្ជាការកងទ័ពជើងទឹកបារាំង បានថ្លែងដូចនេះ នៅក្នុងពេល​ជួប​ជាមួយ​រដ្ឋមន្ត្រីការពារជាតិជប៉ុន នៅឯទីក្រុង​តូក្យូ កាលពីថ្ងៃចន្ទ ទី​៣០វិច្ឆិកា។

លោករដ្ឋមន្ត្រី​​ការពារជាតិជប៉ុន Nobuo Kishi (ស្តាំ) ទទួលជួប​លោក ​អគ្គមេបញ្ជាការ​កងទ័ពជើងទឹកបារាំង Pierre Vandier នៅទីក្រុងតូក្យូ ថ្ងៃទី ៣០វិច្ឆិកា ២០២០។
លោករដ្ឋមន្ត្រី​​ការពារជាតិជប៉ុន Nobuo Kishi (ស្តាំ) ទទួលជួប​លោក ​អគ្គមេបញ្ជាការ​កងទ័ពជើងទឹកបារាំង Pierre Vandier នៅទីក្រុងតូក្យូ ថ្ងៃទី ៣០វិច្ឆិកា ២០២០។ AFP - KAZUHIRO NOGI
ផ្សាយពាណិជ្ជកម្ម

លោក Pierre Vandier អគ្គមេបញ្ជាការ​កងទ័ពជើងទឹកបារាំង ដែលទើបតែ​ចូលកាន់តំណែង កាលពីខែ​កញ្ញាថ្មីៗនេះ បានទៅធ្វើទស្សនកិច្ច នៅប្រទេសជប៉ុន ដោយ​បានជួប​ជាមួយ​លោក Nobuo Kishi រដ្ឋមន្ត្រីការពារជាតិជប៉ុន និងមន្ត្រីទទួលបន្ទុកកិច្ច​ការ​ទ័ពជើងទឹកជប៉ុន ជាច្រើននាក់​ផ្សេងទៀត។

នៅក្នុងជំនួបនេះ លោក​អគ្គមេបញ្ជាការកងទ័ពជើងទឹកបារាំង បាន​លើកឡើងថា ថ្នាក់ដឹកនាំជប៉ុន មាន​ការយល់ឃើញ ដូចគ្នាទៅ​នឹង​ភាគីបារាំងដែរ ទាក់ទិននឹង​ស្ថិរភាពតំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។ ឆ្លើយ​តបទៅនឹងសំណួរអ្នកកាសែត លោកមេបញ្ជាការកងទ័ពជើងទឹកបារាំង បានលើកឡើងបន្ថែមថា សមត្ថភាព និងកម្លាំងទ័ព​ កំពុងតែប្រែប្រួលខ្លាំងណាស់នាពេលបច្ចុប្បន្ននេះ។ លោកបន្ថែមថា ចំនួន​នាវាចម្បាំង របស់កងទ័ពជើងទឹកចិន បានកើនឡើងខ្លាំង រហូតលើស​កងទ័ពអាមេរិកទៅហើយ។ បន្តិចម្តងៗ កម្រិតតុល្យភាពនៃកម្លាំងទ័ព នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែល​មានតាំង​ពី​ក្រោយ​សង្រ្គាម​លោកលើកទី២ គឺត្រូវប្រែប្រួលទាំងស្រុង។

អ្នកកាសែត បានជីកសួរថា តើបារាំងមានការបារម្ភដែរឬទេ ទាក់ទិននឹងបញ្ហានេះ លោកអគ្គមេបញ្ជាការកងទ័ពជើងទឹកបារាំង ថាបើនិយាយពី​សិទ្ធិសេរីភាព​ក្នុងការធ្វើចរាចរណ៍ផ្លូវសមុទ្រ គឺបារាំងមានការបារម្ភខ្លាំង។ លោក​បាន​បញ្ជាក់ថា ចិនមានអាកប្បកិរិយាវាតទីនៅក្នុងដែនទឹកសមុទ្រ ដោយចំហ និង​មិន​ក្រែងចិត្តនរណា។ លោក បានរំលឹកអំពីហេតុការណ៍ប៉ះទង្គិចគ្នាមួយ​ ដែល​បានកើត​ឡើង នៅខែមេសា ឆ្នាំ២០១៩ ដែល​កងទ័ពចិន បាន​រារាំង រករឿងចោទថានាវាល្បាតបារាំង បាន​បើកចូលទៅក្នុងដែនទឹកចន្លោះ​ចិនដីគោក និងកោះតៃវ៉ាន់ ដោយ​ខុសច្បាប់។

លោក Pierre Vandier បានអះអាងថា បារាំង​គ្មានចេតនាណាមួយ​ ទៅរករឿង ឬបង្កជំលោះជាមួយភាគីណាទាំងអស់។ អ្វីដែលបារាំងទាមទារ គឺសិទ្ធិសេរីភាពនៃការធ្វើចរាចរណ៍ផ្លូវសមុទ្រ ដែលមានចែងក្នុងច្បាប់អន្តរជាតិ ហើយ​ដែលគ្រប់គ្នាត្រូវគោរព មិនថាចិន ឬប្រទេសណាឡើយ។ ទាក់ទិននឹង ការ​ផ្លាស់ប្តូររដ្ឋាភិបាល​ថ្មីនៅសហរដ្ឋអាមេរិក លោកអគ្គបញ្ជាការកងទ័ពជើងទឹកបារាំង បាន​លើកឡើងថា មិនថាបារាំង ជប៉ុន ឬអូស្ត្រាលី សុទ្ធតែបារម្ភ ខ្លាចថារដ្ឋាភិបាលថ្មីរបស់អាមេរិក នឹងដកថយខ្លាំង ពីកិច្ច​ការ​យុទ្ធសាស្រ្តអន្តរជាតិ។ តែយ៉ាងណា លោកជឿជាក់ថា ការចូលកាន់តំណែងរបស់​លោកចូ បៃដិន អាចនឹងនាំសហរដ្ឋអាមេរិក ឲ្យ​លើកកំពស់ទ្រឹស្តី​ពហុភាគីនិយម សហការជាមួយ​ប្រទេសសម្ព័ន្ធមិត្ត បានច្រើនជាងមុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ