អានតួអត្ថបទ
អាលីបាបា និងជនជាតិអ៊ុយហ្គួរ

កាសែត​អាមេរិក៖ អាលីបាបា​បង្កើត​កម្មវិធី​សម្រាប់​ស្គាល់​មុខ ជនជាតិ​អ៊ុយហ្គួរ

ក្រុមហ៊ុន​បច្ចេកវិទ្យា​អាលីបាបា​របស់​មហាសេដ្ឋី ជែក ម៉ា កំពុង​រងការចោទប្រកាន់​ថា បាន​បង្កើត​កម្មវិធីសម្រាប់​ជួយ​ស្គាល់មុខ​ជនជាតិអ៊ុយហ្គួរ។ តាម​ការចុះផ្សាយ​របស់​កាសែត​អាមេរិកាំង New York Times កាលពី​ថ្ងៃ​ពុធ កម្មវិធី​ថ្មី របស់​អាលីបាបា​នឹងជួយ​ឲ្យ​អតិថិជន​អាច​កំណត់​ស្គាល់​មុខ​របស់​ជនជាតិ​អ៊ុយហ្គួរ ឬ​ជនជាតិ​ភាគតិច​ផ្សេងទៀត នៅក្នុង រូបថត ឬ​នៅក្នុង​វីដេអូ។ ក្រុមហ៊ុន​អាលីបាបា នៅ​មិនទាន់​ឆ្លើយបកស្រាយ​យ៉ាងម៉េច​នៅឡើយទេ ប៉ុន្តែ ក្រុមហ៊ុន​បាន​ដក ​លុបចោល​ទៅវិញ កម្មវិធី​ដ៏ចម្រូង​ចម្រាស ដែល​សំដៅ ត្រួតពិនិត្យ​តាមដាន​ជនជាតិ​អ៊ុយហ្គួរ មិនថា នៅ​ក្នុងប្រទេសចិន ឬ​នៅ បរទេស។ 

រូបសញ្ញា របស់​ក្រុមហ៊ុន​អាលីបាបា ដែល​រងការចោទប្រកាន់ថា បាន​បង្កើត​កម្មវិធី​សម្រាប់​ស្គាល់​មុខ អត្តសញ្ញាណ​របស់ជនជាតិ​អ៊ុយហ្គួរ
រូបសញ្ញា របស់​ក្រុមហ៊ុន​អាលីបាបា ដែល​រងការចោទប្រកាន់ថា បាន​បង្កើត​កម្មវិធី​សម្រាប់​ស្គាល់​មុខ អត្តសញ្ញាណ​របស់ជនជាតិ​អ៊ុយហ្គួរ AFP/File
ផ្សាយពាណិជ្ជកម្ម

នៅពេល​ចាប់​ពង្រីកខ្លួន​ទៅក្នុង​មុខជំនួញ​ផ្សេងទៀត ដែលមាន​តាំងពី​បច្ចេកវិទ្យា​ស្តុកទុកទិន្នន័យ ផ្សារទំនើប រោងកុន ទាំង​នៅក្នុង​ប្រទេស និង​បរទេស ក្រុមហ៊ុន​ចិន អាលីបាបា ដែលជាក្រុមហ៊ុន​លក់ទំនិញ​អនឡាញ​ដ៏ធំមហាសាល បាន​បង្កើត​ផងដែរ កម្មវិធី​មួយ ដែល​មានសមត្ថភាព ជួយ ឲ្យគេ​កំណត់​បាន​មុខមាត់​របស់​ជនជាតិ​អ៊ុយហ្គួរ និង​ជនជាតិ​ភាគតិច​ដទៃទៀត ដែល​កំពុង​ស្ថិតនៅក្រោម​តាមដាន​ដ៏តឹងរ៉ឹងរួចទៅហើយ​របស់​អាជ្ញាធរ​ចិន។

តាម​ការចុះផ្សាយ​របស់​កាសែត អាមេរិកាំង New York Times កម្មវិធី របស់​ក្រុមហ៊ុន​អាលីបាបា នឹងជួយ​ឲ្យ​អ្នកប្រើប្រាស់ ស្គាល់​មុខ អត្តសញ្ញាណ​របស់ ជនជាតិ អ៊ុយហ្គួរ នៅក្នុង​វីដេអូ ឬ​រូបថត ដែលមាន​នៅលើ​អ៊ីនធ័រនែត។ អត្ថបទ​ដែល​ពន្យល់លម្អិត​ពីកម្មវិធី ត្រូវ​បាន​ក្រុមហ៊ុន​អាលីបាបា​ដកចេញពី​វិបសៃតិ៍​របស់ខ្លួន ប៉ុន្តែ ទីភ្នាក់ងារស្រាវជ្រាវ​អាមេរិកាំង​មួយ​ឈ្មោះ IPVM បាន​ថតទុក និង​បានចែកចាយ​ជាមួយអ្នកកាសែត។ តាម​កាសែត​New York Times ដដែល កម្មវិធី​របស់​អាលីបាបា​គ្រាន់តែ​ជាការតេស្តសាកល្បង ប៉ុន្តែ មិនដែល​ត្រូវ​គេ​ប្រើ​ឲ្យ​ច្រើនហួស​ពីហ្នឹងនោះទេ។

នៅ​សប្តាហ៍មុន ទីភ្នាក់ងារ​ស្រាវជ្រាវ អាមេរិកាំង បាននិយាយ​ថា ក្រុមហ៊ុន​បច្ចេកវិទ្យា Huawei បានធ្វើ តេស្ត​កម្មវិធី​មួយ ដែល​ជួយ​ឲ្យ​គេ ស្គាល់​មុខ ជនជាតិ​អ៊ុយហ្គួរ ហើយ​និងផ្ញើដំណឹង​នេះភ្លាម ទៅប៉ូលិស។ ក្រុមហ៊ុនHuawei បាន​បដិសេធ​ការចោទប្រកាន់ ប៉ុន្តែ ក្រុមហ៊ុន​មិនអាច​បញ្ចុះបញ្ចូល កីឡាករ​បាល់ទាត់បារាំង នោះទេ។ Antoine Griezmann កីឡាករជើងឯង​របស់​Barcelona បាន​សម្រេច​កាត់ផ្តាច់​កុងត្រា ឈប់​ផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​ក្រុមហ៊ុន​Huawei នៅក្រោយ​ការបែកធ្លាយលើកនេះ។

ប្រទេស​ចិនកំពុង​រងការរិះគន់ ពី​សហគមន៍អន្តរជាតិ នៅក្នុង​រឿង​ធ្វើទុក្ខបុកម្នេញ គាបសង្កត់ទៅលើ​ជនជាតិ​អ៊ុយហ្គួរ​រាប់លាន​នាក់ នៅ ខេត្ត​ស៊ីនជាំង។ ក្រុមអង្គការ​ការងារ​សិទ្ធិមនុស្ស​ធ្លាប់​បាន​ចោទប្រកាន់ថា អាជ្ញាធរ​ចិន បាន​ចាប់ឃុំខ្លួន ជនជាតិ​អ៊ុយហ្គួរ ជាង ១លាននាក់ នៅក្នុង​ជំរំលត់ដំ និង​ការងារ​បង្ខំ នៅ​ស៊ីនជាំង។ នៅក្រោយ បដិសេធ ជាច្រើន ដង ទីក្រុង​ប៉េកាំង បាន​ទទួលស្គាល់​ថា ពិតជា​មាន​ជំរំលត់ដំ​អប់រំ ប៉ុន្តែ ជាជំរំ ដែល​មាន​គោលដៅ ជួយ ប្រជាជន​អ៊ុយហ្គួរ​ឲ្យ​រួចផុត​ពី​ការអូសទាញ របស់​ក្រុមអ៊ីស្លាម​ជ្រុលនិយម។

នៅក្រោយ ភេរវកម្ម​សម្លាប់​មនុស្ស​នៅ ស្ថានីយ៍​រថភ្លើង នៅ គួនមិញ នៅ​ឆ្នាំ ២០១៤ និង​ការបំផ្ទុះភេរវកម្ម​នៅ ទីក្រុង​Urumqi រដ្ឋធានី​របស់​ខេត្ត​ស៊ីនជាំង រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​បង្កើនការ រឹតបន្តឹង ត្រួតពិនិត្យ​កាន់តែ​ខ្លាំង​នៅ ស៊ីនជាំង។ នៅប៉ុន្មាន​ឆ្នាំចុងក្រោយនេះ ប៉ូលិស​ចិន បាន​ប្រើ​កម្មវិធី​ស្គាល់មុខ ស្កេន​គ្រាប់ភ្នែក ប្រមូល​ADN ពីប្រជាជន​អ៊ុយហ្គួរ និងយកលេស ប្រើ​កម្មវិធី​បញ្ញា​សិប្បនិម្មិត​ផ្សេងទៀត ដើម្បី​ការពារ ទប់ស្កាត់​ការវាយប្រហារ​ភេរវកម្ម៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ