អានតួអត្ថបទ
ថៃ-កូវីដ១៩

ថៃបិទ​ខេត្ត​សាមុតសាខន ក្រោយ​​រកឃើញ​ករណី​កូវីដ១៩ ជាង​៨០០នាក់

អាជ្ញាធរសុខាភិបាលថៃ បានសម្រេចបិទខ្ទប់ខេត្ត សាមុតសាខន​ ដែលស្ថិតភាគខាងត្បូងក្រុងបាងកក បន្ទាប់ពីបានរកឃើញ ករណីវិជ្ជមានកូវីដ​១៩ ចំនួន​ជាង​៨០០នាក់ ពាក់ព័ន្ធជាមួយ​នឹង​ផ្សារលក់គ្រឿងសមុទ្រដ៏ធំមួយ។ នេះបើផ្អែកតាម​ តួលេខចុះផ្សាយ​ដោយ​កាសែតបាងកកប៉ុស្តិ។ អាជ្ញាធរថៃ កំពុងធ្វើតេស្តទ្រង់ទ្រាយ​ធំ ទៅលើមនុស្ស​ប្រមាណជាង​១ម៉ឺននាក់ ព្រមទាំងកំពុងពិចារណា បិទខ្ទប់ខេត្តផ្សេងៗផងដែរ។

ពលករបរទេស នៅតំបន់ផ្សារ​បោះដុំគ្រឿងសមុទ្រខេត្តសាមុតសាខន តម្រង់ជួរ ដើម្បីធ្វើតេស្តកូវីដ​១៩។ សាមុតសាខន ថ្ងៃទី​២០ ធ្នូ ២០២០
ពលករបរទេស នៅតំបន់ផ្សារ​បោះដុំគ្រឿងសមុទ្រខេត្តសាមុតសាខន តម្រង់ជួរ ដើម្បីធ្វើតេស្តកូវីដ​១៩។ សាមុតសាខន ថ្ងៃទី​២០ ធ្នូ ២០២០ REUTERS - ATHIT PERAWONGMETHA
ផ្សាយពាណិជ្ជកម្ម

ផ្សារបោះដុំគ្រឿងសមុទ្រដ៏ធំមួយ ឈ្មោះម៉ាហាឆៃ ​នៅក្នុងខេត្តសាមុតសាខន ប្រទេសថៃ បានក្លាយ​ជា​ជង្រុក នៃការផ្ទុះការឆ្លងរាលដាលកូវីដ១៩។ ស្ត្រីអ្នកលក់បង្គារ អាយុ៦៧ឆ្នាំម្នាក់ ត្រូវបាន​គេ​ធ្វើតេស្តរកឃើញវិជ្ជមានកូវីដ​១៩​ មុនគេនៅក្នុងផ្សារនេះ មុននឹងធ្វើឲ្យ​ផ្អើល ឈានទៅដល់ការធ្វើតេស្តទ្រង់ទ្រាយធំ។

យោងតាម​លោក Taweesin Visanuyothin អ្នកនាំពាក្យ​នាយកដ្ឋានប្រយុទ្ធប្រឆាំងជម្ងឺឆ្លង នៃក្រសួងសុខាភិបាលថៃ គឺអាជ្ញាធរថៃ បានចាប់ផ្តើម ធ្វើតេស្តទ្រង់ទ្រាយធំ កាលពីថ្ងៃអាទិត្យ​ទី២០ធ្នូ និងមានគម្រោងធ្វើឲ្យបានយ៉ាងហោច ១ម៉ឺននាក់ ពីនេះរហូតដល់ថ្ងៃពុធ។

គិតមកត្រឹមពេលនេះ ក្នុងចំណោមអ្នកដែលគេរកឃើញថាមានផ្ទុកកូវីដ​១៩ ដែលពាក់ព័ន្ធនឹងផ្សារ លក់គ្រឿងសមុទ្រនេះ គឺភាគច្រើនជាពលករជនជាតិភូមា។ អាជ្ញាធរថៃ បានចេញវិធានការភ្លាមតាំងតែពីថ្ងៃសៅរ៍ ឲ្យ​ពលករជនជាតិភូមាទាំងអស់នៅតំបន់នេះ ត្រូវ​ធ្វើចត្តាឡីស័ក សំងំនៅក្នុងផ្ទះរៀងខ្លួន យ៉ាងតឹងតែងបំផុត។ យ៉ាងណាមិញ ពលករជនជាតិភូមាខ្លះ បានត្អូញត្អែរ អំពីការ​ផ្សព្វផ្សាយសារ នៅតាមបណ្តាញសង្គម ដែលមានលក្ខណៈ ជេរប្រមាថ និងស្តី​បន្ទោសថាពួកគេជាអ្នកនាំយកមេរោគកូវីដ១៩ មកចំលងរាលដាល នៅក្នុង​ប្រទេសថៃ។

អាជ្ញាធរ ក៏បាន​សម្រេច​បិទខ្ទប់ ខេត្តសាមុតសាខន ដែលស្ថិតនៅកៀកបំផុតនឹងរាជធានីបាងកក អមជាមួយនឹងវិធានការ ដាក់​បំរាមគោលចរ ​ហាម​ចេញដើរ​ក្រៅផ្ទះ ចាប់ពីម៉ោង១០យប់ ដល់​ម៉ោង​៥ទៀបភ្លឺ។ វិធានការនេះ មានសុពលភាពរហូតដល់ថ្ងៃទី ៣ខែមករា ២០២១។

ដោយឡែក នៅព្រឹក​ថ្ងៃចន្ទ ទី២១ធ្នូ យោងតាម​អ្នកនាំពាក្យ​នាយកដ្ឋានជំងឺឆ្លងថៃ គឺលោក​ប្រាយុទ្ធ ចាន់អូចា បានដាក់បញ្ជា ឲ្យ​រដ្ឋមន្ត្រីសុខាភិបាលថៃ ត្រូវពិចារណា អំពីការឈាន​ទៅ​បិទខ្ទប់ខេត្តមួយចំនួនទៀត ដែលស្ថិតនៅជាប់ខេត្តសាមុតសាខន ឬក៏អាចបិទចរាចរណ៍គ្រប់ខេត្តទាំងអស់តែម្តង។ មានការព្រួយបារម្ភថា អាចមាន​មនុស្ស​ច្រើននាក់ នៅខេត្ត​ផ្សេង​ទៀត ដែលបានឆ្លងកូវីដ​១៩​ ពីទីផ្សារ​បោះដុំគ្រឿងសមុទ្រនៅសាមុតសាខននេះ។ យ៉ាងណាមិញ នៅរសៀលថ្ងៃចន្ទនេះ អ្នកនាំពាក្យ​សាលាក្រុង​បាងកក បានបញ្ជាក់ប្រាប់កាសែតបាងកកប៉ុស្តិថា គេបានរកឃើញករណីកូវីដ​១៩ ចំនួន​២នាក់បន្ថែមទៀតនៅ​ក្រុងបាងកក ពោលគឺសរុប៤នាក់ហើយ ដែលសុទ្ធតែជាមនុស្ស បានធ្វើដំណើរទៅ​ផ្សារលក់គ្រឿងសមុទ្រ នៅខេត្តសាមុតសាខន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ