អានតួអត្ថបទ
ថៃ-កូវីដ១៩

នាយក​រដ្ឋ​មន្ត្រី​ថៃ​បន្ទោស​ពលករ​បរទេស​ថា​ជា​ដើម​ហេតុ​នៃ​ការ​ផ្ទុះ​កូវីដ​ក្នុង​សហគមន៍

នៅថ្ងៃ​ចន្ទ​ ២១ ធ្នូម្សិលមិញ​ លោក​នាយករដ្ឋមន្រ្តី​ថៃ​ ប្រាយុទ្ធ​ ចាន់អូចា​ បាន​ចេញ​មុខ​ស្តី​បន្ទោស​ពលករ​បរទេស​ថាជា​ដើម​ចម​នៃ​ការ​ផ្ទុះឡើង​ជំងឺ​កូវីដ​ក្នុង​សហគមន៍​នៅ​ឯខេត្ត​សាមុត​សាខន។ មកទល់នឹងពេលនេះ ករណី​ឆ្លង​កូវីដ​ក្នុង​សហគមន៍​ថៃ​កំពុង​បន្ត​កើន​ឡើង​ ហើយ​អាជ្ញាធរ​បាន​បន្ត​ដាក់​ការ​ប្រុង​ប្រយ័ត្នខ្ពស់នៅ​ចំពោះ​មុខ​ស្ថានការណ៍​នៃ​ការ​ផ្ទុះ​កូវីដ​ឡើង​ខ្លាំង​មក​វិញ​នេះ​។

មនុស្សម្នាឈរតម្រង់ជួរដើម្បីទទួលការធ្វើតេស្តរកជំងឺកូវីដ១៩ នៅក្នុងខេត្តសាមុតសាខន ភាគនិរតីទីក្រុងបាងកកប្រទេសថៃកាលពីថ្ងៃអាទិត្យទី ២០ ខែធ្នូ ឆ្នាំ ២០២០។
មនុស្សម្នាឈរតម្រង់ជួរដើម្បីទទួលការធ្វើតេស្តរកជំងឺកូវីដ១៩ នៅក្នុងខេត្តសាមុតសាខន ភាគនិរតីទីក្រុងបាងកកប្រទេសថៃកាលពីថ្ងៃអាទិត្យទី ២០ ខែធ្នូ ឆ្នាំ ២០២០។ AP - Jerry Harmer
ផ្សាយពាណិជ្ជកម្ម

ប្រទេសថៃ​មាន​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​បំផុត​ចំពោះ​កណី​ផ្ទុះឡើង​នៃ​ជំងឺ​កូវីដ​ក្នុង​សហគមន៍​នៅ​ខេត្ត​សាមុត​សាខន​ ចាប់តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ពេល​ដែល​ស្ត្រី​អ្នក​លក់​បង្គា​អាយុ​ ៦៧ ឆ្នាំម្នាក់​នៅ​ផ្សារ​លក់​គ្រឿង​សមុទ្រ​ឈ្មោះ​ម៉ាហាឆៃ​បាន​ធ្វើ​តេស្ត​វិជ្ជមាន​កូវីដ១៩​។

ក្រោយ​ការ​រកឃើញនេះ​ អាជ្ញាធរ​សុខាភិបាល​ថៃ​បាន​ចាប់ផ្តើម​ស្វែង​រក​អ្នក​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​ស្ត្រី​លក់បង្គាខាងលើ​ និង​បានផ្តើម​ធ្វើ​តេស្ត​ទ្រង់ទ្រាយធំ​។ រដ្ឋាភិបាល​ថៃ​បាន​រាយការណ៍​នៅថ្ងៃ​អង្គារ​នេះ​ពី​ករណី​ឆ្លង​វីរុស​កូវីដថ្មី​ចំនួន​ ៤២៧ ករណី​ ក្នុង​នោះ​មាន​ពលករ​ចំណាកស្រុក​ចំនួន​ ៣៩៧ នាក់​។

ដូច្នោះ​គិត​មកទល់នឹង​ពេលនេះ​ ករណី​ឆ្លង​កូវីដ​ដែល​មាន​ទំនាក់ទំនង​នឹង​ផ្សារ​លក់គ្រឿង​សមុទ្រ​ដ៏ធំ​ឈ្មោះម៉ាហាឆៃ​នៅ​ខេត្ត​សាមុតសាខន​ភាគនិរតី​ទីក្រុង​បាងកក​បាន​កើន​ឡើង​ដល់ ១ ០៦៣ ករណី​ក្នុង​ចំណោម​អ្នក​ធ្វើតេស្ត​សរុប ៦ ១៥៦​នាក់​។

អ្នក​ឆ្លងកូវីដថ្មី​ភាគច្រើន​ជា​ពលករ​មកពី​ប្រទេស​ភូមា​ដែល​ធ្វើការ​នៅលើ​ទូក​នេសាទ​គ្រឿង​សមុទ្រ​និង​នៅក្នុង​រោងចក្រ​កែច្នៃ​ឧស្សាហកម្ម​គ្រឿង​សមុទ្រ​ថៃ​ដែល​មាន​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​។

កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ លោក​ប្រាយុទ្ធ ចាន់អូចានាយករដ្ឋមន្ត្រីថៃ​បានស្តី​បន្ទោស​ពលករ​បរទេស​ថា​ជា​ដើមចម​នៃការផ្ទុះឡើង​ជំងឺកូវីដ​នៅក្នុង​សហគមន៍​នៅ​ខេត្ត​សាមុតសាខន​។ លោក​បាន​លើក​ឡើង​ពី​គ្រោះថ្នាក់​ដែល​រោងចក្រ​ថៃ​មួយ​ចំនួន​បាន​ជួល​កម្មករ​ចំណាក​ស្រុក​ខុសច្បាប់​និង​បណ្តាល​ឲ្យ​មាន​ការ​លួចឆ្លងដែន​ខុសច្បាប់​នៅតាម​ព្រំដែន​ភូមា-ថៃ​។

គួរជម្រាបជូនថា​ គិតត្រឹម​ថ្ងៃអង្គារ​ ទី២២ ធ្នូនេះ​ ករណី​ឆ្លង​កូវីដ​សរុប​នៅ​ទូទាំង​ប្រទេស​​ថៃ​កើន​ឡើង​ដល់​ ៥ ៧១៦ ករណី​។ ខណៈពេលេនេះ​ អាជ្ញាធរ​ថៃ​កំពុង​ថ្លឹងថ្លែង​ថា​តើគួរ​ដាក់​ចេញ​នូវ​វិធានការ​បិទខ្ទប់​ខេត្ត​ក្រុង​ដទៃទៀត​ក្នុង​ទ្រង់ទ្រាយ​ធំ​ដែរ​ឬយ៉ាងណា​?

លោកនាយករដ្ឋមន្រ្តី​ប្រាយុទ្ធ ចាន់អូចា​ នឹង​តាម​ដាន​មើល​ស្ថានការណ៍​រយៈពេល​មួយ​សប្តាហ៍​។ ប្រសិនបើ​ករណី​ឆ្លង​រាលដាលកូវីដ​នៅ​ក្នុង​ប្រទេស​កាន់តែ​មាន​សភាព​ធ្ងន់ធ្ងរ​នោះ​វិធានការ​ចាក់សោរ​ទ្រង់ទ្រាយធំ​នឹង​ត្រូវ​ដាក់​ចេញ​នៅ​ចំ​ពេល​ប្រារព្ធ​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ជា​ចាំបាច់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ