អានតួអត្ថបទ
ចិន

អាជ្ញាធរ​ចិន​បើក​អង្កេត​លើក្រុមហ៊ុន​អាលីបាបា របស់​លោក Jack Ma

ជា​ដំណឹង​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​សម្រាប់​ពិភព​អ្នក​ជំនួញ ! នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍​ទី ២៤​ ធ្នូ ២០២០នេះ អាជ្ញាធរចិន​បាន​ប្រកាស​បើក​អង្កេត​ប្រឆាំង​នឹង​ក្រុមហ៊ុន​អាលីបាបា​ ដែលជា​​និម្មិត្តរូ​ប​នៃ​ភាពជោគជ័យ​របស់​ចិន​ក្នុង​វិស័យ​សេដ្ឋកិច្ច​ឌីជីថល។ របប​កុម្មុយនិស្ត​ចិន​សង្ស័យ​ថា​ក្រុមហ៊ុន​អាលីបាបា បាន​រក​ស៊ី​​ផ្តាច់​មុខ។ អាលីបាបា បាន​សន្យា​សហការអង្កេត​​ជាមួយ​អាជ្ញាធរ តែ​ដំណឹង​នេះ​បាន​រុញ​ទីផ្សារ​ភាគហ៊ុន​អាលីបាបា​នៅហុងកុងឱ្យ​​ដាំក្បាល​ចុះ​អស់​ជាង​៨%​ភ្លាម។

អាជ្ញាធរ​ចិន​បើក​អង្កេត​ប្រឆាំង​អាលីបាបា​
អាជ្ញាធរ​ចិន​បើក​អង្កេត​ប្រឆាំង​អាលីបាបា​ AFP
ផ្សាយពាណិជ្ជកម្ម

ជើង​ឯក​ផ្នែក​ពាណិជ្ជកម្ម​អនឡាញ​ អាលីបាបា ជា​ផ្ទាំង​ស៊ីប​របស់អាជ្ញាធរ​ បានរងគំនាប​និង​ការ​ព្រមាន​ តាំង​ពីប៉ុន្មានសប្តាហ៍​មក​ហើយ។ កាលពី​ដើមខែ​វិច្ឆិកា ពិភពអ្នក​​ភាគហ៊ុន​បាន​ស្រឡាំង​កាំង​ម្តង​ហើយ នៅ​ពេល​​អាជ្ញាធរ​គ្រប់គ្រង​ទីផ្សារមូលប័ត្រ​​ចិន សម្រេច​លុប​ឈ្មោះ នៅនាទី​ចុងក្រោយ មិន​ឱ្យ​​ក្រុមហ៊ុន​​អាលីបាបា​​មាន​ចំណែក​ក្នុងភាគ​ហ៊ុនរបស់​ក្រុម Ant Group ជើងឯក​ពិភពលោក​ផ្នែក​បង់ប្រាក់តាមប្រព័ន្ធ​​អេឡិចត្រូនិក​។ ការ​សម្រេច​នេះ​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​​លោក​ ជេក​ ម៉ា ស្ថាបនិក​ក្រុមហ៊ុនអាលីបាបា ដ៏​ពេញ​និយម​ បាន​ថ្លែង​រិះគន់​សកម្មភាព​របស់​ស្ថាប័នគ្រប់គ្រង​ទីផ្សារមូលប័ត្រ​ចិន ពី​ទីក្រុង​សៀងហៃ។ តាំង​ពី​ថ្ងៃ​​នោះ​មក​ ខុស​ពី​ទម្លាប់ គេ​លែង​ឃើញ លោក ម៉ា លេច​មុខជា​សាធារណៈ​សោះ។

ក្នុង​វ័យ​៥៦​ឆ្នាំ អតីត​គ្រូបង្រៀន​ភាសា​អង់គ្លេស លោក​ ម៉ា បាន​ចូលនិវត្តន៍​ និងលែង​​ជា​ប្រធាន​ក្រុមហ៊ុន ​ទៀតហើយ ជា​ផ្លូវការ​ ប៉ុន្តែ​លោក​នៅ​តែមានឥទ្ធិពល​ខ្លាំង​លើ​ក្រុមហ៊ុន​អាលីបាបា និង Ant Group ដដែល ព្រោះលោក​មាន​ភាគហ៊ុន​ធំ។ សកម្ម​ក្នុងយុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំងដើម្បីអាកាសធាតុ លោក ម៉ា ជា​តំណាង​ជោគជ័យ​របស់​ចិននៅលើ​ពិភពលោក ប៉ុន្តែ​​អាជ្ញាធរ​ចិន​ចាំបាច់​ត្រូវ​ពង្រឹង​ត្រួត​ត្រា​និងទប់​ស្កាត់​​ការ​ពង្រីកមូលធន។ អាជ្ញាធរ​ចិន​ខ្លាច​ឥទ្ធិពល​របស់​អាលីបាបា និង​ជាពិសេស​ខ្លាចក្រុមហ៊ុនអាច​​ជ្រៀត​ចូល​ក្នុង​វិស័យ​​កម្ចី​ប្រាក់​តាម​អន​​ឡាញ ដែល​អាច​រំលង​ធនាគារ​សាធារណៈ​បាន។

ប្រព័ន្ធ​ឃោសនាព័ត៌មាន​​ចិន​ បាន​ថែម​ព្រលយ​អំពី​គ្រោះហានិភ័យ​ធ្លាក់ក្នុង​ភាព​វឹកវរហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​អាលីបាបា​ផង និង​ក្រុមហ៊ុន Tencent ជាគូប្រជែងផង។ “ការ​បើកអង្កេត​លើ​ក្រុមហ៊ុន​អាលីបាបា ជា​វិធានការ​ដ៏​សំខាន់របស់​ចិន ក្នុងការប្រយុទ្ធប្រឆាំងនឹង​ការ​​រកស៊ី​ផ្តាច់​មុខ តាម​​អ៊ីនធ័រនែត និង​ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​អភិវឌ្ឍន៍​ស្អាត​ស្អំក្នុង​វិស័យ​សេដ្ឋកិច្ច​ឌីជីថល​យូរ​អង្វែង”។ នេះ​បើ​តាម​សំណេរ​របស់​សារព័ត៌មាន​ផ្លូវការ​បក្សកុម្មុយនិស្តចិន​។

ការ​អង្កេត​នេះ​បាន​បង្ហាញឱ្យ​ឃើញ​ថា​ ទោះ​អាលីបាបា​ មាន​អំណាច​ប៉ុនណា ទោះក្រុមហ៊ុនឯកជន​មាន​បាន​យ៉ាងណា ក៏​មិន​អាច​ផ្ចាញ់​បក្ស​កុម្មុយនិស្តបានទេ។ នៅ​ប្រទេសចិន ​ច្បាប់​ត្រូវ​ស្ថិត​នៅក្រោម​​ការ​កំណត់របស់​បក្សកុម្មុយនិស្ត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ