អានតួអត្ថបទ
ចិន-សេដ្ឋកិច្ច

ចិនទាញ​ផលចំណេញសេដ្ឋកិច្ច​​បាន​ច្រើនជាង​គេ​ពី​វិបត្តិកូវីដ​១៩

ក្នុង​ពេល​ដែល​សេដ្ឋកិច្ច​ពិភពលោកកំពុង​អូសជើង​​ដោយ​វិបត្តិ​កូវីដ១៩ ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​​របស់​ចិន មាន​កំណើន១,៩% នៅ​ឆ្នាំ​២០២០។ នេះ​បើ​តាម​ស្ថិតិផ្លូវការ​​របស់​​ស្ថាប័ន​ពន្ធដារ​ចិន​។ “ចិន​ជា​មហាប្រទេស​​តែ​មួយ​គត់​នៅ​លើ​ពិភពលោក​ ដែល​​មាន​កំណើន​ផលិតផលសរុប​ក្នុង​ស្រុក​វិជ្ជមាន” នេះបើ​តាម​ការ​អះអាង​របស់លោក Li Kuiwen ​អ្នក​នាំ​ពាក្យ​​នៃ​រដ្ឋបាល​​ពន្ធដារចិន ក្នុង​សន្និសីទ​កាសែត​ថ្ងៃទី ១៤​មករា ២០២១។

ម៉ាស់​ប្រមាណ​ពី​៨ម៉ឺន​ទៅ​១សែន​ នាំ​ចេញពី​រោងចក្រ ចិនក្នុង​មួយ​ថ្ងៃៗ
ម៉ាស់​ប្រមាណ​ពី​៨ម៉ឺន​ទៅ​១សែន​ នាំ​ចេញពី​រោងចក្រ ចិនក្នុង​មួយ​ថ្ងៃៗ RFI/Stéphane Lagarde
ផ្សាយពាណិជ្ជកម្ម

​ចិនបានទទួល​​ផល​ចំណេញ​ពីវិបត្តិកូវីដ​១៩​ខ្លាំង​ជាង​គេ។ រងគ្រោះមុន​គេ​ តែ​ដើរ​ចេញ​ពី​វិបត្តិ​ក៏​បានមុន​គេ។ តាំងពីដើម​ខែ​មេសា២០២០​មក ចិន​បានក្លាយ​ជារោងជាង​​ពិភពលោក។ ដោយ​ហេតុកូវីដ១៩ ​ រោងចក្រ​ចិន​មិន​អាច​លើក​ការងារ​ទៅ​ធ្វើ​នៅ​ក្នុ​ងបណ្តាប្រទេស​នៅ​អាស៊ី​ខាងត្បូង ឬ​អាស៊ី​អាគ្នេយ៍​ដែល​មានតម្លៃ​ពលកម្ម​ថោក​ជាង​ទេ។ រោង​ចក្រ​ចិន​បាន​ទៅស្វែងរក​និង​ដឹក​កម្មករ​ទាំងឡានៗ ដែល​ជាប់​កុន​នៅក្នុង​​តំបន់​ និង​ខេត្ត​ ដោយ​ហេតុ​បម្រាម​បិទ​ខ្ទប់ប្រទេស​ដើម្បី​ទប់ស្កាត់​រលករាតត្បាត​របស់​កូវីដ​១៩។

វិធានការ​បិទ​ខ្ទប់​ប្រទេស ការណែនាំពលរដ្ឋ​ឱ្យ​នៅតែ​ក្នុង​ផ្ទះ គោរព​គម្លាត​សុវត្ថិភាព ចេះ​ការ​ពារ​ខ្លួន​ បាន​ពង្រីក​តូនាទី​ពាណិជ្ជកម្មចិន និង​បាន​ជំរុញ​ការ​​នាំ​ចេញ​ចិន​ ឱ្យ​មានកំណើន​យ៉ាង​ខ្លាំង។ ការនាំចេញ​ម៉ាស់ និង​សម្ភារៈសម្រាប់​ការ​ពារ​សុខភាព បាន​កើន​ឡើង​៣១%។ ការនាំចេញ​នូវ​ផលិតផល​​អេឡិចត្រូនិកក៏​កើន​ឡើង​ខ្លាំង​ ដើម្បី​បំពេញ​សេចក្តីត្រូវ​ការ​របស់​អ្នក​ជាប់​បង្ខាំង​ខ្លួន​នៅទូទាំង​ពិភពលោក។ ជា​សរុប​ ចិន​មាន​សល់​ផលពាណិជ្ជកម្ម​ឡើង​ដល់​កំរិត​កំពូល (នៅ​ខែ​វិច្ឆិកា ៦១ពាន់​លានអឺរ៉ូ, ៧៨ពាន់​លាន​នៅ​ខែ​ធ្នូ) និង​មាន​កំណើន​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​៣,៦%។

សេដ្ឋកិច្ច​ចិន​មាន​ជោគជ័យ​លើ​គ្រប់​ផ្នែក។ ជាមួយ​នឹង​​អាទិភាព​ស្វែង​រក​លំនឹង​ពាណិជ្ជកម្ម​ លោក​​ប្រធានាធិបតី​អាមេរិក ដូណាល់​ត្រាំ ​បានប្រកាស​​​សង្គ្រាមពាណិជ្ជកម្ម​ជាមួយ​មហាយក្សចិន តាំង​ពី​ឆ្នាំ​២០១៨មក និងទើប​​បាន​បិទ​បញ្ចប់​នៅ​ខែ​មករា​ឆ្នាំ​២០២០ មុន​ផ្ទុះ​វិបត្តិ​កូវីដ១៩​បន្តិច។ ថ្វី​បើក្នុង​កិច្ចព្រមព្រៀង​​ចិនយល់ព្រម​បង្កើន​ការ​នាំ​ចូល​ផលិត​អាមេរិក តម្លៃ​២០០​ពាន់​លានបន្ថែម​សម្រាប់​រយៈ​ពេល​ពី​រឆ្នាំមែន ប៉ុន្តែ​បើ​តាម​របាយការណ៍​របស់​ស្ថាប័ន​ពន្ធដារ​ចិនចេញ​ផ្សាយ​នៅ​មួយ​សប្តាហ៍​មុន​លោកត្រាំ​បញ្ចប់អាណត្តិ ការ​នាំ​ចេញ​របស់​ចិន​ទៅ​អាមេរិ​កនៅឆ្នាំ​២០២០​នេះ ​បាន​កើន​ឡើង​៧,១% ពោល​គឺឡើង​ដល់​​៣១៦,៩ពាន់​លាន​ដុល្លារ។

បើ​ទោះ​បី​ជា​រដ្ឋបាលលោកដូណាល់ត្រាំ បានបន្ថែម​រនាំងពន្ធគយ​យ៉ាង​ណាក៏​ដោយ ក៏​តួនាទី​ចិន​ក្នុង​ទីផ្សារ​មូលប័ត្រ​កាន់​តែត្រូវ​បានពង្រឹង។ កំណើន​សេដ្ឋកិច្ច​ពិភពលោក​បច្ចុប្បន្ន​រំពឹង​លើ​ចិន​ជាង​ពេល​ណា​ៗទាំង​អស់។ គ្រាន់​តែថា​គំរូ​សេដ្ឋកិច្ចចិន​​នៅ​មាន​កំរិត និង​ត្រូវ​ការ​ពេលវេលា​យូរ​ទៀត​ទម្រាំ​អាច​ឡើង​មក​ស្មើ​នឹង​សហរដ្ឋ​អាមេរិកបាន។ ប្រជាពលរដ្ឋ​ចិន​កាន់​តែ​ចាស់ វិស័យ​ឯកជន​រងគំនាប​ខ្លាំង​ពី​រដ្ឋ មានបំណុលជាតិ​ខ្ពស់ សុទ្ធ​សឹង​ជា​កត្តា​ដែល​អាច​មក​ពន្យឺត​ចិន​មិន​ឱ្យ​​ស្ទុះ​ឡើង​បាន​លឿន​ទៅ​​វ៉ារ​អាមេរិក​យក​តំណែង​ជា​​មហាអំណាច​សេដ្ឋកិច្ច​ទី​១ពិភពលោក​បាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ