អានតួអត្ថបទ
ចិន-គ្រោះថ្នាក់​នៅអណ្តូងរ៉ែ

ចិន​បើកប្រតិបត្តិការ​រុករក​ ​ជួយ​សង្រ្គោះ កម្មករ​ដែលជាប់​គាំង​ក្នុង​អណ្តូងរ៉ែមាស

ក្រុមជួយសង្រ្គោះ ចិន បាន​ចាប់ផ្តើម​ជីកខួង​រក​ច្រកចូល​បី​ទៀត នៅថ្ងៃ​នេះ ដើម្បី អាច​ចូល​ទៅ​ជួយ ក្រុមកម្មករ ដែល​កំពុងជាប់គាំង នៅក្នុង​អណ្តូងរ៉ែមាស នៅ ខេត្ត​ស្ហានតុង ភាគខាងកើត​ប្រទេស​ចិន។ នៅក្រោយ ជាប់គាំង ក្រោមដី អស់ ៩ថ្ងៃ ដោយសារ គ្រោះថ្នាក់​ផ្ទុះ បំផ្លាញ ផ្លូវចូល អណ្តូងរ៉ែ កម្មករ​អណ្តូងរ៉ែ​ចិន ១១​នាក់ បាន​បង្ហាញ​សញ្ញា ថា ពួកគេ​នៅរស់រាន​មាន​ជីវិត និង​បាន​សរសេរ​សំបុត្រ ទទូច សុំកុំ​ឲ្យ​គេ​​លះបង់​ចោល ប្រតិបត្តិការ​រុករក កម្មករ​ដែល​កំពុង​ជាប់គាំង​ក្នុង​អណ្តូងរ៉ែ។ 

នៅថ្ងៃ​ចន្ទ ទី ១៨​មករា ក្រុមជួយសង្រ្គោះបន្តប្រតិបត្តិការ​ជីកខួង ដើម្បី ចូល​ទៅ​ជួយ​សង្រ្គោះ កម្មករ​ដែល​ជាប់គាំង ក្នុងអណ្តូងរ៉ែមាស តាំង​ពី​ថ្ងៃទី ១០​មករា។
នៅថ្ងៃ​ចន្ទ ទី ១៨​មករា ក្រុមជួយសង្រ្គោះបន្តប្រតិបត្តិការ​ជីកខួង ដើម្បី ចូល​ទៅ​ជួយ​សង្រ្គោះ កម្មករ​ដែល​ជាប់គាំង ក្នុងអណ្តូងរ៉ែមាស តាំង​ពី​ថ្ងៃទី ១០​មករា។ REUTERS - STRINGER
ផ្សាយពាណិជ្ជកម្ម

តាមរយៈ​ខ្សែពួរដែក ដែល​ក្រុមជួយសង្រ្គោះ បាន​ទម្លាក់ ចូល​កាលពី ថ្ងៃ​អាទិត្យ ក្រុមកម្មករ ដែល​បាន​បាត់ខ្លួន  អស់ជាច្រើន​ថ្ងៃ បាន​សរសេរ​សំបុត្រ​បញ្ជូន​មក​ខាងលើ ដោយ​ប្រាប់​ថា ពួកគេ មាន​គ្នីគ្នា ១១នាក់ កំពុង​ស្ថិតក្នុង​ជម្រៅដី ៥៤០ម៉ែត្រ និង​បាន​អំពាវនាវ​សុំជំនួយ សុំ​ស្បៀងអាហារ និង​ថ្នាំសង្កូវ សម្រាប់​អ្នករបួស ៤នាក់។

ហេតុការណ៍ផ្ទុះ នៅមាត់ច្រកផ្លូវចូល​ការដ្ឋាន អណ្តូងរ៉ែ​មាស នៅ​ខេត្ត​ស្ហានតុង បាន​ធ្វើ​ឲ្យ​កម្មករ​ចិន ប្រមាណ ២២នាក់ នៅ ជាប់ ក្នុងអណ្តូងរ៉ែ ជម្រៅ​ជាង ៥០០ម៉ែត្រ តាំង​ពីថ្ងៃទី ១០​មករា។ រហូតមកដល់​ពេលនេះ គេ​នៅមិនទាន់​បាន​ដំណឹង ពី​មនុស្ស​ជាង​១០នាក់​ផ្សេងទៀត  ដែល​កំពុង​បាត់ខ្លួន ក្នុង​ជម្រៅដី ជាង ៦០០​ម៉ែត្រ​នោះឡើយទេ។

បន្ទាប់ពី ជីកខួង បាន​ច្រកចូល ចំនួន ៣កន្លែង កាលពី ថ្ងៃ​ចន្ទ ក្រុមជួយសង្រ្គោះ ចិន​បាន​ចាប់ផ្តើម​ខួង​រកច្រកចូល ៣ផ្សេងទៀត នៅ​ថ្ងៃ​អង្គារនេះ ដើម្បី​រកផ្លូវ ទៅជួយ​កម្មករ ទាំង​១១​នាក់ ដែលកំពុង​ប្រឈម​នឹង ទឹកឡើង ក្រោមដី។ តាម​ចៅហ្វាយក្រុង Yantai លោក Chen Fei ប្រតិបត្តិការ​ជីងខួង ដើម្បី​អាច​ចូល​ជួយ​សង្រ្គោះ កម្មករ​ដែល​នៅជាប់ក្នុងអណ្តូងរ៉ែ ត្រូវយឺតយ៉ាវ ដោយសារ​ថា ថ្ម​នៅតំបន់នោះ ជា​ថ្មក្រានីត ដែលរឹង ពិបាក​នឹង​ខួង។

តាម​កាសែត​ក្នុង​ស្រុកចិន China Youth daily ក្រុមជួយសង្រ្គោះ បាន​បាត់បង់​ពេលពេលា​សំខាន់ ដើម្បី ជួយ​សង្រ្គោះ ព្រោះថា អាជ្ញាធរ​មូលដ្ឋាន​បាន​ចំណាយពេល ចោល​អស់​មួយ​ថ្ងៃ មុន​នឹង​រាយការណ៍​ពី​គ្រោះថ្នាក់ ផ្ទុះ នៅ អណ្តូងរ៉ែមាស កាលពីថ្ងៃ ទី​១០​មករា។ ប្រធាន​ក្រុមបក្ស​កុម្មុយនិស្ត ប្រចាំមូលដ្ឋាន ហើយ​និង​ចៅហ្វាយក្រុង ត្រូវ​បាន​ដកហូតចេញពី​មុខតំណែង ចំណែក​អាជ្ញាធរ​ចាប់ផ្តើម​ស៊ើបអង្កេត​រកមូលហេតុ​ដែល​ធ្វើ​ឲ្យ​ផ្ទុះ បំផ្លាញ​ច្រកចូល​អណ្តូងរ៉ែ។

នៅប្រទេស​ចិន គ្រោះថ្នាក់​នៅ​អណ្តូងរ៉ែ ឧស្សាហ៍កើតមាន​ជា​ញឹកញយ ដោយសារ​គ្មាន​ការគោរព​ក្បួនច្បាប់ ការពារ​សុវត្ថិភាព ត្រឹមត្រូវ។ កាលពី ខែ​ធ្នូ​កន្លងទៅ កម្មករ​ចិន ២៣នាក់ ​ស្លាប់ នៅក្នុង​អណ្តូងរ៉ែធ្យូងថ្ម នៅ​ខេត្ត​ចុងឈីង ពោល​គឺ​នៅតែ ប៉ុន្មាន​ខែ​ក្រោយ កម្មករ ១៦នាក់​ផ្សេងទៀត ស្លាប់​ដោយសារ​ពុល សារធាតុ​Carbon Monoxide  បន្ទាប់ពី​ជាប់​គាំង ក្នុង​អណ្តូងរ៉ែ ធ្យូងថ្ម ជាច្រើនថ្ងៃ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ