អានតួអត្ថបទ
ចិន-អាមេរិក-អាស៊ីប៉ាស៊ីហ្វិក

ចិនផ្តាំប្រាប់ទៅអាេមរិកថា « កុំចង់រារាំងចិន ព្រោះវាជារឿងគ្មានថ្ងៃបានជោគជ័យ »

កាលពីថ្ងៃទី​២៨មករា ក្រសួងការពារជាតិចិន បានផ្ញើសារ​បែប​គំរាមមួយ​ ទៅកាន់រដ្ឋាភិបាល​ថ្មីរបស់អាេមរិក ដែលដឹកនាំដោយ​ចូ បៃដិន។ ក្នុងសារនោះ ក្រសួងការពារចិនបានផ្តាំប្រាប់ទៅសហរដ្ឋអាមេរិកថា កុំចង់ទប់ ឬរារាំងចិនឲ្យសោះ ព្រោះវាជារឿងគ្មានថ្ងៃបានជោគជ័យទេ។ សារនេះគឺចិនបានផ្ញើទៅរដ្ឋាភិបាលលោកចូ បៃដិន ខណៈដែលរដ្ឋាភិបាលថ្មីនេះ កំពុងបង្ហាញជំហរយ៉ាងច្បាស់ ក្នុងការប្រឆាំងតទល់ជាមួយចិន​ ទាក់ទិននឹង​វិស័យ​សន្តិសុខ​តំបន់​អាស៊ីប៉ាស៊ីហ្វិក។

លោកចូ បៃដិន កាលនៅជាអនុប្រធានាធិបតីរបស់​លោកអូបាម៉ា ជល់កែងជាមួយ​លោក​ស៊ី ជីនពីង នៅក្រសួងការបរទេសអាេមរិក។ វ៉ាស៊ីនតោន ថ្ងៃទី ២៥ កញ្ញា ២០១៥
លោកចូ បៃដិន កាលនៅជាអនុប្រធានាធិបតីរបស់​លោកអូបាម៉ា ជល់កែងជាមួយ​លោក​ស៊ី ជីនពីង នៅក្រសួងការបរទេសអាេមរិក។ វ៉ាស៊ីនតោន ថ្ងៃទី ២៥ កញ្ញា ២០១៥ AFP - PAUL J. RICHARDS
ផ្សាយពាណិជ្ជកម្ម

លោក Wu Qian អ្នកនាំពាក្យ​ក្រសួងការពារជាតិចិន បាន​លើកឡើងនៅក្នុងសន្និសីទកាសែត កាលពីថ្ងៃទី​២៨មករាថា៖ វាជារឿងឥតប្រយោជន៍ទេ ដែលអាមេរិក ចង់មកទប់ ឬរារាំងដំណើរបោះជំហានរបស់ចិន។ អ្នកនាំពាក្យចិនរូបនេះ បន្ថែមថា៖ អាមេរិកគ្មានថ្ងៃបានជោគជ័យទេ ព្រោះថាបទពិសោធន៍កន្លងមក បានបង្ហាញឲ្យឃើញហើយ ថាចង់រារាំងចិន គឺមិនខុសពីយកកាំភ្លើងបាញ់ជើងខ្លួនឯងនោះទេ។

ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងការពារចិនខាងលើ បាននិយាយអំពាវនាវ ឲ្យ​រដ្ឋាភិបាលថ្មីរបស់អាមេរិក ដឹកនាំដោយលោកចូ បៃដិន ត្រូវចាប់ផ្តើមកសាងទំនាក់ទំនងល្អ គោរពគ្នាទៅវិញទៅមក ជាមួយនឹង​ចិនឡើងវិញ។

សូមរំលឹកថា ទំនាក់ទំនងរវាងចិន និងអាមេរិក បានធ្លាក់ចុះស្រអាប់យ៉ាងខ្លាំង ក្នុងអាណត្តិលោកដូណាល់ ត្រាំ។ តែយ៉ាងណា គោលជំហរមានៈរឹងរូស ចង្អុរមុខចិនរបស់​រដ្ឋាភិបាល​លោក ដូណាល់ ត្រាំ មិនបានធ្វើ​ឲ្យ​ចិនរាថយទេ ទាក់ទិននឹងវិស័យការពារជាតិ។ ក្រៅពីបន្តពង្រឹងយុទ្ធសាស្រ្ត​ក្នុងសមុទ្រចិនខាងត្បូង ចិនបានបង្កើនកម្លាំងសព្វាវុធកាន់តែខ្លាំង។

ក្រោយការចូលកាន់តំណែងរបស់​លោក​ចូ បៃដិន គេសង្កេតឃើញថា គោលជំហរអាមេរិក ជាមួយ​នឹងចិន ហាក់ដូចជាមិនខុសឆ្ងាយ​ ពី​រដ្ឋាភិបាល​មុនឡើយ។ ប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញ​ រដ្ឋាភិបាល​ លោកចូ បៃដិន បង្ហាញ​សញ្ញាណយ៉ាងច្បាស់ថា អាមេរិកមិន​បណ្តោយ​ឲ្យ​ចិនអាងយ៉ាង នៅក្នុងតំបន់​អាស៊ីប៉ាស៊ីហ្វិកទេ។

ជាក់ស្តែង កាលពីចុងសប្តាហ៍មុន នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក​ Theodore Roosevelt បានធ្វើដំណើរចូលក្នុងសមុទ្រចិនខាងត្បូង ដើម្បីជាការបើកឆាក សម្ភោធអាណត្តិរបស់​លោកចូ បៃដិន។ លោក Lloyd Austin រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកថ្មី បានទាក់ទងជាមួយ​សមភាគីកូរ៉េខាងត្បូង អូស្ត្រាលី និងឥណ្ឌា ដើម្បីរកយុទ្ធសាស្ត្ររួមទប់ទល់ជាមួយចិន។

ចំណែក កាលពីថ្ងៃពុធ លោកចូ បៃដិន បានទូរស័ព្ទទៅកាន់​លោកនាយករដ្ឋមន្ត្រីជប៉ុន ដោយ​បានធានាថា ទោះមានរឿងអ្វីក៏ដោយ អាមេរិកនឹងចាំជួយការពារជប៉ុន រាប់ទាំងសំណុំរឿងប្រជុំកោះ​ Senkaku ដែល​ចិននិងជប៉ុនដណ្តើមគ្នាគ្រប់គ្រង។

លោក Zhao Lijian អ្នកនាំពាក្យ​ក្រសួងការបរទេសចិន បាន​លើកឡើងថា៖ « អាមេរិកមិនត្រូវ​ធ្វើខ្លួន​ដូចក្នុងសម័យសង្រ្គាមត្រជាក់ទេ។ បញ្ហាជម្លោះដែនកោះ គឺត្រូវតែដោះស្រាយ​ដោយ​ប្រទេសពាក់ព័ន្ធដោយផ្ទាល់ មិនរំពឹងលើខ្នងបង្អែក​ផ្សេងឡើយ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ