អានតួអត្ថបទ
ស្រីលង្កា-សាសនា-កូវីដ19

ស្រីលង្កា៖ គំរោងយកកូនកោះ​ធ្វើទី​បញ្ចុះ​សព​អ្នក​​ស្លាប់​ដោយ​​កូវីដ​១៩ ត្រូវបាន​​អ្នកកាន់​​សាសនា​​អ៊ីស្លាម​​​ប្រឆាំង

ភាពតានតឹងរវាង​រដ្ឋាភិបាល​ស្រីលង្កា និងសហគមអ្នកកាន់សាសនាអ៊ីស្លាមក្នុងប្រទេសនេះ បាន​ផុសផុលឡើងជាថ្មី ដោយ​សារតែបញ្ហា​បញ្ចុះសពអ្នកជំងឺ ដែលស្លាប់ដោយ​កូវីដ​១៩។ រដ្ឋាភិបាលស្រីលង្កា មានគំរោង យកកូនកោះតូចមួយ ធ្វើជាទីបញ្ចុះសពអ្នកស្លាប់ដោយ​កូវីដ​១៩ ដែលប្រការនេះ ត្រូវបាន​សហគមអ្នកកាន់សាសនអ៊ីស្លាម​បដិសេធ ហើយចាត់ទុកថាជាការ​ប្រមាថ​មាក់ងាយ​ មកលើជំនឿសាសនារបស់ពួកគេ។

ស្ត្រីអ្នកកាន់សាសនាអ៊ីស្លាម កាន់បដាតវ៉ា ទាមទារសិទ្ធិបញ្ចុះសព​​អ្នកស្លាប់​ដោយ​កូវីដ​១៩ ដោយ​គោរព​តាម​ប្រពៃណី គ្រប់សាសនាទាំងអស់។ ក្រុងកូឡុំបូ ថ្ងៃទី ៣១ធ្នូ ២០២០
ស្ត្រីអ្នកកាន់សាសនាអ៊ីស្លាម កាន់បដាតវ៉ា ទាមទារសិទ្ធិបញ្ចុះសព​​អ្នកស្លាប់​ដោយ​កូវីដ​១៩ ដោយ​គោរព​តាម​ប្រពៃណី គ្រប់សាសនាទាំងអស់។ ក្រុងកូឡុំបូ ថ្ងៃទី ៣១ធ្នូ ២០២០ AFP - ISHARA S. KODIKARA
ផ្សាយពាណិជ្ជកម្ម

ដោយខ្លាចក្រែង​ថាមេរោគជំងឺកូវីដ​១៩ ឆ្លងចូលទៅក្នុងស្រទាប់ទឹកក្នុងដី និងឆ្លងទៅអ្នកស្រុក រដ្ឋាភិបាលស្រីលង្ការ បាន​សម្រេច​កាលពីសប្តាហ៍មុន ថាចង់យក​កូនកោះមួយ ​ឈ្មោះ Iranaitivu ស្ថិតនៅចំងាយ​ប្រមាណ​១៣គីឡូម៉ែត្រ នៅភាគខាងជើង​កោះស្រីលង្កា ធ្វើជាទីបញ្ចុះសពអ្នកស្លាប់ដោយ​កូវីដ​១៩។ គំរោងនេះ បានធ្វើឲ្យ​សហគមអ្នកកាន់សាសនាអ៊ីស្លាម និងអ្នកកាន់សាសនាគ្រិះ ចេញមកតវ៉ា ដោយ​ពួកគេទាមទារ យកសពទៅបញ្ចុះ នៅក្នុងទីបញ្ចុះសពរបស់សហគមពួកគេ និង​ដោយ​គោរពតាមក្រិត្យ​​ក្រម​សាសនា។

គួរកត់សំគាល់ថា សពមនុស្ស​ស្លាប់ដោយ​ជំងឺកូវីដ​១៩ នៅក្នុង​ប្រទេសស្រីលង្កា បានក្លាយ​ជា​បញ្ហានយោបាយ​ ប្រកាន់រើសអើង រវាងសហគមសាសនាផ្សេងៗគ្នាក្នុងប្រទេសនេះ ដែលមានទាំងសាសនាហិណ្ឌូ សាសនាព្រះពុទ្ធ សាសនាគ្រិះ និងសាសនាអ៊ីស្លាម។ ក្នុងចំណោមប្រជាជនប្រមាណ​២១លាននាក់ មានអ្នកកាន់សាសនាអ៊ីស្លាម​ប្រមាណ​១០% នៅស្រីលង្កា។ គណបក្ស​សន្និបាទមូស្លីមស្រីលង្កា បានចេញមុខតវ៉ា ដោយ​លើកឡើងថា គំរោងរបស់​រដ្ឋាភិបាលស្រីលង្កា ដែលជាក្រុមអ្នកកាន់ពុទ្ធសាសនា គឺជា​ការប្រមាថមើលងាយ មកលើប្រពៃណីជំនឿសាសនាអ៊ីស្លាម​។

កាលពីខែមេសា ឆ្នាំមុន រដ្ឋាភិបាលស្រីលង្កា បានសម្រេច​ហាមឃាត់រាល់ការបញ្ចុះសពអ្នកស្លាប់ដោយ​កូវីដ១៩ ដោយ​សពត្រូវតែយកទៅបូជា បន្ទាប់ពីមាន​ព្រះសង្ឃពុទ្ធសាសនាមួយអង្គ បានមានដីកាថា បើបញ្ចុះសព មេរោគនឹងជ្រាបចូល​ទៅ​ស្រទាប់ទឹកក្នុង​ដី ហើយធ្វើឲ្យ​ឆ្លងទៅដល់អ្នកស្រុក។ ប៉ុន្តែ បន្ទាប់ពីមានការ​តវ៉ារិះគន់ខ្លាំង ​រដ្ឋាភិបាល​ស្រីលង្កា បានប្តូរចិត្ត លប់ចោល​ការតម្រូវឲ្យ​យកសពទៅបូជា ហើយ​កែប្រែមកជាការ យកទៅបញ្ចុះនៅលើកោះដាច់ស្រយ៉ាលវិញ។

ទាក់ទិននឹង​ការលើកឡើងរបស់​អាជ្ញាធរស្រីលង្កា ដែលថាខ្លាចឆ្លងកូវីដ​១៩ចូលទៅក្នុងស្រទាប់ទឹកក្រោមដីនេះ អង្គការសុខភាពពិភពលោក ធ្លាប់បានអះអាងរួចហើយ ថាគ្មាន​ហានិភ័យបែបនេះទេ។ យ៉ាងណាមិញ ក្រុម​អ្នកជំនាញ​របស់រដ្ឋាភិបាលស្រីលង្កាខ្លួនឯង ក៏បាន​បញ្ជាក់កាលពីខែ​មករាដែរ ថាអាចបញ្ចុះសពបាន ដោយ​គោរពលក្ខខណ្ឌម៉ដ្ឋចត់។

សូមបញ្ជាក់ថាគិតមកត្រឹមថ្ងៃទី​៣មីនា យោងតាមតួលេខផ្លូវការ នៅស្រីលង្កាមានអ្នកស្លាប់ដោយ​កូវីដ១៩ ចំនួន៤៨៣នាក់។ តំណាងសហគមសាសនាអ៊ីស្លាម បានអះអាងថា ជាងពាក់កណ្តាលនៃអ្នកស្លាប់ទាំងនេះ គឺជាអ្នកកាន់សាសនាអ៊ីស្លាម។ ប្រភពដដែល បានបន្ថែមថា ការឆ្លងរាលដាល និងមានស្លាប់ច្រើន​ក្នុងចំណោម​អ្នកកាន់សាសនាអ៊ីស្លាម គឺដោយសារពួកគេ មិនហ៊ានទៅរកការព្យាបាល ដោយខ្លាចថា​បើស្លាប់ គឺគេនឹងយកទៅបូជា ផ្ទុយពី​ប្រពៃណីខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ