អានតួអត្ថបទ
ថៃ-ប្រជាធិបតេយ្យ

យុវជន​បាតុករ​ថៃ​​​១៨នាក់​ជាប់ចោទ ក្នុងនោះ៣នាក់ បន្ថែម​ដោយ​​បទ​ល្មើស​ប្រមាថ​​​ព្រះចេស្តា​ព្រះមហាក្សត្រ

កាលពីថ្ងៃចន្ទ ទី​៨មីនា តុលាការក្រុង​បាងកក បានចោទប្រកាន់យុវជន​ប្រជាធិបតេយ្យ​ចំនួន​១៨នាក់ ពីបទធ្វើកម្មភាព​បាតុកម្មប្រឆាំង​រដ្ឋាភិបាល។ ក្នុងចំណោម​នេះ មាន​យុវជននាំមុខ​៣នាក់ ត្រូវជាប់ចោទបន្ថែម ពីបទប្រមាថព្រះចេស្តាព្រះមហាក្សត្រ ហើយត្រូវ​តុលាការបដិសេធ មិន​ដោះ​លែង ឲ្យ​​​នៅ​ក្រៅឃុំទេ។

យុវជនប្រជាធិបតេយ្យថៃទាំង៣នាក់ កញ្ញា Panusaya "Rung" Sithijirawattanakul លោក Panupong "Mike" Jadnok និងលោក Jatupat "Pai" Boonpattararaksa ទទួលបាច់ផ្កា ពេលមកដល់ខាងមុខតុលាការក្រុង​បាងកក ថ្ងៃទី ៨មីនា ២០២១
យុវជនប្រជាធិបតេយ្យថៃទាំង៣នាក់ កញ្ញា Panusaya "Rung" Sithijirawattanakul លោក Panupong "Mike" Jadnok និងលោក Jatupat "Pai" Boonpattararaksa ទទួលបាច់ផ្កា ពេលមកដល់ខាងមុខតុលាការក្រុង​បាងកក ថ្ងៃទី ៨មីនា ២០២១ REUTERS - ATHIT PERAWONGMETHA
ផ្សាយពាណិជ្ជកម្ម

យុវជន​ប្រជាធិបតេយ្យ​ថៃចំនួន​១៨នាក់ ត្រូវជាប់ចោទក្រោម​បទចោទប្រកាន់ចំនួន​១១ករណី ដែលពាក់ព័ន្ធនឹងហេតុការណ៍មហាបាតុកម្ម ប្រឆាំងរដ្ឋាភិបាលកាលពីថ្ងៃទី ១៩ និង​ ២០ កញ្ញា ឆ្នាំ​២០២០។ នេះបើផ្អែកតាមការបញ្ជាក់ឲ្យ​ដឹង ពីអ្នកនាំពាក្យ​ការិយាល័យ​ព្រះរាជអាជ្ញា អមតុលាការក្រុង​បាងកក កាលពីរសៀលថ្ងៃចន្ទ ទី​៨មីនា។

ប្រភពដដែលអះអាងថា ក្នុងចំណោមអ្នកជាប់ចោទទាំង​១៨នាក់ គឺមាន​៣នាក់ ត្រូវបានតុលាការក្រុងបាងកក សម្រេចបដិសេធ មិន​ដោះលែងឲ្យ​នៅក្រៅឃុំទេ ដោយ​សារអ្នកទាំង៣នោះ ត្រូវជាប់ចោទមួយ​បន្ថែមទៀត គឺបទល្មើសប្រមាថព្រះចេស្ដាព្រះមហាក្សត្រ ដោយយោ​ងលើ​មាត្រា១១២ នៃក្រមព្រហ្មទណ្ឌថៃ។

សូមបញ្ជាក់ថា យុវជនទាំង៣ គឺជាយុវជនដែលចេញមុខសកម្មខ្លាំងជាងគេ ក្នុងចលនាបាតុកម្មកន្លងមក មានឈ្មោះ កញ្ញា Panusaya Sithijirawattanakul ហៅ Rung លោក Panupong Jadnok ហៅ Mike និងលោក Jatupat Boonpattararaksa ហៅ Pai។ សមត្ថកិច្ច​ថៃ បានបញ្ជូនអ្នកទាំង៣យកទៅដាក់ឃុំ ក្រោម​ក្រសែរភ្នែក​បាតុករជាច្រើននាក់ ដែលរងចាំនៅ​ខាងមុខតុលាការក្រុងបាងកក។

កញ្ញា Rung Panusaya ធ្លាប់​បាន​លើកឡើងប្រាប់អ្នកកាសែតថា « ទោះរូបនាង ​និង​សកម្មជនផ្សេងទៀត ត្រូវគេចាប់ដាក់ឃុំ​ ច្រើននាក់​យ៉ាងណាក៏ដោយ ក៏ចលនា​ទាមទារលទ្ធិ​ប្រជាធិបតេយ្យ​នៅប្រទេស​ថៃ មិនសាបសូន្យដែរ ព្រោះថាយុវជនថៃទាំងអស់ មិនចាំបាច់ត្រូវការ​រូបនាង ឬអ្នកណាម្នាក់ មក​ដឹកនាំពួកគេ​ទេ »។

គួរ​កត់សំគាល់ថា បន្ទាប់ពីបានស្ងប់ស្ងាត់ ប្រមាណ​ជា​២ខែ ចលនាបាតុកម្មប្រជាធិបតេយ្យនៅថៃ ហាក់បានស្ទុះឡើងវិញ ចាប់ពីខែកុម្ភៈមក នៅក្រោយ​ពេលដែល​មនុស្ស​សំខាន់ៗ៤នាក់ ដែលដឹកនាំចលនានេះ ត្រូវបានតុលាការថៃ ចោកប្រកាន់ និងចាប់ដាក់ឃុំពី​បទ​ប្រមាថព្រះចេស្ដាមហាក្សត្រ។ ក្នុងចំណោមនេះ គឺមានលោក Parit Chiwarak ហៅ Penguin និងលោក Anon Numpa មេធាវីសិទ្ធិមនុស្សដ៏ល្បី​ម្នាក់។ គិតមកត្រឹមពេលនេះ មានបាតុការប្រជាធិបតេយ្យថៃ ចំនួន​ប្រមាណ​៥៧នាក់ ដែលកំពុងជាប់ឃុំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ