អានតួអត្ថបទ
វ៉ាក់សាំងចិន

ចិន​គ្រោងបើកព្រំដែន​ទទួល​យក​ជនបរទេសមកពីអាមេរិកឬឥណ្ឌាជាដើម ដែល​បាន​ទទួលចាក់វ៉ាក់សាំង ចិន

ប្រទេស​ចិន​គ្រោង​បើក​ព្រំដែន​ឲ្យ​បរទេស​អាច​ធ្វើដំណើរ​ចូល​ទៅវិញ ប៉ុន្តែ ក្នុង​លក្ខខណ្ឌ​ថា ពួកគេ​បានទទួល​ចាក់វ៉ាក់សាំង​របស់​ចិន។ នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ខ្លួន កាលពី ថ្ងៃ​ចន្ទ ស្ថានទូត​ចិន នៅ សហរដ្ឋអាមេរិក​បាន​បញ្ជាក់ថា ស្ថានទូត​នឹង​ចាប់ផ្តើម ទទួលពាក្យត​សុំ​ទិដ្ឋាការ​ជនបរទេស​របស់​ជនបរទេស​ណា​ដែល​បាន​ទទួល​រួចហើយ វ៉ាក់សាំង បង្ការជំងឺកូវីដ ដែលផលិត​នៅប្រទេស​ចិន។

Sinovac វ៉ាក់សាំង​បង្ការកូវីដ​១៩ ផលិតឡើង​នៅប្រទេសចិន
Sinovac វ៉ាក់សាំង​បង្ការកូវីដ​១៩ ផលិតឡើង​នៅប្រទេសចិន REUTERS - ATHIT PERAWONGMETHA
ផ្សាយពាណិជ្ជកម្ម

មួយឆ្នាំក្រោយ បិទព្រំដែន​មិនទទួល ជនបរទេស​ដើម្បី ទប់ស្កាត់​ការចម្លង រាលដាល​ជំងឺកូវីដ  ទីក្រុង​ប៉េកាំង​ដែល​បាន​គ្រប់គ្រង​ស្ថានការណ៍​កូវីដ បាន​សឹងទាំងស្រុង គ្រោង​នឹង​បើកព្រំដែន​ស្វាគម ជនបរទេស​ឡើងវិញ ប៉ុន្តែ មានភ្ជាប់លក្ខខណ្ឌថា ជនបរទេស​ដែល​ចង់​ធ្វើដំណើរ​ត្រលប់​ទៅ​ប្រទេស​ចិន ត្រូវ​តែ​បាន​ទទួល​ចាក់​វ៉ាក់សាំង​ចិន។

សូមបញ្ជាក់ថា នៅក្នុង​យុទ្ធនាការ​ចាក់វ៉ាក់សាំង ក្នុង​ប្រទេស​ អាជ្ញាធរចិន​អនុញ្ញាត​គេ​ប្រើប្រាស់ តែ​វ៉ាក់សាំង ៤ប្រភេទ ដែល​ផលិតឡើង ក្នុងទឹកដី​ចិន ប៉ុន្តែ ដោយ​គ្មានទទួល​ឲ្យប្រើប្រាស់​វ៉ាក់សាំង​មកពី បរទេស​នោះទេ។

នៅក្នុង​ដំណាក់កាល​បើកព្រំដែន​ដំបូងនេះ អាជ្ញាធរ​ចិន គ្រោង​នឹង​ផ្តល់​ទិដ្ឋាការ​ការងារ ទិដ្ឋការធ្វើជំនួញ ឬ ដើម្បី​ហេតុផល​មនុស្សធម៌ សម្រាប់​ជនបរទេស​ដែល​មក​ពី​សហរដ្ឋអាមេរិក ឥណ្ឌា ប៉ាគីស្ថាន អ៊ីតាលី ហ្វីលីពីន និង​ស្រីលង្កា។

តាម​សេចក្តីថ្លែងការណ៍​របស់​ស្ថានទូត​ចិន ប្រចាំ​សហរដ្ឋអាមេរិក ស្ថានទូត​នឹង​ចាប់ពិចារណា​ផ្តល់​ទិដ្ឋាការ ដល់​អ្នកដាក់ពាក្យណា​ដែលបាន​ទទួល​វ៉ាក់សាំង​ចិន យ៉ាងហោច ណាស់ ១ដូស ឬ ២ដូស នៅ ១៤​ថ្ងៃ​មុន ដាក់ពាក្យ​សុំ​ទិដ្ឋាការ។

ស្ថានទូត​ចិន នៅ ប្រទេស ឥណ្ឌា ប៉ាគីស្ថាន ហ្វីលីពីន និង​ស្រីលង្ការ​បាន​ចេញ​សេចក្តីថ្លែងការណ៍​ដូចគ្នានេះដែរ។ ប៉ុន្តែ បញ្ហានៅត្រង់ថា រហូតមកដល់​ថ្ងៃនេះ សហរដ្ឋ អាមេរិក ឥណ្ឌា និង​អ៊ីតាលី ​ជាដើម គ្មានប្រើ​វ៉ាក់សាំង​របស់​ចិន ដើម្បី យុទ្ធនាការ​ចាក់វ៉ាក់សាំង​ប្រឆាំង​ជំងឺកូវីដ នៅក្នុង​ទឹកដី របស់ខ្លួន​នោះទេ។ អាមេរិក និង​ឥណ្ឌា ប្រើប្រាស់​តែ​វ៉ាក់សាំង​ដែល​ផលិត​នៅទឹកដី របស់ខ្លួន ដូចជា Pfizer Moderna ឬ​AstraZeneca ចំណែក​អ៊ីតាលី​ចាក់តែ​វ៉ាក់សាំង​ណា​ដែល​ទីភ្នាក់ងារ ឱសថ​អឺរ៉ុប​ផ្តល់​ការអនុញ្ញាតិ​តែ​ប៉ុណ្ណោះ។ ការណ៍នេះ​ធ្វើ​ឲ្យ​គេ​ជឿថា ការប្រកាស​របស់​ស្ថានទូត​ចិន​នឹង​ទាក់ទាញ បាន​មនុស្ស​តិចណាស់ ឬ​សឹងតែ​គ្មានតែម្តង នៅអាមេរិក ឥណ្ឌា ឬអ៊ីតាលី។

ដោយ​លើកយក​ហេតុផល បើកព្រំដែន សម្រាប់​ជនបរទេស ដែល​ចាក់វ៉ាក់សាំង​ចិន តើ​ចិន​កំពុង​ទាក់ទាញ​ឲ្យគេ​ចាក់វ៉ាក់សាំង ​របស់ខ្លួន? តាមរយៈ យុទ្ធសាស្រ្ត​ការទូត​វ៉ាក់សាំង ចិន​បាន​ចែកចាយ នាំចេញ​វ៉ាក់សាំង​របស់ខ្លួន ទៅកាន់​ប្រទេស​ជាច្រើន ដូចជា តួកគី ហ្វីលីពីន ឥណ្ឌូណេស៊ី និង​កម្ពុជា។ ប៉ុន្តែ យ៉ាងណាក៏ដោយ វ៉ាក់សាំង ចិន គ្មាន​វត្តមាន​នៅគ្រប់​កន្លែង​នោះទេ ដូចជា​នៅ ឥណ្ឌា និង​ស្រីលង្ការ​ជាដើម។

នៅពេល​ចិន នៅមិនទាន់​ត្រៀមខ្លួន​ដើម្បី អាច​ផលិតវ៉ាក់សាំង គ្រប់គ្រាន់​សម្រាប់​តម្រូវការ​បរទេស វ៉ាក់សាំង​របស់​ចិន​កំពុង​ប្រឈម​នឹង​អរិភាព ការមិនជឿទុកចិត្ត ពី​សំណាក់អ្នកប្រើប្រាស់ ជាពិសេស នៅ​បណ្តាប្រទេស​លោកខាងលិច ដោយសារ​តែ​ដំណើការ​ធ្វើតេស្ត​សាកល្បង​វ៉ាក់សាំង​របស់​ចិន នៅ​ខ្វះ​តម្លាភាព។ អង្គការ​សុខភាព​ពិភពលោកផ្ទាល់​បាន​អនុញ្ញាត​ឲ្យ​គេ​ប្រើប្រាស់​ជាផ្លូវការ វ៉ាក់សាំង ចំនួន ៣ប៉ុណ្ណោះ ដែលនៅក្នុង​នោះ មាន​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​អាមេរិកាំង Pfizer Johnson&Johnson និង​AstraZeneca ប៉ុន្តែ គ្មានទេ Sinovac ដែល​ជា​វ៉ាក់សាំង ផលិតឡើង​នៅ​ប្រទេសចិន៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ