អានតួអត្ថបទ
ថៃ-នយោបាយ

យុវជន​បាតុករថៃ បន្តបាតុកម្ម ក្រោយ​សមត្ថកិច្ចចុះរឹបអូសសៀវភៅ "រាជានិយម និង សង្គមថៃ"

កាលពីល្ងាច​​ថ្ងៃសៅរ៍ទី​២០មីនា យុវជនបាតុករថៃជាច្រើននាក់ បានមកជួបជុំគ្នានៅក្រុង​បាងកក ក្បែរព្រះបរមរាជវាំង ដើម្បីតវ៉ា​ឲ្យ​ដោះលែង​ក្រុម​សកម្មជនប្រជាធិបតេយ្យជាច្រើននាក់ ដែលត្រូវបាន​តុលាការថៃ សម្រេច​ដាក់ឃុំ។ ការជួបជុំនេះ បានរងការបង្ក្រាប​យ៉ាងដំណំ ពីសំណាក់សមត្ថកិច្ចថៃ ដោយ​បាន​ប្រើ​កាណុងបាញ់ទឹក និង​កាំភ្លឹងគ្រាប់កៅស៊ូ ផងដែរ។

យុវជនបាតុករថៃ កំពុងនាំគ្នាទាញទំលាក់ ទូកុងទឺន័រ ដែលសមត្ថលកិច្ច បានដាក់ជារនាំង ការពារកុំឲ្យ​បាតុករ ចូលទៅជិតព្រះបរមរាជវាំង។ បាងកកង ថ្ងៃទី ២០ មីនា ២០២១
យុវជនបាតុករថៃ កំពុងនាំគ្នាទាញទំលាក់ ទូកុងទឺន័រ ដែលសមត្ថលកិច្ច បានដាក់ជារនាំង ការពារកុំឲ្យ​បាតុករ ចូលទៅជិតព្រះបរមរាជវាំង។ បាងកកង ថ្ងៃទី ២០ មីនា ២០២១ AP - Sakchai Lalit
ផ្សាយពាណិជ្ជកម្ម

យុវជនបាតុករថៃ បានជួបជុំគ្នា នៅក្បែរព្រះបរមរាជវាំង ដោយ​មិនញញើតនឹងការហាមឃាត់ កាល​ពី​ល្ងា​ចថ្ងៃសៅរ៍ទី​២០មីនា។ នៅទីលានខាងមុខ​ព្រះបរមរាជវាំង​បាងកក សមត្ថកិច្ច បានយក​ទូកុងទឺន័ររាប់សិបគ្រឿង មកដាក់គរ ធ្វើជារបងខណ្ឌ កុំឲ្យ​បាតុករ ឈានចូលទៅជិតព្រះ​បរម​រាជវាំង។ កម្លាំងសមត្ថកិច្ច​ប្រមាណ​៣០០០ពាន់នាក់ ត្រូវបានគេដាក់ពង្រាយ​ យាមទាំងថ្ងៃ​ទាំងយប់ នៅ​ក្រុង​បាងកក ដើម្បីចាំទប់ការធ្វើបាតុកម្ម។

ក្រោមសម្រែក ស្រែកថា  « ដោះលែងមិត្តភ័ក្ត្រយើងភ្លាម » ក្រុមបាតុករ បានយកខ្សែពួរ ទាញ​ទូកុងទឺន័រទំលាក់ ដើម្បីបើកផ្លូវ។ បើកបានហើយ យុវជនបាតុករ ដែលមានការប្តេជ្ញាចិត្ត បានស្ទុះចូលទៅក្បែរនគរបាល មុននឹងរងនូវគ្រាប់កាំភ្លើងកៅស៊ូ ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក ពីសំណាក់សមត្ថកិច្ច។ នៅវេលាម៉ោងប្រមាណ​ជា​៨ និង​៣០នាទីយប់ ក្រុមបាតុករបានដាក់ថយ បំបែកជួរគ្នា ដោយ​នៅសល់តែមួយ​ចំនួនតូចតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា នៅថ្ងៃសៅរ៍ទី​២០មីនាដែរ សមត្ថកិច្ចថៃ បានចុះទៅទីតាំង​បោះពុម្ពសផ្សាយ​សៀវភៅមួយកន្លែងឈ្មោះ « បោះពុម្ពផ្សាយ​ថៃ » ​ដើម្បីរឹបអូសយកសៀវភៅ ដែលមានឈ្មោះថា « របបរាជានិយម និង​សង្គមថៃ »។ សៀវភៅនេះ គឺជាសម្រង់សន្ទរកថា របស់​លោក Anon Numpa មេធាវីសិទ្ធិមនុស្ស និងជាសកម្មជនប្រជាធិបតេយ្យដ៏ល្បីម្នាក់ ហើយដែលបច្ចុប្បន្ន ត្រូវបានសមត្ថកិច្ចថៃចាប់ដាក់ឃុំ។

នាយនគរបាល​ក្រុង​បាងកក បានអះអាងប្រាប់អ្នកយកព័ត៌មានបារាំងថា ការចុះទៅរឹបអូសសៀវភៅនេះ គឺដោយសារតែក្រុមបាតុករ បានផ្សាយ​តាមបណ្តាញសង្គមថា​ នឹងចែកចាយ​សៀវភៅនេះ ក្នុងពេលធ្វើបាតុកម្ម។ លោកបញ្ជាក់ថា ជំហានបន្ទាប់ គឺសមត្ថកិច្ច និង​ពិនិត្យ​ខ្លឹមសារនៃសៀវភៅនេះ ថាតើវា​បានបំពាន​នឹងច្បាប់ជាធរមានដែរឬទេ។

គួរកត់សំគាល់ថា ក្រុមបាតុករ បានធ្វើការផ្សព្វផ្សាយ ចែករំលែកអត្ថបទសៀវភៅនេះ នៅតាមបណ្តាញ​អ៊ីនធ័រណិត យ៉ាងព្រោងព្រាតរួចទៅហើយ និងបាន​អំពាវនាវ ឲ្យ​សកម្មជនទាំងអស់​ ត្រូវចែកចាយ​បន្តៗ មិនថាតាមអ៊ីនធ័រណិ​ត ឬតាមការ​បោះពុម្ពក្រៅ​ផ្លូវការនោះទេ។ ក្រុមបាតុករក៏បានអំពាវនាវ ឲ្យ​គ្រប់គ្នាអានខ្លឹមសារនៃសៀវភៅនេះ ឲ្យ​ឮៗ នៅក្នុងពេលធ្វើបាតុកម្ម។

គួររំលឹកថា ចលនាបាតុកម្មទាមទារប្រជាធិបតេយ្យនៅថៃ បានចាប់ផ្តើមស្ទុះឡើងវិញ កាលពីខែកុម្ភៈ បន្ទាប់ពីមនុស្ស​សំខាន់ៗជាច្រើននាក់ នៃចលនានេះ ត្រូវបាន​តុលាការថៃសម្រេចឃុំខ្លួន ពីបទ ប្រមាថព្រះជេស្តារព្រះមហាក្សត្រ។ ក្នុងចំណោមអ្នកជាប់ចោទចំនួន​៧៣នាក់ គឺមាន​លោក Parit Chiwarak លោក Anon Numpa និងកញ្ញា Panusaya Sithijirawattanakul ជាដើម ដែលសុទ្ធតែជាសកម្មជនចេញមុខខ្លាំងជាងគេ ក្នុងចលនាទាមទារលទ្ធិប្រជាធិបតេយ្យនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ