អានតួអត្ថបទ
កូរ៉េខាងជើង-មីស៊ីល

អ្នកវិភាគ៖កូរ៉េខាងជើងតែងទាញបានផលចំណេញពីភាពតានតឹងរវាងប្រទេសមហាអំណាច

អាមេរិក និង​កូរ៉េខាងត្បូង​បាន​ប្រកាស​ឲ្យ​ដឹង​ក្នុង​ថ្ងៃ​ពុធ ទី២៤ មីនា​ថា កូរ៉េខាងជើង​បាន​បាញ់​សាកល្បងគ្រាប់មីស៊ីល​ចម្ងាយជិត​ចំនួន ២គ្រាប់។ ការ​បាញ់សាក​គ្រាប់មីស៊ីល​ពី​សំណាក់​ក្រុង​ព្យុងយ៉ាង​ពេល​នេះ​បាន​ធ្វើ​ឡើង នៅ​ក្រោយ​សំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្រ្តី​ការពារជាតិ និង​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​នៅ​ក្នុង​ទឹកដី​កូរ៉េខាងត្បូង។ មួយ​វិញ​ទៀត នេះ​ជា​ការ​បាញ់​សាកល្បង​លើកទី១ តាំង​ពី​លោក​បៃដិន​ចូល​កាន់​តំណែង​ប្រធានាធិបតី​អាមេរិក។ លោក​អង់ទ័ន បុងដា អ្នកវិភាគ​រឿង​កូរ៉េខាងជើង​បាន​យល់​ឃើញ​ថា នៅ​ក្នុង​អតីតកាល​ក៏​ដូច​ជា​នៅ​ពេល​នេះ ក្រុង​ព្យុងយ៉ាង​តែង​មាន និង​ប្រើ​យុទ្ធសាស្រ្ត​តែ​មួយ និង​តែង​ទាញ​បាន​ផលចំណេញ​ពី​ភាព​តានតឹង​រវាង​ប្រទេស​មហាអំណាច។

គ្រាប់មីស៊ីលកូរ៉េខាងជើង
គ្រាប់មីស៊ីលកូរ៉េខាងជើង AP
ផ្សាយពាណិជ្ជកម្ម

« អ្វី​ដែល​សំខាន់ និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​រឿង​កូរ៉េខាងជើង​គឺ​ជានិច្ចកាល កូរ៉េខាងជើង​តែង​មាន​យុទ្ធសាស្រ្ត​តែ​មួយ និង​តែង​ទទួល​បាន​ផលចំណេញ​សឹង​គ្រប់​លើក​ជាមួយ​នឹង​យុទ្ធសាស្រ្ត​នេះ។ កូរ៉េខាងជើង​តែង​ទទួល​បាន​ពី​យុទ្ធសាស្រ្ត​នៃ​ភាព​តានតឹង​រវាង​ប្រទេស​មហាអំណាច។ នៅ​ក្នុង​អតីតកាល កូរ៉េខាងជើង​ទទួល​បាន​ប្រយោជន៍​ពី​ភាព​តានតឹង​រវាង​សហភាពសូវៀត និង​ប្រទេស​ចិន ហើយ​ឥឡូវ​នេះ គឺ​ភាព​តានតឹង​រវាង​ប្រទេស​ចិន និង​អាមេរិក។

ដូច្នេះ វា​ពិត​ជា​គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ​ដែល​នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ កូរ៉េខាងជើង​បាន​បង្ហាញ​ជំហរ និង​បញ្ជូន​សារ​ដើម្បី​ខិត​ទៅ​កៀក​ប្រទេស​​ចិន។ ទាក់ទង​នឹង​ការ​បាញ់សាកល្បង​គ្រាប់មីស៊ីល​ពេល​នេះ​វិញ​ត្រូវ​បាន​គេ​ចោទ​សួរ​ថា ហេតុអ្វី​បាន​ជា​គ្មាន​ប្រតិកម្ម​ខ្លាំងក្លា​ពី​សហរដ្ឋអាមេរិក។ ចម្លើយ​គឺ​ថា មក​ពី​គ្រាប់មីស៊ីល​ដែល​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​ហ្នឹង​ជា​គ្រាប់មីស៊ីល​ចម្ងាយ​ជិត ពោល​មិនមែន​ជា​គ្រាប់មីស៊ីបាលីស្ទិក​ទេ។

ចូរ​កុំ​ភ្លេច​ថា ការ​បាញ់សាកល្បង​គ្រាប់មីស៊ីល​ចម្ងាយ​ជិត​នេះ​មិន​ត្រូវ​បាន​ហាម​ឃាត់​ដោយ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ឡើយ។ គឺ​មាន​តែ​គ្រាប់មីស៊ីបាលីស្ទិក​ទេ​ដែល​បាន​ហាមឃាត់​ដោយ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ។ អ៊ីចឹង​ហើយ​បាន​ជា​គ្មាន​ប្រតិកម្ម​ខ្លាំងក្លា​ពី​សហរដ្ឋអាមេរិក។ អ្វី​ដែល​សំខាន់​សម្រាប់​ក្រុង​ព្យុងយ៉ាង និង​ក្រុង​វ៉ាស៊ីនតោន គឺ​ភាគី​នីមួយៗ​កំពុង​ចង់​ដឹង​ពី​គ្នា​ទៅ​វិញ ទៅ​មក​នូវ​យុទ្ធសាស្រ្ត និង​ខ្សែបន្ទាត់​នយោបាយ​ដែល​ត្រូវ​អនុម័ត។

សម្រាប់​អាមេរិក ក្រោយ​ពី​មាន​ជំនួប​ជាមួយ​កូរ៉េខាងត្បូង និង​ជប៉ុន​មក អាមេរិក​កំពុង​សិក្សា និង​ពិនិត្យមើល​ឡើង​វិញ​ពី​នយោបាយ​ដែល​ខ្លួន​ត្រូវ​មាន​ជាមួយ​កូរ៉េខាងជើង។ នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ គេ​នឹង​បាន​ដឹង​ពី​នយោបាយ​អាមេរិក​ចំពោះ​កូរ៉េខាងជើង។ គឺ​ចាប់​ពី​ពេល​នោះ​ទើប​គេ​អាច​និយាយ​បាន​ថា តើ​មាន ឬ​មិន​មាន​នូវ​កិច្ចចរចា​ឡើង​វិញ​រវាង​អាមេរិក និង​កូរ៉េខាជើង។ តែ​ខណៈ​នេះ ម្នាក់ៗ​កំពុង​ទន្ទឹង​រង់ចាំ​មើល »

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ