អានតួអត្ថបទ
តៃវ៉ាន់

តៃវ៉ាន់៖គ្រោះថ្នាក់រថភ្លើងបានបណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច ៤៨នាក់

នៅ​តៃវ៉ាន់ គ្រោះថ្នាក់​រថភ្លើង​នា​ព្រឹកថ្ងៃ​សុក្រ ទី២ មេសា​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​យ៉ាង​តិច ៤៨នាក់​បាត់បង់​ជីវិត និង​មាន​របួស​ចំនួន ៦៦នាក់​ត្រូវ​បាន​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ។ រថភ្លើង​ដែល​ដឹក​ពេញ​ដោយ​អ្នក​ដំណើរ​បាន​ជួប​គ្រោះថ្នាក់​នៅ​ក្នុង​រូងភ្នំ​មួយ​ក្នុង​ខេត្ត​ឆ្នេរសមុទ្រ Hualien ស្ថិត​ប៉ែកខាងលិច​កោះ​តៃវ៉ាន់។ នេះ​ជា​គ្រោះថ្នាក់​រថភ្លើង​ដ៏​ធ្ងន់ធ្ងរ​ដែល​តៃវ៉ាន់​មិន​ធ្លាប់​ជយប​ទេ គិត​តាំង​ពី​ឆ្នាំ ១៩៩១។

នៅតៃវ៉ាន់ គ្រោះថ្នាក់រថភ្លើងបានបណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច ៤៨នាក់
នៅតៃវ៉ាន់ គ្រោះថ្នាក់រថភ្លើងបានបណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច ៤៨នាក់ . TAIWAN RED CROSS/AFP
ផ្សាយពាណិជ្ជកម្ម

គ្រោះថ្នាក់​រថភ្លើង​ដែល​មាន ៨ទូរ និង​មាន​អ្នកដំណើរ​ជិះ​ប្រមាណ​ជា ៣៥០នាក់​បាន​កើត​មាន​នៅ​ក្នុង​រូងភ្នំ​នា​វេលា​ម៉ោង ៩កន្លះ​ព្រឹក​ម៉ោង​នៅ​កោះតៃវ៉ាន់។ តាម​ការ​សន្និដ្ឋាន​ដំបូង​របស់​ប៉ូលិស​ខេត្ត​ឆ្នេរសមុទ្រ Hualien គ្រោះថ្នាក់​រថភ្លើង​នោះ​បាន​បង្ក​ឡើង​ដោយ​គ្រឿងចក្រ​មួយ​គ្រឿង​ដែល​ចត​មិន​ត្រឹមត្រូវ និង​បាន​រអិល​ធ្លាក់​លើ​ផ្លូវ​រថភ្លើង​ចំ​ពេល​ដែល​រថភ្លើង​មក​ដល់។ តែ​ប៉ូលិស​បាន​បញ្ជាក់​ថា ការ​ស៊ើបអង្កេត​នឹង​បន្ត​ធ្វើ​ដើម្បី​កំណត់​ពី​មូលហេតុ​ឲ្យ​បាន​វច្បាស់លាស់។ រូបភាព​ផ្តល់​ដោយ​កាកបាទក្រហម​តៃវ៉ាន់​បាន​បង្ហាញ​ពី​ក្រុម​ជួយសង្រ្គោះ​ដើរ​លើ​ដំបូល​រថភ្លើង​នៅ​ក្នុង​រូងភ្នំ​ដើម្បី​ជម្លៀស​អ្នក​ដំណើរ​ដែល​ជាប់​គាំង​នៅ​ក្នុង​ទូរ​រថភ្លើង។ នៅ​វេលា​ថ្ងៃ​ត្រង់ អ្នក​ដំណើរ​រងរបួស និង​រួច​ជីវិត​ទាំង​អស់​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ទូររថភ្លើង។

គេ​សម្គាល់​ឃើញ​ថា អ្នកដំណើរ​ជិះ​ក្នុង​ទូររថភ្លើង​ផ្នែក​ខាង​ក្រោយ​ហាក់​មិន​សូវ​ជួប​គ្រោះ​ធ្ងន់ធ្ងរ​ទេ។ រូបភាព​ផ្សព្វផ្សាយ​លើ​ទំព័រ Facebook ដោយ​កាសែត UDN បាន​បង្ហាញ​ថា មាន​ទូររថភ្លើង​ផ្នែក​ខាង​ក្រោយ​យ៉ាង​តិច ២ទូរ​មិន​បាន​រង​ការ​ខូចខាត​អ្វី​ទេ។ ស្រ្តី​អ្នកដំណើរ​ម្នាក់​បាន​ថ្លែង​ថា អ្នកដំណើរ​បាន​វាយបំបែក​កញ្ចក់​បង្អួច​ទូរ​រថភ្លើង​តោង​ឡើង​លើ​ដំបូល​ដើម្បី​ចេញ។ គួរ​ជម្រាប​ថា គ្រោះថ្នាក់​រថភ្លើង​នេះ​បាន​កើត​មាន​ក្នុង​ថ្ងៃទី១ នៃ​ពិធី​សែន​ផ្នូរ​ប្រចាំ​ឆ្នាំ និង​ចំ​ពេល​ឈប់​សម្រាក​ចុង​សប្តាហ៍។ នៅ​ក្នុង​ពិធី​សែន​ផ្នូរ​នេះ ប្រជាជន​ភាគ​ច្រើន​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​កំណើត​តាម​រថយន្ត ឬ​តាម​រថភ្លើង។

អ្វី​ជា​ការ​កត់សម្គាល់ គ្រោះថ្នាក់​រថភ្លើង​ពេល​នេះ​ជា​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​មួយ​ដែល​តៃវ៉ាន់​មិន​ធ្លាប់​ជួប​ប្រទះ​ទេ​នា​ប៉ុន្មាន​ទសវត្ស​ចុង​ក្រោយ​នេះ។ គ្រោះថ្នាក់​រថភ្លើង​ចុង​ក្រោយ​បាន​កើត​មាន​ក្នុង​ឆ្នាំ ២០១៨ ដោយ​បណ្តាល​ឲ្យ​ស្លាប់ ១៨នាក់ និង​របួស​ជាង ២០០នាក់​ក្នុង​ចំណោម​អ្នក​ដំណើរ​ទាំង ៣៦៦នាក់។ ក្នុង​ឆ្នាំ ២០០៣ គ្រោះថ្នាក់​រថភ្លើង​បាន​ផ្តាច់​ជីវិត​មនុស្ស​ចំនួន ១៧នាក់ និង​របួស ១៥៦នាក់។ ក្នុង​ឆ្នាំ ១៩៩១ គ្រោះថ្នាក់​រថភ្លើង​បាន​ផ្តាច់​ជីវិត​មនុស្ស​ចំនួន ៣០នាក់ និង​របួស ១១២នាក់ ហើយ​គ្រោះថ្នាក់​ក្នុង​ឆ្នាំ ១៩៨១ ក៏​បាន​សម្លាប់​អ្នក​ដំណើរ​ចំនួន ៣០នាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ