អានតួអត្ថបទ
ស្រីលង្កា-សាសនា-ភេរវកម្ម

ស្រីលង្កា​រឹតបន្តឹង​សន្តិសុខ ថ្ងៃ​ខួប​​២ឆ្នាំ នៃ​អំ​ពើ​ភេរវកម្ម​​​​នៅ​វិហារ​កាតូលិក

អាជ្ញាធរស្រីលង្កា បានបង្កើនការប្រុងប្រយ័ត្ន រឹតបន្តឹងសន្តិសុខ នៅថ្ងៃទី​៤មេសានេះ នៅតាម​វិហារកាតូលិក នៅក្នុងឱកាសបុណ្យ​ប៉ាក់ (Pâques) ដែលជាបុណ្យដ៏សំខាន់មួយ សម្រាប់ អ្នកកាន់​សាសនា​កាតូលិក។ កាលពី២ឆ្នាំមុន អំពើភេរវកម្មបាញ់រះ បង្កឡើងជនជីហាត​អ៊ីស្លាម​ជ្រុលនិយម នៅក្នុង​ឱកាសបុណ្យ បាន​បណ្តាលឲ្យ​ស្លាប់មនុស្ស​២៧៩នាក់ និងរបួស​ជាង​៥០០នាក់។

សមត្ថកិច្ចឈរយាម នៅខាងមុខវិហារកាតូលិក ក្រុង​កូឡុំបូ ជាទីដែល​មាន​ភេរវកម្ម​ កាលពី​ខែមេសា ឆ្នាំ​២០១៩។ កូឡុំបូ ថ្ងៃទី ៤ មេសា ២០២១
សមត្ថកិច្ចឈរយាម នៅខាងមុខវិហារកាតូលិក ក្រុង​កូឡុំបូ ជាទីដែល​មាន​ភេរវកម្ម​ កាលពី​ខែមេសា ឆ្នាំ​២០១៩។ កូឡុំបូ ថ្ងៃទី ៤ មេសា ២០២១ AP - Eranga Jayawardena
ផ្សាយពាណិជ្ជកម្ម

អំពើភេរវកម្ម​ សំដៅសំលាប់អ្នកកាន់សាសនាកាតូលិក កាលពីឆ្នាំ​២០១៩ បានដក់ជាប់ក្នុង​ចិត្ត​របស់ប្រជាជន ក៏ដូចជាអាជ្ញាធរស្រីលង្កា។ នៅថ្ងៃអាទិត្យ​ ទី​៤មេសា ដែលជាថ្ងៃបុណ្យ​ Pâques អាជ្ញាធរស្រីលង្កា បានបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត។

នៅភាគខាងជើងទីក្រុងកូឡុំបូ សមត្ថកិច្ចបានឆែកឆេរ យ៉ាងម៉ដ្ឋចត់បំផុត គ្រប់មនុស្សដែលចូលទៅក្នុង​វិហារកាតូលិក Saint Sébastien ដើម្បីចូលរួមក្នុងពិធីបួងសួង នៅព្រឹកថ្ងៃអាទិត្យទី​៤មេសានេះ។ គឺទីនេះហើយ ដែលកាលពី២ឆ្នាំមុន ជនជីហាតអ៊ីស្លាមជ្រុលនិយម បានបាញ់រះសម្លាប់មនុស្ស​១១៥នាក់។ ព្រមពេលជាមួយ​គ្នានេះ ក្រុមភេរវកម្ម បានវាយ​ប្រហារនៅទីតាំងវិហារកាតូលិក ២កន្លែងទៀត និង​នៅសណ្ឋាគារ​ចំនួន​៣កន្លែង។ ព្រឹត្តិការណ៍ភេរវកម្មនេះ បាន​ផ្តាច់ជីវិតមនុស្ស ២៧៩នាក់ និង​របួសជាង​៥០០នាក់។

២ឆ្នាំកន្លងមក សមត្ថកិច្ច​ស្រីលង្កា បានចាប់ឃាត់ខ្លួន​មនុស្ស​ប្រមាណ​២០០នាក់ ដែលគេសង្ស័យថា ជាសាមជិក​បណ្តាញជីហាតភេរវកម្ម។ តែរហូតមកទល់ពេលនេះ នៅមិនទាន់មាន​ការជំនំជំរះកាត់ទោសទេ។ តំណាង​សាសនាកាតូលិកនៅស្រីលង្ការ បាន​អំពាវនាវ ឲ្យ​អាជ្ញាធរមានសមត្ថកិច្ច ត្រូវពន្លឿននីតិវិធី ស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ ឲ្យ​បានឆាប់បំផុត។

គួរកត់សំគាល់ថា ក្រោយហេតុការណ៍ភេរវកម្មនេះ សង្គម​ស្រីលង្ការ បានប្រេះស្រាំ ពុះចែកគ្នាកាន់តែខ្លាំងឡើង ដោយ​សារតែបញ្ហាសាសនា។ បញ្ហារើសអើង មើលងាយ លាបពណ៌ឲ្យ​គ្នាទៅវិញទៅមក រវាងសហគមអ្នកកាន់សាសនាខុសៗគ្នា ជាពិសេស រវាងអ្នកកាន់សាសានអ៊ីស្លាម និងអ្នកកាន់សាសនាគ្រិស្ត គឺមានទំហំកាន់តែធំទៅៗ។

កាលពីពាក់កណ្តាលខែមីនា លោកប្រធានាធិបតីស្រីលង្កា Gotabaya Rajapaksa បានអនុម័តក្រិត្យ​ច្បាប់​ថ្មីមួយ ដែលអនុញ្ញាត ឲ្យ​ចាប់ឃាត់ខ្លួនមនុស្ស​ទាំងអស់ ដែលគេសង្ស័យថា មានពាក់ព័ន្ធនឹងអំពើហិង្សា រើសអើងសាសនា បង្កជំលោះរវាងសាសនា និងសហគមនជនជាតិផ្សេងគ្នា ជាដើម។

តែយ៉ាងណា ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ​បានថ្លែងការព្រួយបារម្ភ កាលពីថ្ងៃទី ២៣មីនា ថាស្រីលង្កា កំពុងតែខិតធ្លាក់ចុះអន់ថយ ផ្នែកសិទ្ធិមនុស្ស ដោយសារតែវិធានការមួយចំនួន របស់​រដ្ឋាភិបាល ដែលហាក់​ធ្វើបាប បំបិទសិទ្ធិសេរីភាព មិនគោរពទៅដល់ជំនឿសាសនា​​ផ្សេងៗគ្នា របស់ប្រជាជន។ គេនៅចាំបាននូវសង្រ្គាមស៊ីវីល ដែល​បាន​អូសបន្លាយ​រយៈពេល​ជាង​៣០ឆ្នាំ រវាងរដ្ឋាភិបាល​ស្រីលង្ការ និងក្រុមឧទ្ទាមខ្លាតា​មុល ដែលជាអ្នកកាន់សាសនាហិណ្ឌូ។ តែបច្ចុប្បន្ននេះ អ្វីដែលគេព្រួយ​បារម្ភ គឺ​ក្រុមជីហាតសាសនាអ៊ីស្លាម​ជ្រុលនិយម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ