អានតួអត្ថបទ
តៃវ៉ាន់-ចិន-អាេមរិក

លោកចូ បៃដិន​ បញ្ជូន​គណប្រតិភូ​ក្រៅផ្លូវការ ​ទៅ​កោះតៃវ៉ាន់ ដើម្បី​ពង្រឹង​ការគាំទ្រ​​

នៅថ្ងៃពុធនេះ មានអតីតសមាជិករដ្ឋាភិបាល និងអតីតសមាជិកសភាអាមេរិក៣នាក់ បានទៅដល់កោះតៃវ៉ាន់ ក្នុងនាមជាគណប្រតិភូក្រៅផ្លូវការ របស់លោកប្រធានាធិបតី​ ចូ បៃដិន។ ដំណើរទៅដល់នេះ គឺរដ្ឋាភិបាល​លោកចូ បៃដិន មានបំណងបង្ហាញ​ការគាំទ្រ សហការជាមួយតៃវ៉ាន់ ឲ្យ​បានខ្លាំងបំផុត ខណៈដែល​បច្ចុប្បន្ននេះ ចិនបានបង្ហាញ​សញ្ញាគំរាមជាប្រចាំ មកលើ​សន្តិសុខ​កោះតៃវ៉ាន់។

រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ មកទទួល​ គណប្រតិភូក្រៅផ្លូវការ បញ្ជូនទៅដោយ​លោក​ចូ បៃដិន នៅ​ព្រលានយន្តហោះ​ក្រុងតៃប៉ិ កោះតៃវ៉ាន់ ថ្ងៃពុធ ទី​១៤មេសា ២០២១។
រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ មកទទួល​ គណប្រតិភូក្រៅផ្លូវការ បញ្ជូនទៅដោយ​លោក​ចូ បៃដិន នៅ​ព្រលានយន្តហោះ​ក្រុងតៃប៉ិ កោះតៃវ៉ាន់ ថ្ងៃពុធ ទី​១៤មេសា ២០២១។ AP
ផ្សាយពាណិជ្ជកម្ម

លោក Christopher Dodd អតីតសមាជិកព្រឹទ្ធសភាអាមេរិក រួមដំណើរដោយ​ អតីតអនុ​រដ្ឋមន្ត្រីការបរទេស​​អាេមរិក​២រូប គឺលោក Richard Armitage និងលោក James Steinberg បានទៅដល់ទីក្រុងតៃប៉ិ កោះតៃវ៉ាន់ នៅថ្ងៃពុធ ទី​១៤មេសានេះ។

លោក Xavier Chang អ្នកនាំពាក្យខុទ្ទកាល័យ លោកស្រីប្រធានាធិបតីតៃវ៉ាន់ បាន​សំដែងការសប្បាយចិត្ត ទទួលគណប្រតិភូនេះ ដែលលោក​ចាត់ទុកថា ជាថ្មីម្តងទៀត សហរដ្ឋអាេមរិក បាន​បង្ហាញ​នូវ​ការគាំទ្រដ៏រឹងមាំ មកលើកោះតៃវ៉ាន់។ ប្រភពដដែល បានឲ្យដឹងថា លោកស្រី សៃ អ៊ីងវែន នឹងទទួលជួបគណប្រតិភូក្រៅផ្លូវការនេះ នៅព្រឹកថ្ងៃព្រហស្បតិ៍។

សូមបញ្ជាក់ថា គណប្រតិភូក្រៅផ្លូវការនេះ ត្រូវបាន​ស្នើឲ្យ​ធ្វើ​ដំណើរទៅតៃវ៉ាន់ ដោយ​លោក​ប្រធានាធិបតី​ ចូ បៃដិន ដើម្បីបង្ហាញ ពីទឹកចិត្តផ្ទាល់ខ្លួនរបស់​ចូ បៃដិន ដែលគាំទ្រកោះតៃវ៉ាន់។ មន្ត្រីទូតអាមេរិកម្នាក់ បានលើកឡើងថា លោកចូ បៃដិនបានបញ្ជូនគណប្រតិភូក្រៅផ្លូវការ ទៅតៃវ៉ាន់ គឺក្នុងឱកាសខួបទី​៤១ នៃច្បាប់ដែលចែងអំពីទំនាក់ទំនងរវាង សហរដ្ឋអាមេរិក និងកោះតៃវ៉ាន់។ ច្បាប់នេះឯង ដែលលោកចូ បៃដិនប​ានចូលរួមបោះឆ្នោតគាំទ្រ នៅពេលលោកធ្វើជា​សមាជិកព្រឹទ្ធសភា។

គួររំលឹកថា កោះតៃវ៉ាន់ ដែលមាន​ប្រជាជនប្រមាណ​២៣លាននាក់ ត្រូវបាន​ចិនចាត់ទុកថាជាខេត្តមួយ​របស់ខ្លួន។ ជាផ្លូវការ​ សហរដ្ឋអាេមរិកបានទទួលស្គាល់សាធារណៈរដ្ឋប្រជាមានិតចិន នៅឆ្នាំ​១៩៧៩។ តែយ៉ាងណា សហរដ្ឋអាេមរិក នៅតែបន្តមានទំនាក់ទំនង ទាំងការទូត យោធា និងសេដ្ឋកិច្ចជាមួយ​កោះតៃវ៉ាន់ ក្នុងនាមជាដែនដីឯករាជ្យ ដាច់ពីចិន។ ច្បាប់អាមេរិក បានកំណត់ឲ្យ​អាមេរិកត្រូវជួយគាំទ្រផ្នែកយោធា ដល់តៃវ៉ាន់ ក្នុងករណីផ្ទុះសង្រ្គាមណាមួយ រវាងតៃវ៉ាន់និងចិន។

ជាការកត់សំគាល់ មួយរយៈចុងក្រោយនេះ ចិន បានបង្ហាញសញ្ញាជាច្រើន បញ្ជាក់ថា ថ្ងៃណាមួយ​ ចិននឹងយកតៃវ៉ាន់មកគ្រប់គ្រងវិញ ជាក់ជាមិនខាន ទោះបីជាត្រូវប្រើកម្លាំងក៏ដោយ។ យ៉ាងណាមិញ​ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ យន្តហោះចម្បាំងចិន បានហោះចូលដែនអាកាសតៃវ៉ាន់ ដល់ទៅ២៥ដង។ នៅថ្ងៃអង្គារទី១៣មេសា លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បាន​ថ្លែងសារជាថ្មីថា « សហរដ្ឋអាមេរិកមិនត្រូវលូកដៃលេងភ្លើងជាដាច់ខាត »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ