អានតួអត្ថបទ
ភូមា-សហភាពអឺរ៉ុប

សហភាព​អឺរ៉ុប​​បន្ថែម​ទណ្ឌកម្ម​​លើ​របប​សឹក​ភូមា

នៅ​ថ្ងៃចន្ទទី ១៩​មេសា​នេះ សហភាពអឺរ៉ុប បាន​សម្រេច​ដាក់ទណ្ឌកម្មប្រឆាំង​នឹង​មេដឹកនាំ​យោធា​ភូមាកំពុង​កាន់​អំណាច​​ចំនួន​១០​នាក់បន្ថែម​ទៀត និង​ក្រុមហ៊ុន​ពីរដែល​ធានា​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ឱ្យ​រដ្ឋាភិបាល​សឹក។ ​នេះ​ជា​វិធានការ​របស់​សហភាព​អឺរ៉ុប ​ចម្លើយ​​តប​នឹង​ទង្វើ​បង្ក្រាប​បាតុករ​យ៉ាង​ហិង្សា​។

សហភាព​អឺរ៉ុបបន្ថែម​​ទណ្ឌកម្ម​លើ​របប​សឹក​ភូមា
សហភាព​អឺរ៉ុបបន្ថែម​​ទណ្ឌកម្ម​លើ​របប​សឹក​ភូមា STR AFP/File
ផ្សាយពាណិជ្ជកម្ម

​អ្នក​ទទួល​ខុស​ត្រូវ​ភូមាទាំង​១០នាក់​ថ្មី​ដែល​​សហភាពអឺរ៉ុប​ទើប​បាន​បញ្ចូល​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ ជាប់​ទណ្ឌកម្ម ភាគ​ច្រើន​ជា​សមាជិក​ក្រុមប្រឹក្សា​រដ្ឋបាលរដ្ឋ និង​ត្រូវ​បាន​សហភាព​អឺរ៉ុប​ចាត់​ទុក​ថា​ជា​អ្នក​មានអំណាច​សម្រេច​ នាំ​ឱ្យ​ខូច​ឬ​ចុះខ្សោយ​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​ភូមា។ អ្នកទាំង​១០​នឹង​ត្រូវ​ជាប់​បម្រាម​មិន​ឱ្យ​​ធ្វើ​ដំណើរមក​អឺរ៉ុប​ឬ ​ឆ្លង​កាត់​អឺរ៉ុបទេ ទ្រព្យ​សម្បត្តិ​នៅ​អឺរ៉ុប​នឹង​បង្កក​ទុកមិនឱ្យ​ចេញ​ពី​​សហភាព​អឺរ៉ុប។

សហភាពអឺរ៉ុប​​ក៏​បាន​​​ដាក់ទណ្ឌកម្ម​ប្រឆាំង​នឹង​ក្រុមហ៊ុន​ធំ​ពីរ​របស់​ភូមា ដោយ​សម្រេច​ឈប់​​​ផ្តល់​ហិរញ្ញវត្ថុ​ដល់​ក្រុមហ៊ុន ​ Myanmar Economic Holdings Ltd (MEHL) និង Myanmar Economic Corporation (MEC) ដែល​ជា​ប្រភព​​ហិរញ្ញវត្ថុ​របស់​ពួក​យោធា​ភូមា ទៀត​ទេ។ ក្រុមហ៊ុនទាំង​ពីរ​នេះជាប់​​​ទណ្ឌកម្ម​របស់​អង់គ្លេស​និង​សហរដ្ឋ​អាមេរិក​រួច​ស្រេច​ទៅហើយ។

តាមការពិត​ទណ្ឌកម្ម​ថ្មី​បន្ថែម​ដែល​​រដ្ឋមន្ត្រីការបរទេស​សហភាព​អឺរ៉ុប​​អនុម័ត នៅ​ក្នុង​ជំនួប​ប្រជុំ​ តាម​រយៈ​វីដេអូខុនហ្វេរិន នា​ថ្ងៃ​ទី ១៩​មេសា​នេះ ជា​គម្រោង​ទណ្ឌកម្មដែល​សហភាព​អឺរ៉ុប​បាន​សម្រេច​​តាំង​ពី​ថ្ងៃ​ទី ២២​មីនា ទន្ទឹម​នឹង​ការ​សម្រេច​ដាក់​ទណ្ឌកម្ម​ ប្រមុខ​ដឹកនាំ​យោធា​ភូមាឧត្តមសេនីយ មីនអូនឡាំង និង​ប្រធានគណៈកម្មការ​បោះឆ្នោត ព្រមទាំង​មេដឹកនាំយោធា​ជាន់ខ្ពស់​៩នាក់​ផ្សេង​ទៀត។តែ​សហភាព​អឺរ៉ុប​ត្រូវ​​ពិគ្រោះ​ជាមួយ​ដៃ​គូ​បស្ចឹម​លោក​សិន ដើម្បី​ឱ្យ​​ទណ្ឌកម្ម​កាន់​តែ​មាន​ប្រសិទ្ធភាព។

បើ​តាម​ប្រសាសន៍​របស់​រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់ សហភាព​អឺរ៉ុប​បន្ថែម​ទណ្ឌកម្ម​ថ្មីលើ​ភូមា ក្នុង​បំណង​តែ​មួយ​គឺ​បង្ខំ​ឱ្យ​របប​សឹក​ព្រម​ចូលចរចា និង​បើក​កិច្ចចរចា​ រក​ដំណោះ​ស្រាយ​បិទ​បញ្ចប់​វិបត្តិ ក្នុង​ពេល​ដែលក្រុម​ប្រទេស​ជា​សមាជិក​អាស៊ាន​ត្រូវ​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃទី ២៤​មេសា។

សូម​បញ្ជាក់​ថា​វិបត្តិ​នៅភូមា បាន​ជំរុញ​ឱ្យ​ពលរដ្ឋ​ស៊ីវិល​ចុះ​ធ្វើ​បាតុកម្ម​ស្ទើរ​ជារៀង​រាល់​ថ្ងៃ និង​រក​ការ​បង្ក្រាប​យ៉ាង​ហិង្សាពី​សំណាក់​អាជ្ញាធរ​យោធា ដោយ​រាប់​មាន​ស្លាប់​​ជាង​៧០០នាក់ គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី ១កុម្ភៈ ថ្ងៃ​ដែល​ក្រុមយោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិលរបស់​លោកស្រី អ៊ុងសានស៊ូជី​មក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ