អានតួអត្ថបទ
ថៃ-កូវីដ១៩

ផ្ទុះករណីឆ្លងនិង​ស្លាប់​ដោយ​កូវីដ១៩ខ្លាំង ថៃ រឹតបន្តឹងវិធានការ

ប្រទេស​ថៃ​​បាន​ចេញ​​វិធានការ​ថ្មី តឹង​តែង​ខ្លាំង ចាប់ពីថ្ងៃចន្ទទី ២៦​មេសា​ទៅ ​ដើម្បី​ប្រឈម​នឹង​ការ​ស្ទុះ​ឡើង​ខ្លាំង​ជា​ថ្មី នៃ​​ការចម្លង​រីករាលដាល​ ​ជំងឺ​កូវីដ​១៩។ បន្ទាប់​ពី​ស្ងប់​ស្ងាត់​មួយ ចំនួន​អ្នក​ឆ្លង​ថ្មី និង​អ្នក​ស្លាប់ដោយកូវីដ​១៩​ ​បាន​កើន​ឡើង​ខ្លាំង​ដល់​កំរិត​ខ្ពស់​បំផុត​​​មិនធ្លាប់​​ជួប​ប្រទះពី​មុន​មក​ នារយៈពេល​​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយមក​នេះ។

នាយករដ្ឋមន្ត្រី​ប្រកាស​ប្រឹង​ស្វែងរក​ថ្នាំ​បង្ការដើម្បីចាក់​ជូនពលរដ្ឋ​ឱ្យ​បាន​ ៣០ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃៗ
នាយករដ្ឋមន្ត្រី​ប្រកាស​ប្រឹង​ស្វែងរក​ថ្នាំ​បង្ការដើម្បីចាក់​ជូនពលរដ្ឋ​ឱ្យ​បាន​ ៣០ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃៗ AFP - HANDOUT
ផ្សាយពាណិជ្ជកម្ម

ត្រូវ​ពាក់​ម៉ាស់​ជា​ដាច់​ខាត នៅ​តាម​ទី​សាធារណៈ ក្នុង​ទីក្រុង​បាងកក និង​ក្នុង​៤៩​ខេត្ត​ផ្សេង​ទៀត។ អ្នក​ហ៊ានល្មើស​ មិន​ពាក់​ម៉ាស់ នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​ ២ម៉ឺន​បាត។ បន្ទាប់​ពី​បាន​ ​បិទ​សាលា​រៀន បាររង្គសាល និង​ហាម​មិន​ឱ្យ​លក់​គ្រឿង​ស្រវឹង​នៅ​តាម​អាហារដ្ឋាន តាំង​ពីសប្តាហ៍មុនមក ចាប់​ពី​ថ្ងៃ​ចន្ទទី ២៦មេសា​នេះទៅ ទីកន្លែង​សាធារណៈជា​ច្រើន​​ផ្សេ​ងទៀត ដូច​ជា​រោង​ភាពយន្ត សាលកីឡា អាងហែល​ទឹក ... ក៏​ត្រូវ​បិទ​ទ្វារ​ដែរ​។

មានប្រជាជន​សរុប​ជាង​៧០លាន​នាក់ ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សន្ទុះ​រាតត្បាត​កូវីដ​១៩​ជា​ថ្មី ដោយ​រាប់​ឃើញ​មាន​អ្នក​ឆ្លង​ថ្មី ដល់​ទៅ ជាង​ ៥៧៥០០ករណី​ គិត​ត្រឹម​ថ្ងៃអាទិត្យ​ទី ២៥​មេសា ទល់​នឹង​២៩០០០​ករណី​ប៉ុណ្ណោះ កាលពី​ដើម​ខែមេសា។ ពោល​គឺ​ចំនួន​អ្នក​ឆ្លង​ថ្មី​បានកើន​ឡើង​ស្ទើរ​ទ្វេ​មួយ​ពីរ ក្នុង​រយៈ​ពេល​មិន​ជាង​កន្លះ​ខែ​បន្តិច។

១១នាក់ ជា​​ចំនួនមនុស្ស​ស្លាប់​ដោយ​កូវីដ​១៩ ក្នុង​មួយ​ ថ្ងៃអាទិត្យ​ទី ២៥​មេសា​ ពោលគឺ​ចំនួនដ៏​បំផុត​ពុំ​ធ្លាប់​មាន​កត់​ត្រា​ក្នុង​បញ្ជី​របស់​​ថៃ​ទេ គិត​ចាប់​តាំង​ពី​មាន​លេច​ជំងឺ​កូវីដ​១៩មក។

តើ​អ្វី​ជា​មូលហេតុ​ដែលនាំ​ឱ្យ​ថៃ​ដែល​មាន​ចំណាត់ការ​ល្អ ទប់​ស្កាត់​កូវីដ​១៩​បាន​យ៉ាង​ប្រសើរ​ក្នុង​រយៈ​ពេលមួយ​ឆ្នាំ​កន្លងមកនេះ តាម​រយៈ​នយោបាយ​ត្រួត​ពិនិត្យ​ព្រំដែន​​ និង​តាមដាន​អ្នក​វិជ្ជមាន​កូវីដ​យ៉ាង​តឹង​តែង​ បែរ​ជា​មាន​សន្ទុះ​ចម្លង​ថ្មី​យ៉ាង​ខ្លាំងក្លា​ទៅ​វិញ នៅ​ពេលនេះ ? នេះ​មក​ពី​ភាព​យឺតយ៉ាវ​នៃ​យុទ្ធនាការ​ចាក់ថ្នាំបង្ការ ដូច​ដែល​ប្រជាពលរដ្ឋ​បាន​ស្រែក​រិះគន់​រដ្ឋាភិបាល​មែន​ឬ ? បើ​ប្រៀប​ធៀប​នឹ​ង​ប្រទេស​ជិត​ខាង​ក្នុង​តំបន់ ដំណើរការ​ចាក់​ថ្នាំ​បង្ការ​ជូន​ប្រជាពលរដ្ឋ​ថៃ​មាន​ការ​យឺត​យ៉ាវ​ខ្លាំង​ជាង​គេ​មែន។

ប្រឈម​នឹង​សម្រែក​នេះ នាយករដ្ឋមន្ត្រីថៃ​លោកប្រាយុទ្ធ​ចាន់​អូចាបាន​ប្រកាស​តាមប្រព័ន្ធ​សង្គម​ហ្វេសប៊ុក​ ថា​រដ្ឋាភិបាល​នឹង​ខិត​ខំ​ប្រឹង​ស្វែង​រក​វ៉ាក់សាំង​ ដើម្បី​អាច​សម្រេច​កម្មវត្ថុ​ចាក់​ជូនប្រជាពលរដ្ឋ​ ឱ្យ​បាន​៣០ម៉ឺន​នាក់​ក្នុង​ថ្ងៃ។

ដោយ​ឡែក​នៅ​ប្រទេស​ឡាវ ដែល​ហាក់​ដូចជា​ពុំ​រង​ការ​រាតត្បាត​ខ្លាំង​ក្នុង​រលក​ដំបូងនោះ អាជ្ញាធរ​បានប្រកាសដាក់​ក្រុង​វៀង​ចន្ទ​ក្នុង​ភាព​អាសន្ន និង​ហាមប្រជាពលរដ្ឋ​មិន​ឱ្យ​ចេញ​ក្រៅ​ផ្ទះ លើក​លែង​តែ​ករណី​ចាំបាច់​ត្រូវ​ទៅផ្សារ​ទិញម្ហូប និង​ទៅ​ពេទ្យ ព្រោះ​ការ​ចម្លង​ចាប់​មាន​ល្បឿន​ខ្លាំង មិនដល់​មួយ​សប្តាហ៍​ផង​ឡាវរាប់​ឃើញ​មាន​អ្នក​ឆ្លងឡើង​ពី ៥៨​ ដល់​ ៣២៣នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ