អានតួអត្ថបទ
អាហ្វហ្កានីស្ថាន

អាហ្វហ្កានីស្ថាន៖ស្លាប់យ៉ាងតិច ៥០នាក់នៅក្នុងអំពើភេរវកម្មក្នុងទីក្រុងកាប៊ូល

នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន ក្រសួង​មហាផ្ទៃ​បាន​ប្រកាស​ឲ្យ​ដឹង​ក្នុង​ថ្ងៃ​អាទិត្យ ទី៩ ឧសភា​នេះ​ថា អំពើ​ភេរវកម្ម​នៅ​ពី​មុខ​សាលារៀន​មួយ​ក្នុង​ក្រុង​កាប៊ូល​នា​រសៀល​ថ្ងៃ​សៅរ៍ ទី៨ ឧសភា​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ៥០នាក់ និង​របួស​ជាង ១០០នាក់​ដែល​ភាគ​ច្រើន​ជា​កូនសិស្ស។ អំពើ​ភេរវកម្ម​នេះ​នៅ​មិន​ទាន់​មាន​ក្រុម ឬ​ចលនា​ណា​ចេញ​មុខ​សារភាព​ជា​ស្នាដៃ​របស់​ខ្លួន​ទេ។ ចំណែក​ចលនា​ឧទ្ទាម​តាលីបង់​ក៏​បាន​ចេញ​មុខ​​បដិសេធ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី រដ្ឋាភិបាល​ក្រុង​កាប៊ូល​មិន​ញញើត​នឹង​​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​លើ​ពួក​តាលីបង់។

នៅអាហ្វហ្កានីស្ថាន មានស្លាប់យ៉ាងតិច ៥០នាក់នៅក្នុងអំពើភេរវកម្មក្នុងទីក្រុងកាប៊ូលថ្ងៃទី៨ ឧសភា ២០២១។
នៅអាហ្វហ្កានីស្ថាន មានស្លាប់យ៉ាងតិច ៥០នាក់នៅក្នុងអំពើភេរវកម្មក្នុងទីក្រុងកាប៊ូលថ្ងៃទី៨ ឧសភា ២០២១។ AP - Rahmat Gul
ផ្សាយពាណិជ្ជកម្ម

អំពើ​ភេរវកម្ម​មួយ​នេះ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​សង្កាត់ Dasht-e-Artchi ដែល​ជា​សង្កាត់​ក្រីក្រ​មួយ​នៃ​ក្រុង​កាប៊ូល និង​ដែល​សម្បូរ​អ្នកកាន់​សាសនា​អ៊ីស្លាម​ឈីអ៊ីត​និកាយ​ហាហ្សារ៉ាស​រស់​នៅ។ តាម​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ មាន​ការ​ផ្ទុះ​ចំនួន ៣ដង ដែល​លើក​ទី១ ជា​ការ​ផ្ទុះ​រថយន្ត​មួយ​គ្រឿង​នៅ​ពី​មុខ​សាលរៀន​សម្រាប់​កូនសិស្សស្រី និង​ការ​ផ្ទុះ​ចំនួន ២ដង​ទៀត ខណៈ​ដែល​កូនសិស្ស​មាន​ការ​​ភ័យ​ស្លន់ស្លោ និង​នាំ​គ្នា​ចាកចេញ​ពី​សាលា។ គួរ​រម្លឹក​ថា​នៅ​អាហ្វហ្កានីស្ថាន សិស្ស​ប្រុស និង​សិស្ស​ស្រី​រៀន​ដាច់​ពី​គ្នា​ដោយ​មិន​ទៅ​សាលា​ក្នុង​ពេល​តែ​មួយ​ជាមួយ​គ្នា​ទេ។ តុល្យការ​ចុង​ក្រោយ​ប្រកាស​ដោយ​ក្រសួង​មហាផ្ទៃ មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ៥០នាក់ និង​របួស​ជាង ១០០នាក់​ដែល​ភាគច្រើន​ជា​កូនសិស្ស។

ជា​ញឹកញាប់ អ្នកកាន់​សាសនា​អ៊ីស្លាម​ឈីអ៊ីត​និកាយ​ហាហ្សារ៉ាស​ជា​ផ្ទាំងស៊ីប​នៃ​ការ​វាយប្រហារ​របស់​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។ ខណៈ​នេះ នៅ​មិន​ទាន់​មាន​ក្រុម ឬ​ចលនា​ណា​ចេញ​មុខ​សារភាព​ជា​ស្នាដៃ​របស់​ខ្លួន​នៅ​ឡើយ​ទេ។ តែ​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​លោក​ហ្កានី​បាន​ចង្អុល​មុខ​ពួក​ឧទ្ទាម​តាលីបង់។ « ក្រុម​មនុស្សព្រៃ​មួយ​នេះ​គ្មាន​សមត្ថភាព​ក្នុង​ការ​ប្រឈម​មុខ​ទល់​នឹង​កម្លាំង​រដ្ឋាភិបាល​នៅ​លើ​សមរភូមិ ដូច្នេះ​ហើយ​បាន​ជា​ពួក​គេ​ទៅ​វាយប្រហារ​អាគារ​សាធារណៈ និង​សាលរៀន​សម្រាប់​សិស្ស​ស្រីៗ » នេះ​ជា​ការ​បរិហារ​របស់​លោក​ហ្កានី។ ការ​ចោទ​ប្រកាន់​របស់​លោក​ហ្កានី​នេះ​ត្រូវ​បាន​ពួក​តាលីបង់​បដិសេធ និង​ប្រកាស​ថា ខ្លួន​មិន​ដែល​បាន​បង្ក​អំពើ​ភេរវកម្ម​ក្នុង​ក្រុង​កាប៊ូល​តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ ២០២០ មក​ម្ល៉េះ។

ចំណែក​មន្រ្តីការទូត​ជាន់ខ្ពស់​អាមេរិក​ប្រចាំ​ក្រុង​កាប៊ូល​លោក Ross Wilson បាន​ចាត់​ទុក​អំពើ​ភេរវកម្ម​ជា​រឿង​គួរ​ឲ្យ​ស្អប់ខ្ពើម និង​ថា ការ​វាយប្រហារ​ប្រឆាំង​នឹង​កូនក្មេង​សិស្សសាលា​ពេល​នេះ​ជា​ការ​វាយប្រហារ​ប្រឆាំង​នឹង​អនាគត​ប្រទេស​អាហ្វហ្កានីស្ថាន។ អ្វី​ជា​ការ​កត់សម្គាល់ អំពើ​ភេរវកម្ម​នេះ​បាន​កើត​មាន​ឡើង ខណៈ​ដែល​អាមេរិក​ចាប់​ផ្តើម​ដក​ទ័ព​ចំនួន ២ ៥០០នាក់​បណ្តើរៗ​ចេញ​ពី​ទឹកដី​អាហ្វហ្កានីស្ថាន និង​ដក​ឲ្យ​អស់​នៅ​ត្រឹម​ថ្ងៃទី១១ កញ្ញា​ខាង​មុខ​ដែល​ខួប​គម្រប់ ២០ឆ្នាំ​នៃ​មហាភេរវកម្ម​ថ្ងៃ១១ កញ្ញា ២០០១ នៅ​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ