អានតួអត្ថបទ
អាហ្វហ្កានីស្ថាន-តាលីបង់

អាហ្វហ្កានីស្ថាន៖ ភេរវកម្ម​ហិង្សា​កើនឡើងខ្លាំង​ ខណៈ​អាមេរិក​កំពុង​​ពិចារណា​​ដកទ័ព​

កាលពីថ្ងៃសៅរ៍ទី​២០កុម្ភៈ មានហេតុការណ៍ ភេរវកម្ម​បំផ្ទុះគ្រាប់ចំនួន​៣ករណី បានកើតឡើងនៅទីក្រុងកាប៊ូល ប្រទេសអាហ្វហ្កានីស្ថាន ដោយ​បានសម្លាប់ជីវិតមនុស្សប្រមាណ​៥នាក់។ គួរកត់សំគាល់ថា មួយ​រយៈចុងក្រោយ​​នេះ ហេតុការណ៍ភេរវកម្មបាន​កើនតឡើង សឹងមិនលស់ថ្ងៃនៅ​អាហ្វហ្កានីស្ថាន ខណៈដែល​សហរដ្ឋអាមេរិក ​កំពុងពិចារណាថាត្រូវដកទ័ព​ចេញឬយ៉ាងណា។ អគ្គ​មេបញ្ជាការកងទ័ពអាមេរិកម្នាក់លើកឡើងថា គឺក្រុម​តាលីបង់ ដែលជាអ្នកនៅពីក្រោយ​អំពើហិង្សាទាំងនេះ។

ទីតាំងកើតហេតុភេរវកម្មបំផ្ទុះគ្រាប់បែកមួយ​កន្លែង នៅទីក្រុងកាប៊ូល ថ្ងៃទី ២០កុម្ភៈ ២០២១
ទីតាំងកើតហេតុភេរវកម្មបំផ្ទុះគ្រាប់បែកមួយ​កន្លែង នៅទីក្រុងកាប៊ូល ថ្ងៃទី ២០កុម្ភៈ ២០២១ REUTERS - OMAR SOBHANI
ផ្សាយពាណិជ្ជកម្ម

គ្រាប់បែក៣គ្រាប់ត្រូវបាន​គេដាក់បំផ្ទុះ នៅទីតាំង​៣ផ្សេងគ្នា នៅវេលាព្រឹកថ្ងៃសៅរ៍ទី២០កុម្ភៈ នៅទីក្រុងកាប៊ូល។ ទីតាំង​កើតហេតុ គឺសុទ្ធតែជាទីប្រជុំជន​ មានបុគ្គលិករដ្ឋ ទាហាន និងសមត្ថកិច្ចរដ្ឋាភិបាលអាហ្វហ្កានីស្ថាន ឆ្លងកាត់។ ក្នុងចំណោមមនុស្ស​៥នាក់ ដែលស្លាប់ គឺមាន​ជនស៊ីវីល និង​បុគ្គលិកក្រសួងការពារជាតិអាហ្វហ្កានីស្ថាន២នាក់។ នេះបើផ្អែកតាមការ​អះអាង របស់អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃអាហ្វហ្កានីស្ថាន។

ថ្វីបើ​ភេរវកម្ម​ថ្មី​ៗនេះ មិនទាន់ត្រូវបាន​ក្រុម​ណាមួយ​ចេញមុខទទួលថាជាស្នាដៃខ្លួន​ តែគ្រប់គ្នាបានសម្លឹងទៅ​កាន់​ក្រុមតាលីបង់។ មួយ​រយៈចុងក្រោយ​នេះ ហេតុការណ៍​ភេរវកម្ម បាន​កើតមាន​សឹងតែរៀងរាល់ថ្ងៃ មិនថានៅក្រុងកាប៊ូល ឬនៅទីក្រុងធំៗផ្សេងទៀត របស់អាហ្វហ្កានីស្ថាន។ ក្រៅពីនេះទៀត ករណី​ធ្វើឃាត សម្លាប់អ្នកកាសែត អ្នកនយោបាយ អ្នកច្បាប់ និង​សកម្មជនសិទ្ធិមនុស្ស ក៏បានកើនឡើងខ្លាំងដែរ នៅអាហ្វហ្កានីស្ថាន។ ទោះយ៉ាងណា ក្រុមតាលីបង់ បានអះអាងថាខ្លួន​មិន​មែនជាអ្នក​ធ្វើអំពើហិង្សាទាំងនេះទេ គឺមានក្រុមភេរវកម្មផ្សេងទៀត។

ដោយឡែក លោក Kenneth McKenzie មេបញ្ជាការ​នៃអង្គភាព​កណ្តាល​ របស់​កងទ័ពអាមេរិក ដែលបាន​ទៅ​រដ្ឋធានីអ៊ីស្លាម៉ាបាដ កាលពីថ្ងៃសុក្រ ទី ១៩កុម្ភៈ បាន​លើកឡើងថា ក្រុម​តាលីបង់ គឺជាអ្នកនៅពីក្រោយ​អំពើ​ភេរវកម្ម​ហិង្សា ដែលកើតមានឡើងជាញឹកញាប់បំផុត នៅអាហ្វហ្កានីស្ថាន។ លោកបន្ថែមថា អំពើហិង្សាបង្កឡើងដោយ​ក្រុមតាលីបង់ គឺសំដៅវាយប្រហារ សម្លាប់សមាជិកនៃក្រុម​សមត្ថកិច្ច​រដ្ឋ និង​ សមាជិកកងទ័ពជាតិអាហ្វហ្កានីស្ថាន។ លោក​មេបញ្ជាការ​កងទ័ពអាមេរិករូបនេះ បាន​ថ្លែងថា ស្ថានភាព​សុវត្ថិភាពសន្តិសុខ នៅអាហ្វហ្កានីស្ថាន នាពេលនេះ គឺគួរឲ្យ​បារម្ភខ្លាំងណាស់។​

សូមបញ្ជាក់ថា យោងតាម​កិច្ចព្រមព្រៀង ដែលរដ្ឋាភិបាល​លោកដូណាល់ ត្រាំ បានចុះជាមួយ​ក្រុមតាលីបង់កាលពីខែ​កុម្ភៈ២០២០ គឺសហរដ្ឋអាមេរិក សន្យាដកទ័ពចេញ​នៅខែឧសភាឆ្នាំ​២០២១​នេះ។ តែយ៉ាងណា រហូតមកទល់ពេលនេះ ការចរចាសន្តិភាព រវាងក្រុមតាលីបង់ និង​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន គឺមិនទៅមុខឡើយ។ សហរដ្ឋអាេមរិក ព្រមទាំងអង្គការអូតង់ កំពុងតែស្ទាក់ស្ទើរ និងគិតល្អិតល្អន់ ថាតើគួរដកទ័ពចេញ​នៅខែឧសភាឬយ៉ាងណា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ