អានតួអត្ថបទ
សិង្ហបុរី-វ៉ាក់សាំងប្រឆាំងកូវីដ១៩

មន្ទីរពិសោធន៍ ​BioNTech ​នឹងបើក​សាខា​ផលិត​វ៉ាក់សាំង​របស់ខ្លួន​ នៅ​សិង្ហបុរី

មន្ទីរពិសោធន៍អាល្លឺម៉ង់ BioNTech មានគម្រោងបើកសាខាមួយនៅ​ប្រទេសសិង្ហបុរី ដើម្បី​ផលិត​វ៉ាក់សាំង​ប្រឆាំងកូវីដ​១៩។ នេះគឺជាការឆ្លើយតប ទៅនឹងតម្រូវការនៃការពង្រីកសង្វាក់ផលិតកម្ម ដើម្បីឈានទៅផ្គត់ផ្គង់ វ៉ាក់សាំងប្រឆាំងកូវីដ​១៩ ដល់ប្រទេសនៅតំបន់អាស៊ី។ សូមបញ្ជាក់ថា មន្ទីរពិសោធន៍ BioNTech បានរួមសហការជាមួយ​មន្ទីរពិសោធន៍​ Pfizer ស្រាវជ្រាវផលិតវ៉ាក់សាំងប្រភេទARN ដែលមាន​ប្រសិទ្ធិខ្ពស់ ព្រមទាំងបានទទួលការទុកចិត្ត កាន់តែខ្លាំងឡើងៗ។

ទីតាំងផលិតវ៉ាក់សាំង ប្រឆាំងកូវីដ​១៩ របស់មន្ទីរពិសោធន៍ BioNTech នៅក្រុង​ Marburg ប្រទេសអាល្លឺម៉ង់។
ទីតាំងផលិតវ៉ាក់សាំង ប្រឆាំងកូវីដ​១៩ របស់មន្ទីរពិសោធន៍ BioNTech នៅក្រុង​ Marburg ប្រទេសអាល្លឺម៉ង់។ AP - Michael Probst
ផ្សាយពាណិជ្ជកម្ម

ក្រៅពីគ្រោងបង្កើតទីតាំងសាខាធំ​ប្រចាំតំបន់អាស៊ីអាគ្នេយ៍​ នៅសិង្ហបុរី មន្ទីរពិសោធន៍​​អាល្លឺម៉ង់ BioNTech និងបង្កើតទីតាំងផលិតមួយទៀត នៅសិង្ហបុរី។ ទីតាំងផលិតថ្មី​នេះ នឹងមានសមត្ថភាព ផលិត​សេរ៉ូម ARN​ messager ដែលជាសារធាតុផ្សំដ៏ចាំបាច់​បំផុត សម្រាប់ផលិតចេញ​​ជា​វ៉ាក់សាំង​​ប្រឆាំង​កូវីដ​​១៩។​ ជាមន្ទីរពិសោធន៍ថ្មី​នេះ​ បំពាក់ដោយ​គ្រឿងយន្ត ម៉ាស៊ីនរ៉ូបូ និងមាន​អ្នក​បច្ចេកទេស​ជំនាញខ្ពស់ ចំនួន​ប្រមាណ​៨០នាក់។

លោក ​Ugur Sahin អគ្គនាយកមន្ទីរពិសោធន៍ BioNTech បានលើកឡើងថា វាជារឿងចាំបាច់ និងបន្ទាន់បំផុតនាពេលនេះ ដែលត្រូវតែពង្រីកសមត្ថភាព​ ផលិតវ៉ាក់សាំងនៅតំបន់ផ្សេងទៀត។ ហើយវាក៏ឆ្លើយតបទៅនឹងយុទ្ធសាស្រ្តរបស់សហគ្រាសផលិតឱសថនេះ ក្នុងការពង្រឹងវត្តមាននៅទូទាំងពិភពលោកផងដែរ​។

សូមបញ្ជាក់ថា មន្ទីរពិសោធន៍ BioNTech គឺជាមន្ទីរពិសោធន៍តូចមួយ នៅក្រុង​Mayence ភាគខាតលិច​អាល្លឺម៉ង់ មានជំនាញផ្នែក Biotechnologie។ BioNTech បានសហការជាមួយ​សហគ្រាស​ផលិតឱសថដ៏ធំរបស់អាមេរិក ឈ្មោះ​​Pfizer ដើម្បីផលិត​វ៉ាក់សាំងប្រឆាំងកូវីដ​១៩ ដោយប្រើបច្ចេកទេស​ ARN​ messager។

ពីដំបូង មតិទូទៅបានសម្តែងការមិនទុកចិត្ត ចំពោះបច្ចេកទេស​ថ្មីនេះ ក៏ប៉ុន្តែឆ្លងកាត់​ការសាកល្បង និងការចាក់ទ្រង់ទ្រាយធំ ប៉ុន្មានខែមកនេះ បាន​ធ្វើឲ្យ​អ្នកជំនាញ​ទទួលស្គាល់ថា វ៉ាក់សាំងប្រភេទ ARN​ messager ពិតជាមានប្រសិទ្ធភាពខ្ពស់ ហើយជាងនេះទៀត គឺមានប្រសិទ្ធភាពល្អ ទល់នឹងកូវីដ​១៩ទំរង់បំប្លែងខ្លួនថ្មី។ យ៉ាងណាមិញ សហភាពអឺរ៉ុប ទើបតែបានប្រកាស ថាគេបាន​ចុះកិច្ចសន្យា​​ទិញ​វ៉ាក់សាំង​ប្រឆាំងកូវីដ​១៩ របស់ Pfizer/BioNTech ចំនួន​១៨០០លានដូសទៀត​។

គួរកត់សំគាល់ថា គុណវិបត្តិនៃវ៉ាក់សាំង​ ប្រភេទ ARN​ messager គឺទាក់ទិននឹងការស្តុកទុក ដែលតម្រូវឲ្យ​ទុកក្នុងទូបង្កកធំៗ ក្នុងសីតុណ្ហភាព​ប្រមាណ​-​៧០°c។ ល្បាយសេរ៉ូម ARN​ messager គឺត្រូវបានផលិត​ដោយ​ម៉ាស៊ីនបច្ចេកទេសដ៏ស្មុគស្មាញ និងដោយ​ប្រុងប្រយ័ត្នបំផុត។ បច្ចុប្បន្ននេះ BioNTech មានរោងចក្រផលិត តែ១ទីតាំងទេ គឺនៅក្រុង​​​ Marbourg ប្រទេសអាល្លឺម៉ង់។ ចំណែកមន្ទីរពិសោធន៍ ​​Pfizer មានទីតាំងផលិត​នៅអាមេរិកមួយកន្លែង និងនៅ​​ក្រុង​Puurs ប្រទេសប៊ែលហ្ស៊ិក មួយកន្លែងទៀត។ កាលពីសប្តាហ៍មុន ​BioNTech បានអះអាងថា គេនឹងផលិត​វ៉ាក់សាំងឲ្យ​បាន ៣ពាន់លានដូស​ នៅក្នុងឆ្នាំ២០២១ និង​ ៣ពាន់លានដូសទៀត នៅឆ្នាំ២០២២៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ