អានតួអត្ថបទ
អាហ្វហ្កានីស្ថាន-ភេរវកម្ម

អាហ្វហ្កានីស្ថាន៖ភេរវកម្មបំផ្ទុះគ្រាប់បែកបានសម្លាប់មនុស្សយ៉ាងតិច ១៦នាក់ក្នុងថ្ងៃទី២នៃ​បទឈប់បាញ់

នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន អំពើ​ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​នៅ​ក្នុង​វិហារ​អ៊ីស្លាម​ជាយ​ក្រុង​កាប៊ូល​នា​ថ្ងៃ​សុក្រ ទី១៤ ឧសភា​បាន​បណ្តាល​ឲ្យ​សម្លាប់​មនុស្ស​យ៉ាង​តិច ១៦នាក់។ ព្រឹត្តិការណ៍​មួយ​នេះ​បាន​កើត​មាន​ឡើង​ចំ​ថ្ងៃទី២ នៃ​បទឈប់បាញ់​រវាង​រដ្ឋាភិបាល និង​ចលនា​ឧទ្ទាម​តាលីបង់​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ ឧសភា និង​ក្រោយ​ពី​អាមេរិក​ទើប​បាន​ដកទ័ព​ទាំង​អស់​ចេញ​ពី​មូលដ្ឋាន​យោធា​ក្នុង​ខេត្ត​កង់ដាហារ​ដែល​ជា​មូលដ្ឋាន​យោធា​មួយ​ដ៏​សំខាន់​ជាង​គេ​របស់​អាមេរិក​ក្នុង​ទឹកដី​អាហ្វហ្កានីស្ថាន។

អំពើភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​ក្នុង​វិហារ​អ៊ីស្លាម​នៅ​ជាយ​ក្រុង​កាប៊ូល​បានសម្លាប់​មនុស្ស​យ៉ាង​តិច ១៦នាក់​ក្នុង​ថ្ងៃសុក្រ ទី១៤ ឧសភា។
អំពើភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​ក្នុង​វិហារ​អ៊ីស្លាម​នៅ​ជាយ​ក្រុង​កាប៊ូល​បានសម្លាប់​មនុស្ស​យ៉ាង​តិច ១៦នាក់​ក្នុង​ថ្ងៃសុក្រ ទី១៤ ឧសភា។ © AP - Rahmat Gul
ផ្សាយពាណិជ្ជកម្ម

អំពើភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​ក្នុង​វិហារ​អ៊ីស្លាម​នៅ​ជាយ​ក្រុង​កាប៊ូល​បាន​កើត​ឡើង ខណៈ​ដែល​អ្នក​កាន់​សាសនា​អ៊ីស្លាម​កំពុង​សូត្រធម៌​នា​រសៀល​ថ្ងៃ​សុក្រ ទី១៤ ឧសភា និង​ត្រៀម​បិទបញ្ចប់​ពិធី​តម​អាហារ​នៅ​ថ្ងៃ​សៅរ៍ ទី១៥ ឧសភា។ នេះ​ជា​ការ​កត់សម្គាល់​ទី១។ ចំណែក​ការ​កត់សម្គាល់​ទី២ មាន​ពីរ​ចំណុច ទី១ អំពើ​ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​ពេល​នេះ​បាន​កើត​មាន​ឡើង ចំ​ពេល​ដែល​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន និង​ចលនា​ឧទ្ទាម​តាលីបង់​ទើប​បាន​ចុះ​កិច្ចព្រមព្រៀង​ឈប់​បាញ់​រយៈពេល ៣ថ្ងៃ​ដោយ​រាប់​ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ ឧសភា និង​ចំណុច​ទី២ អំពើ​ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​ពេល​នេះ​បាន​កើត​មាន​ឡើង ខណៈ​ដែល​អាមេរិក​ទើប​បាន​ដក​ទ័ព​របស់​ខ្លួន​ទាំង​អស់​ចេញ​ពី​មូលដ្ឋាន​យោធា​ក្នុង​ខេត្ត​កង់ដាហារ​កាល​ពី​ថ្ងៃ​ពុធ ទី១២ ឧសភា។

ព័ត៌មាន​នេះ​ត្រូវ​បាន​បញ្ជាក់​ដោយ​លោក​ខូយ៉ា យ៉ាយ៉ា អាឡាវី អ្នក​នាំ​ពាក្យ​កងទ័ព​អាហ្វហ្កានីស្ថាន​ក្នុង​ខេត្ត​កង់ដាហារ។ តាម​លោក​អាឡាវី ពិធី​ប្រគល់​មូលដ្ឋាន​យោធា​រវាង​ទ័ពអាមេរិក និង​ទ័ព​អាហ្វហ្កានីស្ថាន​ត្រូវ​ធ្វើ​នៅ​ក្រោយ​ការ​បិទបញ្ចប់​ពិធី​តម​អាហារ​របស់​អ្នក​កាន់​សាសនាអ៊ីស្លាម។ គួរ​រម្លឹក​ថា មូលដ្ឋាន​យោធា​ក្នុង​ខេត្ត​កង់ដាហារ​ជា​មូលដ្ឋាន​យោធា​ដ៏​សំខាន់​ទី២ ដែល​បម្រើ​ឲ្យ​កម្លាំងទ័ព​អាមេរិក និង​កម្លាំងទ័ព​អន្តរជាតិ​ក្នុង​ទឹកដី​អាហ្វហ្កានីស្ថាន។ មួយ​វិញ​ទៀត ខេត្ត​កងដាហារ​ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​ធ្លាប់​ជា​អតីត​ទីតាំង​របស់​ចលនា​ឧទ្ទាម​តាលីបង់។ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ខេត្ត​កង់ដាហារ​បាន​ក្លាយ​ជា​ឆាក​នៃ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​កម្លាំង​រដ្ឋាភិបាល និង​ពួក​ឧទ្ទាម​តាលីបង់។

គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​អំពើភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​ក្នុង​វិហារ​អ៊ីស្លាម​ដែល​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច ១៦នាក់ និង​របួស​ប្រមាណ ១៥នាក់​ក្នុង​ថ្ងៃ​សុក្រ ទី១៤ ឧសភា​ជា​ទង្វើ​របស់​អ្នក​ណា​ទេ ហើយ​ក៏​នៅ​មិន​ទាន់​មាន​ក្រុម​ណា​ចេញ​មុខ​សារភាព​ជា​ស្នាដៃ​របស់​ខ្លួន​ដែរ។ អ្វី​ដែល​គេ​អាច​និយាយ​បាន បទឈប់​បាញ់​ដែល​ទើប​បាន​ចូល​ជា​ធរមាន​ក្នុង​ថ្ងៃទី២ មិន​ត្រូវ​បាន​គោរព​ត្រឹមត្រូវ​ទេ។ នៅ​ក្នុង​អំពើភេរវកម្ម​កន្លង​មក ពិសេស​កាល​ពី​ថ្ងៃទី៨ ឧសភា​ទៅ​លើ​សាលារៀន​សម្រាប់​កូនសិស្សស្រី​ដែល​បណ្តាល​ឲ្យ​ស្លាប់​ជាង ៥០នាក់ រដ្ឋាភិបាល​បាន​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​លើ​ពួក​តាលីបង់ ទោះ​បី​ជា​ពួក​នេះ​បន្ត​បដិសេធ​ក៏​ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ