អានតួអត្ថបទ
ទណ្ឌកម្មលើភូមា

អង្គការសហប្រជាជាតិ​ផ្អាកកិច្ចប្រជុំ​ដែលគ្រោងពិភាក្សាការដាក់ទណ្ឌកម្ម​សព្វាវុធ​លើភូមា

កិច្ចប្រជុំ​របស់​អង្គការ​សហប្រជាជាតិ ស្តីពី ទណ្ឌកម្មសព្វាវុធ​ទៅលើ​របបសឹកភូមា ដែលគ្រោងធ្វើ​នៅថ្ងៃអង្គារនេះ ត្រូវ​បាន​លើកពេល ទៅវិញ ដោយ​គ្មាន​ថ្ងៃ កំណត់ ដោយសារ តែ​គ្មាន​សំឡេង​គាំទ្រ​គ្រប់គ្រាន់។ នៅថ្ងៃ​អង្គារដដែល អាមេរិក និង​អង់គ្លេស​បាន​បន្ថែម​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ថ្នាក់ដឹកនាំយោធាភូមា ហើយ និង​ក្រុមហ៊ុនធ្វើ​ជំនួញត្បូង ដែលមានជាប់ពាក់ព័ន្ធ​នឹង​រដ្ឋប្រហារយោធា កាលពី​ដើមខែ កុម្ភៈ។

 លោក​ មីន អ៊ុងឡាំង កាលនៅជា​មេបញ្ជាការកងទ័ពភូមា នៅទីក្រុង​ណៃពីដោ នៅ​ឆ្នាំ ២០១២
លោក​ មីន អ៊ុងឡាំង កាលនៅជា​មេបញ្ជាការកងទ័ពភូមា នៅទីក្រុង​ណៃពីដោ នៅ​ឆ្នាំ ២០១២ AP - Aung Shine Oo
ផ្សាយពាណិជ្ជកម្ម

បន្ថែម​ពីលើ​ទណ្ឌកម្ម​សេដ្ឋកិច្ចកន្លងមក ​លើ​មេដឹកនាំយោធា​ភូមា ក្រសួងហិរញ្ញវត្ថុ​អាមេរិក កាលពី​ថ្ងៃ​ចន្ទ បាន​ដាក់បញ្ចូល​ឈ្មោះ មន្រ្តីជាន់ខ្ពស់ភូមា និងសមាជិកគ្រួសារ​របស់​ពួកគេ សរុប ចំនួន ១៦នាក់ ទៅក្នុង​បញ្ជីខ្មៅ​របស់អាមេរិក។ នៅក្នុងចំណោម​មនុស្ស​ទាំង១៦នាក់ មាន ៤នាក់ ជា​សមាជិក​របស់ក្រុមប្រឹក្សារដ្ឋបាល​របបសឹក រដ្ឋមន្រ្តីយោធា ៦នាក់ និង​ទេសាភិបាលធនាគារកណ្តាល​ភូមា។

ដូចអាមេរិក រដ្ឋាភិបាល​អង់គ្លេស​បាន​ប្រកាស​ទណ្ឌកម្ម​សេដ្ឋកិច្ចថ្មី សំដៅ បិទខ្ទប់​ ​​ផលប្រយោជន៍ ហិរញ្ញវត្ថុ​របស់​មេដឹកនាំ​យោធា​ភូមា ដែល​បាន​ធ្វើ​រដ្ឋប្រហារ​យោធា​ទម្លាក់រដ្ឋាភិបាល​ស៊ីវិល កាលពី​ខែ កុម្ភៈ។ ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់អង់គ្លេស សំដៅ ជាពិសេស ក្រុមហ៊ុនធ្វើជំនួញត្បូងថ្ម​របស់ភូមា Myanmar Gems Entreprise ដែល​ប្រទេស​លោកខាងលិច​ចាត់ទុក ជា​ប្រភពផ្តល់ប្រាក់ចំណូល រាប់ពាន់​លាន​ដុល្លារ​ដល់​មេដឹកនាំ​យោធា​ភូមា។

ក្នុងពេល​ដែល​ប្រទេស​លោកខាងលិច បង្កើនទណ្ឌកម្ម​សេដ្ឋកិច្ច ដើម្បី ដាក់សម្ពាធ ឲ្យមេដឹកនាំយោធា​លះបង់ចោល​អំណាច អង្គការសហប្រជាជាតិ​ឯណោះវិញ ក៏​ត្រូវ​បើកកិច្ចប្រជុំ នៅថ្ងៃ​អង្គារនេះ ដើម្បី​ពិភាក្សា​លើ​សេចក្តីព្រាង ស្តីពី ការហាមលក់ និង​បញ្ជូន​អាវុធ ទៅឲ្យ​ប្រទេស​ភូមា។ ប៉ុន្តែ ដោយសារ​តែគេ​នៅមិនទាន់ រកបាន​សំឡេង​គាំទ្រ​គ្រប់គ្រាន់កិច្ចប្រជុំ​ត្រូវផ្អាក លើកពេល​ទៅវិញ ដោយ​គ្មានកាលកំណត់។

ស្នើឡើង​ដោយ ប្រទេស​អឺរ៉ុប ដ៏តូចមួយ គឺLiechtenstein សេចក្តីសម្រេច​ព្រាង​បាន​ទទួលការគាំទ្រ​ពី​ប្រទេស​ចំនួន ៤៨ ក្នុងនោះ មាន​សហភាពអឺរ៉ុប អង់គ្លេស អាមេរិក និង​កូរ៉េខាងត្បូងជាដើម ប៉ុន្តែ នៅ​មិនគ្រប់គ្រាន់ ភាគច្រើន ដើម្បី អាច​ចេញ​ជា​សេចក្តីសម្រេច នៅ អង្គការ​សហប្រជាជាតិ ដែលមាន​សមាជិក ១៩៣ នោះទេ។

តាមប្រភពមន្រ្តីទូត នៅអង្គការ​សហប្រជាជាតិ អ្នកចងក្រង​សេចក្តីព្រាង ចង់​បានពេលវេលា​បន្ថែមទៀតសម្រាប់ ពិភាក្សា បញ្ចុះបញ្ចូល ក្រុមប្រទេស​ដទៃទៀត ជាពិសេស​ប្រទេស​សមាជិក​អាស៊ាន ដើម្បី ឲ្យ​គាំទ្រ ការដាក់ទណ្ឌកម្ម​សព្វាវុធ​លើ​របបសឹកភូមា។

ត្បិតតែ គ្មាន​លក្ខណៈ ចាប់បង្ខំ ដូចជា​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ ប៉ុន្តែ សេចក្តីសម្រេច​ដែលគេ​បាន​ព្រាង ស្នើ​ឡើង​ទៅ​អង្គការ​សហប្រជាជាតិ មាន​ទម្ងន់នយោបាយ។ តាមសេចក្តីព្រាង ខាងលើ គេ​បាន​ទាមទារ​ផ្អាក ឈប់ ជាបន្ទាន់ ការផ្គត់ផ្គង់ ផ្ទេរ លក់សព្វាវុធ ទៅ​ភូមា។ សេចក្តីសម្រេចព្រាង បាន​ទាមទារ​ឲ្យ​យោធា​ភូមា ដោះលែង​មេដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល ដូចជា​លោកស្រី អ៊ុងសាន ស៊ូជី បិទបញ្ចប់​ច្បាប់​ប្រកាសអាសន្ន និង បញ្ឈប់​ការបង្រ្កាប​ហិង្សា​ទៅលើ​បាតុករ​ប្រជាធិបតេយ្យ។

តើ​សេចក្តីព្រាង សំដៅ ដាក់ទណ្ឌកម្ម​សព្វាវុធ លើ​ប្រទេស​ភូមា បានទទួល​ការគាំទ្រ​តិចតួច នៅ​អង្គការ​សហប្រជាជាតិ ដោយសារ​តែ​វាមាន មហិច្ឆតា ទាមទារ​ច្រើនជ្រុលពេក? គេ​ជឿថា ប្រទេស​ចិន និង​រុស្ស៊ី សមាជិកពីរ ​របស់​ក្រុមប្រឹក្សា សន្តិសុខ ដែល​ជាដៃគូ លក់អាវុធ ឲ្យ​យោធា​ភូមា ច្បាស់ជា​ដើរតួសំខាន់ ដើម្បីបញ្ចុះបញ្ចូល​ប្រទេស​សមាជិកដទៃទៀត កុំ​ឲ្យគាំទ្រ បោះឆ្នោត អនុម័ត សេចក្តីសម្រេច ដាក់​ទណ្ឌកម្ម​សព្វាវុធលើ​របបសឹកភូមា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ