អានតួអត្ថបទ
ស្រីលង្កា-បរិស្ថាន

ស្រីលង្កា ​កំពុង​ប្រឈម​នឹង​មហន្តរាយ​​សមុទ្រ​ធ្ងន់ធ្ងរ ដោយសារ​នាវា​ដឹក​កុងទឺនឺ​ឆេះ​ក្នុង​ឆកសមុទ្រ

នាវាដឹកកុងទឺនឺរាប់រាប់រយតោនមួយគ្រឿង កំពុងត្រូវបាន​ឆាបឆេះដោយអគ្គីភ័យ ប្រមាណ​១០ថ្ងៃមកហើយ នៅក្នុងឆកសមុទ្រប្រទេសស្រីលង្កា ចំងាយប្រមាណ​១៤គីឡូម៉ែត្រ ពីឆ្នេរ។ មានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីមហន្តរាយ​ធម្មជាតិ នៅក្នុងនិងតាមឆ្នេរសមុទ្រប្រទេសនេះ ព្រោះថាសារធាតុប្លាស្ទិករាប់រយតោន បានអណ្តែតមកតាមឆ្នេរ ព្រមទាំងការបារម្ភមួយទៀត គឺការធ្លាយ​ប្រេងរាប់សិនតោន ចេញពីនាវានេះ ចូលសមុទ្រ។

ក្រុមអ្នកស្ម័គ្រចិត្ត កំពុងព្យាយាមកើប​ប្រមូលកំទេចស្នោប្លាស្ទិក នៅតាម​បណ្តោយឆ្នេរ ដែលបែកធ្លាយចេញពីកុងទឺនឺ របស់នាវា MV X-Press Pearl។ ថ្ងៃទី ២៦ ឧសភា ២០២១
ក្រុមអ្នកស្ម័គ្រចិត្ត កំពុងព្យាយាមកើប​ប្រមូលកំទេចស្នោប្លាស្ទិក នៅតាម​បណ្តោយឆ្នេរ ដែលបែកធ្លាយចេញពីកុងទឺនឺ របស់នាវា MV X-Press Pearl។ ថ្ងៃទី ២៦ ឧសភា ២០២១ AP - Eranga Jayawardena
ផ្សាយពាណិជ្ជកម្ម

នាវា MV X-Press Pearl ចុះបញ្ជីនៅប្រទេសសឹង្ហបុរី ត្រូវអគ្គីភ័យឆាបឆេះ ដោយ​ក្រុមសង្គ្រោះមិនអាចទប់បាន នៅមិន​ឆ្ងាយប៉ុន្មាន ពីក្រុង Negombo ចំងាយប្រមាណ​៤០គីឡូម៉ែត្រ ខាងជើងរដ្ឋធានីកូឡុំបូ​។ នាវាដែលមានប្រវែង ១៨៦ម៉ែត្រនេះ ដឹកកុងទឺនឺជាច្រើនតោន ដែលក្នុងនោះមាន​កុងទឺនឺ២៨ មានផ្ទុកកំទេចស្នោប្លាស្ទិក សម្រាប់ប្រើប្រាស់ក្នុងឧស្សាហកម្មផលិតសម្ភារៈ​​វេចខ្ចប់ ធ្វើពីប្លាស្ទិក។ ដោយសារតែអគ្គីភ័យ មានកុងទឺណឺចំនួនយ៉ាងហោច៨ បានធ្លាក់ចូលទៅក្នុងសមុទ្រ ធ្វើ​ឲ្យ​បែកធ្លាយ​​ កំទេចស្នោប្លាស្ទិក​រាប់រយតោន។

រលកសមុទ្របានបោកនាំយកកំទេចប្លាស្ទិកទាំងនេោះ ទៅតាមបណ្តោយឆ្នេរសមុទ្រប្រទេសស្រីលង្ការ ដែលនៅទីកន្លែងខ្លះ មានកម្រាស់ដល់ទៅ៦០សង់ទីម៉ែត្រ។ អាជ្ញាធរបរិស្ថានស្រីលង្ការ កំពុងព្យាយាម កើបកំទេចប្លាស្ទិកទាំងនេះ​យ៉ាងសស្រាក់សស្រាំ តែ​ចំនួន​ប្លាស្ទិក ចេះតែអណ្តែតមក​បន្ថែម​ពីមួយថ្ងៃ​ទៅមួយថ្ងៃ។ អាជ្ញាធរ​ស្រីលង្ការ បានហាមឃាត់​​ការ​នេសាទ ក្នុងទំហំ​៨០​គីឡូម៉ែត្រ​ ជុំវិញ​​នាវា​​ដែល​​ជួប​គ្រោះអគ្គីភ័យនេះ។

លោកស្រី​ Dharshani Lahandapura នាយកអាជ្ញាធរការពារបរិស្ថានសមុទ្រស្រីលង្ការ បានលើកឡើងថា ស្រីលង្កាកំពុងតែប្រឈមនឹងមហន្តរាយ​ឆ្នេរសមុទ្រ ដ៏ធ្ងន់ធ្ងរបំផុត ក្នុងប្រវត្តិសាស្រ្ត​ខ្លួន។ ល្អងស្នោប្លាស្ទិកតូចល្អិត អាចនឹងទៅបំផ្លាញប្រព័ន្ធជីវចម្រុះ នៅក្នុងសមុទ្រ។

ក្រៅពីកំទេចប្លាស្ទិកតូចល្អិតរាប់រយតោន គេកំពុងបារម្ភ ពីការបែកធ្លាយ​ប្រេង។ ក្រៅពីប្រេងដែល​ផ្ទុកក្នុងចំណុះម៉ាស៊ីននាវា​ នាវានេះមានដឹកប្រេងឆៅចំនួនជាង​​៣០០​តោនទៀត។ ក្រុមអ្នកជំនាញ​សង្គ្រោះអគ្គិភ័យ​លើនាវាសមុទ្រ ទៅពី​ប្រទេសហូឡង់ កំពុងតែសហការ​ជាមួយ​អាជ្ញាធរ​ស្រីលង្ការ ដើម្បី​​ព្យាយាមពន្លត់អគ្គិភ័យនេះ។

គួររំលឹកថា កាល​ពីខែកញ្ញាឆ្នាំ២០២០ មាននាវាដឹកប្រេងឈ្មោះ New Diamond បានឆេះនៅឆកសមុទ្រ​ស្រីលង្កា ម្តងរួចទៅហើយ ដោយបានធ្វើឲ្យ​បែកធ្លាយ​ប្រេងខ្មៅរាប់រយតោន អណ្តែតគ្រប់ដណ្តប់ឆ្នេរសមុទ្រស្រីលង្ការ ប្រវែងប្រមាណ​៤០គីឡូម៉ែត្រ។ រដ្ឋាស្រីលង្ការ បាន​ទាមទារសំណងជំងឺចិត្ត ពីក្រុមហ៊ុនម្ចាស់នាវានេះ ចំនួន​១៧លានដុល្លារ ជាតម្លៃនៃការសំអាតឆ្នេរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ