អានតួអត្ថបទ
ស្រីលង្ការ-បរិស្ថាន

ស្រីលង្កា​កំពុងត្រៀម ប្រឈម​នឹង​ការ​​ធ្លាយ​​ប្រេងខ្មៅ​ពី​នាវា ដែល​កំពុង​ឆេះ​និង​លិច​ក្នុង​សមុទ្រ

នាវាដឹកទំនិញមួយគ្រឿង បានជួបគ្រោះអគ្គីភ័យតាំងតែពីថ្ងៃទី​២០ឧសភា ហើយ​កំពុងតែលិចទៅក្នុងសមុទ្រ ក្បែរប្រទេសស្រីលង្ការ។ អាជ្ញាធរប្រទេសនេះ កំពុងតែភ័យ​បារម្ភអំពីការបែកធ្លាយ​ប្រេងខ្មៅចូលទៅក្នុងសមុទ្រ ដែលអាចបង្ករជាមហន្តរាយធម្មជាតិ ដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានសម្រាប់ប្រទេសនេះ។ អាជ្ញាធរស្រីលង្ការ បានសុំជំនួយពីប្រទេសឥណ្ឌាក្បែរខាង ដើម្បីត្រៀមទប់ទល់​ជាមួយ​​គ្រោះ​មហន្តរាយនេះ។

នាវា MV X-Press Pearl ដែលកំពុងឆេះ និងលិចចូលក្នុងសមុទ្រ ស្រីលង្ការ។ ថ្ងៃទី ២ មិថុនា ២០២១
នាវា MV X-Press Pearl ដែលកំពុងឆេះ និងលិចចូលក្នុងសមុទ្រ ស្រីលង្ការ។ ថ្ងៃទី ២ មិថុនា ២០២១ AP
ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរស្រីលង្ការ បានអះអាងថា គេបាន​ស្នើ​សុំជំនួយ ពីប្រទេសឥណ្ឌា នៅក្នុងប្រតិបត្តិការត្រៀម ទប់ទល់ក្នុងករណី​ដែលមានប្រេងខ្មៅ ហូរធ្លាយចេញពីនាវា ដែលកំពុងតែលិចនៅក្នុងសមុទ្រ ចំងាយប្រមាណ​១៤គីឡូម៉ែត្រពីឆ្នេរ។ គេត្រូវការនូវសម្ភារៈចាំបាច់មួយចំនួន ដើម្បីទប់បង្ឃាំងប្រេងខ្មៅ និង​សារធាតុធ្វើឲ្យ​ប្រេងខ្មៅកកជាដើម ដើម្បីងាយស្រួលក្នុងការប្រមូល កើបចេញពីផ្ទៃសមុទ្រ។

សូមបញ្ជាក់ថា នាវា ​MV X-Press Pearl ដែលមានប្រវែង១៨៦ម៉ែត្រ បានឆេះនៅថ្ងៃទី​២០ឧសភា ដោយរហូតមកទល់ពេលនេះ ក្រុមពន្លត់អគ្គីភ័យ មិនទាន់អាចពន្លត់បានទាំងស្រុងនៅឡើយទេ។ ក្រៅពីមានផ្ទុក​សារធាតុ​កំទេច​ស្នោប្លាស្ទិក​ ចំនួន២៨កុងទឺនឺ នាវានេះមានផ្ទុកអាស៊ីតស៊ីទ្រិកចំនួន២៥តោន ព្រមទាំង​ប្រេងខ្មៅចំនួន​៣៥០តោនថែមទៀត។ ការបែកធ្លាយអាស៊ីត និងប្រេងខ្មៅ ដ៏សន្ធឹកសន្ធាប់នេះ អាចជា​គ្រោះមហន្តរាយធម្មជាតិ ដ៏ធំបំផុត សម្រាប់ប្រទេសស្រីលង្កា។

យោងតាម​លិខិតប្រកាស របស់​ក្រុមហ៊ុន​ X-Press Feeders ដែលជាម្ចាស់នាវា នៅព្រឹកថ្ងៃព្រហស្បតិ៍​ទី៣​មិថុនា​ គឺផ្នែកខាងក្រោយ​នៃនាវា បានលិចចូលទៅដល់បាត​សមុទ្រហើយ ជម្រៅប្រមាណ​២១ម៉ែត្រ ខណៈដែលផ្នែកខាងមុខកំពុងលិចសន្សឹមៗដែរ។ តែយ៉ាងណា ក្រុមឆ្មាំសមុទ្រស្រីលង្ការ អះអាងថា រហូតមកទល់ពេលនេះ គឺនៅពុំទាន់ឃើញមានប្រេងខ្មៅ ហូរធ្លាយចេញពីនាវា​ចូលក្នុង​ទឹក​សមុទ្រទេ។

គួរបញ្ជាក់ថា ទោះមិនទាន់មានប្រេងហូរធ្លាយទៅក្នុងសមុទ្រ តែឆ្នេរសមុទ្រស្រីលង្ការ ប្រវែង​ប្រមាណ​៨០គីឡូម៉ែត្រ កំពុងតែរងនូវ​មហន្តរាយ​រួចទៅហើយ ដោយសារតែ​បំណែកកំទេចស្នោប្លាស្ទិក ធ្លាយចេញពី​កុងទឺនឺ ដែលធ្លាក់ចូលទៅក្នុងសមុទ្រ។ ប្រជានេសាទ ត្រូវបានអាជ្ញាធរហាមឃាត់ មិនឲ្យ​ធ្វើការនេសាទ ក្នុងតំបន់ទាំងនេះ ដោយប្រការនេះ បានធ្វើឲ្យ​ប៉ះពាល់ដល់ជីវភាព​របស់ពួកគេ។ កាលពីថ្ងៃចន្ទទី ៣១ឧសភា លោក ​Gotabaya Rajapaksa ប្រធានាធិបតីស្រីលង្ការ បានសុំជំនួយពីអាជ្ញាធរអូស្ត្រាលី ដើម្បី​វាយតម្លៃការខូចខាត លើប្រព័ន្ធជីវចម្រុះ។

អាជ្ញាធរស្រីលង្ការ បានបើក​ការស៊ើបអង្កេតព្រហ្មទណ្ឌផងដែរ ទាក់ទិននឹងករណីអគ្គីភ័យនេះ។យោងតាមការអះអាង អគ្គីភ័យលើនាវា គឺបណ្តាលមកពី​ការបែកធ្លាយអាស៊ីតនីទ្រិក ដែលផ្ទុកនៅលើនាវានេះ។ ក្រុមនាវិកបានសង្កេតឃើញអាស៊ីតហូរ​ធ្លាយ​លើ​នាវា តាំងតែពីថ្ងៃ​ទី១១​ឧសភា ពោល​គឺមុន​ពេល​នាវា បើក​ចូល​មកដល់​ដែនទឹកស្រីលង្កា។ សមាជិកក្រុមនាវិក​​ចំនួន​៣នាក់​ ដែលក្នុងនោះ២នាក់ជាជនជាតិរុស្ស៊ី កំពុងស្ថិតក្នុង​ការ​ឃុំឃាំង​សួរចម្លើយ​ ហើយ​​មិនអាច​ចាកចេញពីស្រីលង្កា​បានទេ ដរាបណា​ការ​ស្រាវជ្រាវ​មិន​ទាន់ចប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ