អានតួអត្ថបទ
ថៃ-កូវីដ-ទេសចរណ៍

អាជ្ញាធរ​ថៃ​បើក​កោះភូកេត ទទួល​ទេសចរណ៍​បរទេស ដែល​បាន​​ចាក់​វ៉ាក់សាំង​រួចទាំង​២ដូស

ដើម្បីស្រោចស្រង់វិស័យទេសចរណ៍ ដែលជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់របស់ថៃ ចាប់ពីថ្ងៃទី​១កក្កដានេះទៅ​ អាជ្ញាធរថៃ បានបើកកោះភូកេត ដែលជាកោះទេសចរណ៍ដ៏ល្បីមួយរបស់ខ្លួន ដើម្បី​​ទទួលភ្ញៀវទេសចរណ៍បរទេស។ ភ្ញៀវទេសចរណ៍ដែលមកដល់កោះភូកេត នឹងមិនមានកាតព្វកិច្ចត្រូវធ្វើចត្តាឡីស័កទេ ក៏ប៉ុន្តែ ត្រូវ​តែ​បាន​ទទួលការចាក់វ៉ាក់សាំង រួចរាល់ទាំង​២ដូស។

ឆ្នេរប៉ាតង ជាឆ្នេរ ដែលមានឈ្មោះល្បីល្បាញជាងគេ នៅលើ​កោះភូកេត ត្រៀមទទួលភ្ញៀវទេសចរណ៍បរទេសឡើងវិញ។ ខេត្តភូកេត​ ថ្ងៃទី ២៩ មិថុនា ២០២១
ឆ្នេរប៉ាតង ជាឆ្នេរ ដែលមានឈ្មោះល្បីល្បាញជាងគេ នៅលើ​កោះភូកេត ត្រៀមទទួលភ្ញៀវទេសចរណ៍បរទេសឡើងវិញ។ ខេត្តភូកេត​ ថ្ងៃទី ២៩ មិថុនា ២០២១ AP - Sakchai Lalit
ផ្សាយពាណិជ្ជកម្ម

យន្តហោះដឹកអ្នកដំណើរ​ បានចាប់ផ្តើមចុះចត នៅព្រលានយន្តហោះ​កោះភូកេត នៅវេលាម៉ោងប្រមាណជា​១១ព្រឹក បន្ទាប់ពីរដ្ឋាភិបាលថៃ បាន​សម្រេចបើក​ខេត្តនេះ ដើម្បីទទួលភ្ញៀវទេសចរណ៍បរទេសឡើងវិញ។ នៅក្នុងថ្ងៃ១កក្កដា ដែលជាថ្ងៃទីមួយ នៃការអនុវត្តវិធានការ​ថ្មីនេះ មាន​ភ្ញៀវទេសចរណ៍បរទេស យ៉ាងហោច ២៥០នាក់ បានធ្វើដំណើរមកដល់កោះភូកេត ដែលស្ងាត់ជ្រងំខុសពីសព្វមួយដង។

ដើម្បីស្រោចស្រង់វិស័យទេសចរណ៍ រដ្ឋាភិបាលថៃ បានសម្រេច​បើកកោះទេសចរណ៍ដ៏ល្បីល្បាញរបស់ខ្លួននេះ បើទោះបី​ជា​ស្ថានភាពឆ្លងរាលដាលកូវីដ​១៩ នៅក្នុង​ប្រទេសថៃ មានលក្ខណៈកាន់តែធ្ងន់ធ្ងរយ៉ាងណាក្តី ក្នុងអំឡុងពេលនេះ។ តែយ៉ាងណា អាជ្ញាធរថៃ អះអាងថា ខេត្តភូកេត​ មិនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដូចតំបន់ផ្សេងទៀតទេ។ ប្រជាជននៅលើកោះនេះ ប្រមាណ​ជា​៧០% បានទទួលការចាក់វ៉ាក់សាំង យ៉ាងហោចចំនួន​១ដូសហើយ។

យ៉ាងណាក៏ដោយ អាជ្ញាធរថៃ បានដាក់លក្ខខណ្ឌមួយចំនួន ទាក់ទិននឹងការ​បើកកោះភូកេតនេះ។ ភ្ញៀវទេសចរណ៍ ដែលអាចចូលមកកោះភូកេត គឺត្រូវតែ បានទទួលការចាក់វ៉ាក់សាំងរួចរាល់ទាំង​២ដូស។ ពេលមកដល់ ពួកគេពុំមានកាតព្វកិច្ចធ្វើចត្តាឡីស័កទេ ក៏ប៉ុន្តែ គឺត្រូវនៅលើកោះភូកេតនេះ រយៈពេល​យ៉ាងហោច១៤ថ្ងៃសិន មុននឹងអាច​ធ្វើដំណើរ ទៅទីកន្លែងផ្សេងទៀត នៅក្នុងប្រទេសថៃ។ ក្នុងអំឡុងពេលស្នាក់នៅលើ​កោះភូកេត ភ្ញៀវ​ទេសចរណ៍​ត្រូវធ្វើ​តេស្ត (PCR) រកកូវីដ​ ចំនួន​​៣ដង។ មួយវិញទៀត មិនមែនគ្រប់ភ្ញៀវទេសចរណ៍បរទេស សុទ្ធតែអាចមក​​បានទេ គឺបានតែ​ជនបរទេស ដែលមកពី​ប្រទេស​ចំនួន​៦៦ប្រទេសតែប៉ុណ្ណោះ ដែល​រដ្ឋាភិបាលថៃ ចាត់ទុកថា គ្មាន​​ស្ថានភាពធ្ងន់ធ្ងរ ទាក់ទិននឹង​បញ្ហាកូវីដ។

គួរបញ្ជាក់ថា វិស័យទេសចរណ៍ មានចំណែក១ភាគ៥នៃទំហំសេដ្ឋកិច្ចថៃ។ មុនមានវិបត្តិកូវីដ​១៩ មាន​ទេសចរណ៍បរទេសចំនួន​ប្រមាណ​៤០លាននាក់ មកលេងនៅថៃ ​ជារៀងរាល់ឆ្នាំ។ នៅភូកេត ក៏ដូចជា​នៅតំបន់ទេសចរណ៍ល្បីៗផ្សេងទៀត ៩០%នៃសណ្ឋាគារ ហាងទំនិញត្រូវបិទទ្វារ ហើយជាពិសេសនោះ អ្នកលក់ដូរតូចតាច បាន​បាត់បង់ចំណូលទាំងស្រុង។ តាមការគ្រោងទុក រដ្ឋាភិបាលថៃ នឹងអនុវត្តវិធានការបើកទទួកភ្ញៀវទេសចរណ៍បរទេស នៅកោះសាមុយ ក្នុងរវាង​ខែកក្កដានេះដែរ ដោយអនុវត្តលក្ខខណ្ឌប្រហាក់ប្រហែលគ្នា ទៅនឹងកោះភូកេត។

តែយ៉ាងណាក៏ដោយ លោក កុងសាក់ ឃូភុងសាកន ប្រធានសមាគមក្រុម​សណ្ឋាគារ​ភាគខាងត្បូងប្រទេស​ថៃ បាន​លើកឡើងថា លក្ខខណ្ឌទាំងអស់នេះ តឹងតែងពេកណាស់ ដែលធ្វើឲ្យ​គ្មានទេសចរណ៍ណាហ៊ានមកទេ។ ប្រសិនបើនៅខែតុលា រដ្ឋាភិបាល​មិនដកចេញ នូវការលក្ខខណ្ឌទាំងនេះទេ រដូវកាល​ទេសចរណ៍ថ្មីនេះ នឹងត្រូវឆាចោលទៀតហើយ ហើយសណ្ឋាគារភាគច្រើន ប្រាកដជាត្រូវរលំ បិទទ្វារជារៀងរហូត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ