អានតួអត្ថបទ
ថៃ

ថៃ មាន​ផ្ទុះ​រោងចក្រ​ប្លាស្ទិក ស្លាប់​យ៉ាង​ហោច​ណាស់​ម្នាក់

នៅវេលា​ម៉ោង​បី ទៀប​ភ្លឺ ព្រហាម​ថ្ងៃ​ចន្ទ​ទី ៥​កក្កដា ២០២១​នេះ មាន​ហេតុការណ៍​ផ្ទុះ​រោងចក្រ​ប្លាស្ទិក​ ក្បែរ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​បាងកក។ មាន​ស្លាប់​យ៉ាង​ហោច​ណាស់​ម្នាក់ និង​របួស ២៧​នាក់​។ នេះ​បើ​តាម​តួលេខ​ផ្តល់​ដោយ​អាជ្ញាធរ​ថៃ ដែល​បាន​គូស​បញ្ជាក់​ថា​ប្រតិបត្តិការ​ជម្លៀស​ប្រជាជន​ពលរដ្ឋ​មិនទាន់​បញ្ចប់​ទេ​ គិត​មក​ទល់​នឹង​ពេល​រសៀល។

ផ្សែង​ផ្ទុះ​រោងចក្រប្លាស្ទិក មើលពី​ក្រុង​បាងកក
ផ្សែង​ផ្ទុះ​រោងចក្រប្លាស្ទិក មើលពី​ក្រុង​បាងកក Lillian SUWANRUMPHA AFP
ផ្សាយពាណិជ្ជកម្ម

ហេតុការណ៍​ផ្ទុះឆេះ​​ បានកើត​ឡើង​នៅក្នុង​រោងចក្រ​ផលិតប្លាស្ទិក របស់​ក្រុមហ៊ុន​តៃវ៉ាន់​ Ming Dih Chemical Co ដែល​ស្ថិត​នៅ​ជិតបង្កើយ​នឹង​អាកាសយានដ្ឋាន​អន្តរជាតិ​ថៃ។ ស្នូរ​ផ្ទុះ​បាន​លាន់​ឮខ្លាំង អម​ដោយ​អគ្គីភ័យ​យ៉ាង​សន្ធោសន្ធៅ ឆាប​ឆេះ​រោងចក្រ និង​អគារ ព្រមទាំង​ផ្ទះ​សម្បែង​ជា​ច្រើន​ខ្នង​ទៅ​ជុំ​វិញ​នោះ ក្នុង​រង្វង់​អង្កត់​ផ្ចិត​ប្រមាណ​១​គីឡូម៉ែត្រ។ ​រហូត​ដល់​ថ្ងៃ​ត្រង់​ហើយ ផ្សែង​​ខ្មៅឆេះ​ហុយ​ទ្រលោម ​នៅអណ្តែត​ពេញ​ផ្ទៃមេឃ អាច​មើល​ឃើញ​ ពី​កណ្តាល​ទីក្រុង​បាងកក​ដែល​ស្ថិត​នៅ​ចម្ងាយ​៣៥​គីឡូម៉ែត្រ​ពី​រោងចក្រ​​ទៀត។

បើតាមសេចក្តី​ប្រកាសរបស់​ចៅ​សង្កាត់​ បង់ភ្លី នៅ​ក្នុង​ចំណោម​អ្នក​ស្លាប់​មាន​ម្នាក់​ជា​ក្រុមពន្លត់​អគ្គីភ័យ​។ ចំណែក​ជន​រង​របួស ច្រើន​ជា​គ្រោះថ្នាក់មុត​​ដាច់​រលាត់​សាច់។

​ដោយ​ខ្លាច​ក្រែងថានឹង​អាច​មានករណី​ផ្ទុះ​បន្ត​ទៀត អាជ្ញាធរ​​បានណែនាំ​ពលរដ្ឋ​មិន​ឱ្យ​គេច​ខ្លួន​យ៉ាង​ហោច​ចម្ងាយ​កន្លះ​គីឡូម៉ែត្រ​ពីកន្លែងកើត​ហេតុ​ និង​បាន​សម្រេច​ជម្លៀស​ប្រជាពលរដ្ឋ​​រស់​នៅ​តំបន់​ជុំវិញ​រោងចក្រ​ ប្រមាណ​ជាង​៥០០​នាក់ ទៅ​កាន់​ទីកន្លែង​មាន​សុវត្ថិភាព ដែល​ស្ថិត​នៅ​ចម្ងាយ​៩​គីឡូម៉ែត្រ។ នេះ​បើ​តាម​ការ​លម្អិត​របស់​នគរបាល​ថៃ ដោយ​គូសបញ្ជាក់​ទៀត​ថា ដរាប​ណា​អគ្គីភ័យ​នៅ​ ​មិន​ទាន់​ពន្លត់​បាន គេមិន​ទាន់​អាច​កំណត់​បាន​អំពី​មូលហេតុ​នៃ​ការ​ផ្ទុះឆេះ​​នៅ​រោង​ចក្រ​ប្លាស្ទិក​នេះ​ទេ។

ប្រតិបត្តិការ​សង្គ្រោះ បន្ត​ធ្វើ​រហូត​ដល់​រសៀល​ថ្ងៃ​ចន្ទទី ៥​កក្កដា ពេញ​មួយ​សង្កាត់​តែម្តង ដើម្បី​ជម្លៀស​ប្រជាពលរដ្ឋ​រាប់​ពាន់ផ្សេង​ទៀត​ឱ្យ​ចាកចេញ​ពី​លំនៅ​ឋាន​សិន។

សូម​បញ្ជាក់​ថា រោង​ចក្រផលិត​ស្នោ​ប្លាស្ទិក​របស់​ក្រុមហ៊ុន​តៃ​វ៉ាន់ មាន​ឃ្លាំង​ស្តុក​សារធាតុ​គីមី​ ប្រមាណ ៥០​តោន ក្នុង​ឃ្លាំង​ចំនួន​៥ទៅ​៦​ដាច់​ដោយ​ឡែកពី​គ្នា ក្នុង​បរិវេណ​របស់​រោង​ចក្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ