អានតួអត្ថបទ
អាហ្វហ្កានីស្ថាន

អាហ្វហ្កានីស្ថាន ៖ តំណាងការទូតបស្ចិមលោកអំពាវនាវ​ឱ្យ​តាលីបង់​ឈប់​វាយប្រហារ​លើ​កម្លាំង​រដ្ឋាភិបាល

ក្រុម​អ្នក​តំណាង​ការទូត​បរទេស​ប្រចាំ​ក្រុង​កាប៊ូល​បាន​អំពាវនាវ នៅ​​ថ្ងៃ​ចន្ទទី ១៩ កក្កដា ២០២១​នេះ​ ឲ្យ​ពួក​តាលីបង់​បញ្ឈប់​ការ​វាយប្រហារលើ​កម្លាំង​រដ្ឋាភិបាល ព្រោះ​ការ​វាយប្រហារ​ជា​សកម្មភាព​ផ្ទុយនឹង​សំដី ដែល​ចង់​ដោះស្រាយ​ជម្លោះ​តាមផ្លូវចរចា។ ​ការ​អំពាវនាវ​បាន​ធ្វើ​ឡើង ខណៈ​ដែល​កិច្ច​ចរចា​រវាង​ក្រុម​អ្នក​តំណាង​រដ្ឋាភិបាល និងក្រុម​​អ្នក​តំណាង​តាលីបង់​នៅ​ក្រុង​ដូហាបាន​បិទបញ្ចប់​ដោយ​គ្មាន​ការ​រីកចម្រើន និង​ចំ​ពេល​ដែល​ពួកតាលីបង់​កំពុង​បន្ត​បង្កើន​ការ​វាយប្រហារ។

កងទ័ពរដ្ឋាភិបាលអាហ្វហ្កានីស្ថាន នៅ​ Kandahar ថ្ងៃទី ១៣ កក្កដា ២០២១
កងទ័ពរដ្ឋាភិបាលអាហ្វហ្កានីស្ថាន នៅ​ Kandahar ថ្ងៃទី ១៣ កក្កដា ២០២១ REUTERS - DANISH SIDDIQUI
ផ្សាយពាណិជ្ជកម្ម

សេចក្តីអំពាវនាវ​ ឱ្យ​តាលីបង់​បញ្ឈប់​ការ​វាយប្រហារ​លើ​កង​កម្លាំង​រដ្ឋាភិបាល ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​តំណាង​ការ​ទូត​សហភាព​អឺរ៉ុប តំណាង​ជាន់​ខ្ពស់ស៊ីវិល​នៃ​អង្គការ​អូតង់នៅ​អាហ្វហ្កានីស្ថាន ព្រមទាំង​តំណាង​ការទូត​អាល្លឺម៉ង់ អូស្ត្រាលី កាណាដា កូរ៉េខាង​ត្បូង ដាណឺម៉ាក អេស្ប៉ាញ សហរដ្ឋ​អាមេរិក ហ្វាំងឡង់ បារាំង អ៊ីតាលី ជប៉ុន ហូឡង់ សាធារណរដ្ឋ​ឆែក​ អង់គ្លេស​ និង​ស៊ុយអែត។ សម្រាប់ក្រុម​​អ្នក​ការទូត ការ​វាយប្រហារ​ជា​សកម្មភាព​ផ្ទុយទាំង​ស្រុង​​ទៅ​នឹង​ពាក្យ​សំដី​របស់​ពួកតាលីបង់​ខ្លួន​ឯង​។

មេដឹកនាំ​តាលីបង់ បាន​អះអាង​ដោយ​ផ្ទាល់​ កាលពី​ថ្ងៃ​អាទិត្យ ទី ១៨​កក្កដា ថា​​ទោះ​បី​តាលីបង់​កំពុង​ឈ្នះ​លើ​សមរភូមិយោធា និង​កាន់​កាប់​ប្រទេស​កាន់​តែច្រើនមែន តែ​តាលីបង់​​ក៏មាន​ជំហរ​គាំទ្រដំណោះស្រាយ​តាម​ផ្លូវ​នយោបាយ​ដែរ។

នៅក្នុង​សេចក្តី​អំពាវនាវ​ តំណាង​ការទូតលោក​ខាង​លិច​ក៏​បាន​ឆ្លៀត​បរិហារ​ទង្វើ​ឃាតកម្ម​  ក្នុង​ផ្ទៃប្រទេស ការ​បំផ្លិច​បំផ្លាញ​ហេដ្ឋារចនា​សម្ព័ន្ធ​ចំបងៗ​ ការ​គំរាមកំហែង សេចក្តីថ្លែងការណ៍ ព្រមទាំង​វិធានការ​ផ្សេងៗ​ ដែលអាហ្វហ្កានីស្ថាន​សម្រេច​បាន​ក្នុង​រយៈ​ពេល​២០​ឆ្នាំ កន្លងមក​នេះ​។

សូម​បញ្ជាក់​ថា​សេចក្តី​អំពាវនាវ​នេះ បានធ្លាក់​មក​ ​ក្នុង​ខណៈ​ដែល​​ការ​ចរចា​​អន្តរអាហ្វហ្កានីស្ថាន ពោល​គឺ​រវាងរដ្ឋាភិបាល​អាហ្វហ្កានីស្ថាន និង​តាលីបង់​ បាន​ចាប់​ផ្តើមវគ្គ​​ថ្មី​នៅ​ទីក្រុង​ដូហា កាលពី​ចុង​សប្តាហ៍។ ជំនួប​ចរចា​បាន​បិទ​បញ្ចប់​ទៅ​ដោយ​គ្មាន​លទ្ធផល និង​គ្មាន​ការ​រីក​ចម្រើន​សោះ។ តំណាង​ភាគីចរចា​​បាន​ត្រឹម​ព្រមព្រៀង​បន្ត​ចរចា​ស្វែក​ដំណោះស្រាយ​ត្រឹមត្រូវ និង​អំពាវនាវ​ឱ្យ​បញ្ចប់​ជា​បន្ទាន់​​ការ​ប្រតិបត្តិការ​យោធា​ដែល​ពួក​តាលីបង់​កំពុង​ដឹកនាំ​ធ្វើ ព្រោះ​វា​អាច​​ជា​ការ​បង្អាក់​កិច្ចខំ​ប្រឹង​ប្រែង​​ចរចា។ ពួក​តាលីបង់​បាន​បើក​ប្រតិបត្តិការ​យោធា​​តាំង​ពី​ខែដើម​ឧសភា​មក វាយប្រហារ​លើ​កង​កម្លាំង​រដ្ឋាភិបាល និងដណ្តើម​កាន់​កាប់​ទីតាំង​យុទ្ធសាស្ត្រ​ជា​ច្រើន​ស្ទើរ​ពេញ​ផ្ទៃប្រទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ