អានតួអត្ថបទ
ចិន-នុយក្លេអ៊ែរ

មជ្ឈមណ្ឌល​នុយក្លេអ៊ែរTaishan ចិន​ផ្អាក​ដំណើរ​ការ​ ក្រោយមាន​​គ្រោះ​ថ្នាក់

មួយ​ខែ​កន្លះ​ក្រោយ​​ហេតុការណ៍​គ្រោះ​ថ្នាក់ ​នៅ​មជ្ឈមណ្ឌលនុយក្លេអ៊ែរថៃសាន​មក ភ្នាក់ងារ​ថាមពលនុយក្លេអ៊ែរ​​​ចិន CGN ​បាន​ប្រកាស​នៅ​​ថ្ងៃសុក្រ​ទី ៣០កក្កដា ២០២១​ ផ្អាក​ដំណើរ​ម៉ាស៊ីនប្រតិករ​នុយក្លេអ៊ែរ​មួយ​រយៈ​ដើម្បី​ជួសជុល។ មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ថៃសាន Taishan ជា​រោង​ចក្រ​​​​នុយក្លេអ៊ែរ​ដែល​មាន​បំពាក់​ម៉ាស៊ីនប្រតិករ​ទំនើប​ចុងក្រោយប្រើ​បច្ចេកវិទ្យា​​បារាំង​​ដំបូង​គេ​បង្អស់​នៅលើ​ពិភពលោក។

មជ្ឈមណ្ឌលនុយក្លេអ៊ែរ ថៃសាន
មជ្ឈមណ្ឌលនុយក្លេអ៊ែរ ថៃសាន PETER PARKS AFP/File
ផ្សាយពាណិជ្ជកម្ម

ដោយ​ឈរ​លើ​គោលការណ៍​រក្សា​សុវត្ថិភាព​ជា​អាទិភាព​ចំបង​ មជ្ឈមណ្ឌលនុយក្លេអ៊ែរ ថៃសាន នឹងបញ្ឈប់​​ដំណើរការ​ម៉ាស៊ីន​ប្រតិករ​ទី​១​របស់​ខ្លួន​ ដើម្បី​ជួសជុល និង​ដើម្បី​ស្វែក​រក​មូលហេតុ​ដែល​នាំ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ប៉ះពាល់​ដល់​គ្រឿង​ចំហេះ​ផង ព្រមទាំង​​ដើម្បី​ប្តូរ​ផ្លាស់​ស្នូល​នុយក្លេអ៊ែរ​ខូច​ចេញ​ផង។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ភ្នាក់ងារ​នុយក្លេអ៊ែរ​ចិន​CGN ដោយ​គូស​បញ្ជាក់​ទៀត​ថា សេចក្តី​សម្រេច​នេះ​ធ្វើ​ឡើង​ក្រោយ​មាន​កិច្ច​​ពិភាក្សា​ហ្មត់ចត់​រវាង​អ្នក​បច្ចេកទេស​ចិន​និង​បារាំង។

ការ​បញ្ឈប់​ដំណើរការ​ម៉ាស៊ីន​ប្រតិករ​នុយក្លេអ៊ែរ មិនមែន​ដោយ​ហេតុអាច​​មាន​គ្រោះថ្នាក់​កើត​ឡើង ក្នុង​ពេល​ឆាប់ៗ​ឡើយ។ គ្រោះ​ថ្នាក់​កាលពី​ថ្ងៃ​ទី ១៤​មិថុនា បង្ក​ឱ្យ​មានការ​ខូច​ខាត​ប៉ះពាល់​ដល់​បណ្តូល​ចំហេះ​មែន​ តែ​ជា​ការ​ខូចខាត​អាច​ទទួល​និង​បន្ត​ដំណើរការ​បាន​តាម​បែប​បច្ចេកទេស។ បណ្តូល​ចំហេះ ដែល​មាន​ជាតិ​អ៊ុយរ៉ានីញ៉ូម​ និង​ដែល​ជា​អ្នក​ផ្តល់​​ថាមពល​ ឬ​ជា​ស្នូល​របស់​ប្រតិករ​នុយក្លេអ៊ែរ ​ ​តែងតែ​​​​ខូច ​ជា​ញឹកញយ​ធម្មតា។ ម៉ាស៊ីន​ប្រតិករ​ នៅ​តែ​អាច​ដំណើរការ​បាន​ប្រកប​ដោយ​ស្ថិរភាព​ដដែលទេ។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​បន្ថែម​របស់​ក្រុមហ៊ុន។  

កាលពី​សប្តាហ៍​មុន ​ក្រុមហ៊ុន​អគ្គីសនី​បារាំង​EDF បាន​ប្រកាស​ជា​សាធារណៈ​ថា ប្រសិន​បើគ្រោះ​ថ្នាក់​កើត​ឡើង​ក្នុង​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​នៅ​លើ​ទឹក​ដី​បារាំង ក្រុមហ៊ុន​នឹង​សម្រេច​ផ្អាក​ម៉ាស៊ីនប្រតិករ​ភ្លាម​។ តែ​មជ្ឈមណ្ឌលនុយក្លេអ៊ែរ​ ថៃសាន ស្ថិត​នៅ​លើ​ទឹក​ដី​ចិន​។ ដូច្នេះ​សេចក្តី​សម្រេច​ត្រូវ​ស្ថិត​នៅលើ​ក្រុម​ហ៊ុន​TNP JVC ដែល​ជា​អ្នក​គ្រប់គ្រង​រោងចក្រ។ ក្រុមហ៊ុន​អគ្គីសនីបារាំង មាន​ភាគហ៊ុន​តែ​៣០% ចំណែក៧០%​ទៀត​ជា​របស់​​ក្រុមហ៊ុន​នុយក្លេអ៊ែរ​ចិន​ CGN។ ម្យ៉ាង​ទៀត​EDF គ្រាន់​តែ​ជា​អ្នកផ្តល់​​បច្ចេកវិទ្យានុយក្លេអ៊ែរ​EPRប៉ុណ្ណោះ មិនមែន​ជា​គ្រប់គ្រង​និង​ធ្វើ​ផលិតកម្ម​រោងចក្រ​នុយក្លេអ៊ែរ​នេះ​ទេ។

​សូម​បញ្ជាក់​ថា​មជ្ឈមណ្ឌលអគ្គសនី​ ថៃសាន ដែលស្ថិត​នៅខេត្ត​​ក្វាងទុង​ភាគ​ខាង​ត្បូង​ប្រទេស​ចិន ជា​រោង​ចក្រ​​​​នុយក្លេអ៊ែរ​ដែល​មាន​បំពាក់​ម៉ាស៊ីនប្រតិករ​ទំនើប​ចុងក្រោយ របស់​បារាំងហៅកាត់​ថា​ EPR ​ ​ដំបូង​គេ​បង្អស់​នៅលើ​ពិភពលោក។ ម៉ាស៊ីនប្រតិករប្រើ​បច្ចេកវិទ្យា​EPRបារាំង​នេះ ល្បី​ថា​​ផ្តល់​ថាមពល​ខ្លាំង​ ហើយ​​មាន​សុវត្ថិភាព​ខ្ពស់​ប្រសើរ​ជាង​រោងចក្រនុយក្លេអ៊ែរ​ចាស់ៗ និងជាមោទនភាព​នៃ​វិស័យ​​ថាមពល​នុយក្លេអ៊ែរបារាំងផង និង​ជា​អំនួត​របស់​ក្រុមហ៊ុន​អគ្គីសនី​បារាំង EDFផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ