អានតួអត្ថបទ
ភូមា-ជំងឺកូវីដ

អង់គ្លេសទាញសញ្ញាអាសន្នពីគ្រោះថ្នាក់នៃជំងឺកូវីដក្នុងចំណោមប្រជាជន​ភូមា

នៅ​ក្រុមប្រឹក្សា​សន្តិសុខ អង្គការ​សហប្រជាជាតិ អង់គ្លេស​បាន​ព្រមាន​ពីការធ្លាក់​លង់ខ្លួន​របស់​ប្រទេសភូមា ទៅក្នុង​ជំងឺឆ្លងរាតត្បាត​កូវីដ។ នៅក្នុង​កិច្ចប្រជុំ​ក្រៅផ្លូវការ​របស់​ក្រុមប្រឹក្សា​សន្តិសុខ ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​អង្គការ​សហប្រជាជាតិ បាន​អះអាងថា ពាក់កណ្តាល​នៃ​ប្រជាជន​ភូមា មាន​សរុប ជាង​៥៤លាននាក់ នឹង​អាច​ឆ្លង​ជំងឺកូវីដ នៅក្នុង​រយៈពេល​២សប្តាហ៍ខាងមុខ។ អ្នកតំណាងអង់គ្លេស​បាន​អំពាវនាវ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ ចេញមុខ​ធ្វើ​អន្តរាគម ដើម្បី​ធានា​ថា របបសឹក​ភូមា​អនុវត្ត​បទឈប់បាញ់ និង​បើកផ្លូវ​ឲ្យ​គេ​នាំយក​ថ្នាំបង្ការ​ជំងឺកូវីដ​ទៅចាក់ជូន​ប្រជាជន​ក្នុង​តំបន់ជម្លោះ។

សាកសពអ្នកស្លាប់ដោយសារ​ជំងឺកូវីដ​ត្រូវ​គេ​សែង​យកទៅ​ដាក់​បច្ឆា នៅទីក្រុង​Mandalay ប្រទេស​ភូមា។ រូបថតថ្ងៃទី ១៤​ខែ​កក្កដា ២០២១
សាកសពអ្នកស្លាប់ដោយសារ​ជំងឺកូវីដ​ត្រូវ​គេ​សែង​យកទៅ​ដាក់​បច្ឆា នៅទីក្រុង​Mandalay ប្រទេស​ភូមា។ រូបថតថ្ងៃទី ១៤​ខែ​កក្កដា ២០២១ REUTERS - STRINGER
ផ្សាយពាណិជ្ជកម្ម

ទុក្ខផ្ទួនលើទុក្ខ។ នៅពេល​ប្រទេស​កំពុង​ជួបវិបត្តិ​សេដ្ឋកិច្ច នយោបាយ ចាប់តាំង​ពី មានរដ្ឋប្រហារ​យោធាភូមា នៅ​ដើមឆ្នាំនេះ ប្រជាជន ភូមា​ត្រូវ​មក​ប្រឈម​នឹង​គ្រោះកំណាចមួយទៀត នោះគឺ​ជំងឺរាតត្បាតកូវីដ១៩។ នៅថ្ងៃ​ព្រហស្បតិ៍ អង់គ្លេស​បាន​ជំរុញ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​កោះប្រជុំ​បន្ទាន់ ដើម្បី​និយាយ​ពីស្ថានភាព​កូវីដ នៅភូមា ដែល​អង់គ្លេស​វាយតម្លៃ​ថា កំពុងធ្លាក់ដុនដាប អស់សង្ឃឹមខ្លាំង។

បើតាម លោកស្រី Barbara Woodward ឯកអគ្គរាជទូតអង់គ្លេស ប្រចាំ​អង្គការ​សហប្រជាជាតិ រដ្ឋប្រហារ របស់មេដឹកនាំ​យោធា កាលពី​ថ្ងៃទី​១​កុម្ភៈ ដើមឆ្នាំនេះ បាន​ធ្វើ​ឲ្យ​ប្រព័ន្ធ​សុខាភិបាល​ភូមា មួយភាគធំ ដួលរលំ។ មន្ទីពេទ្យ​រដ្ឋ​ជាច្រើន​គ្មាន​សមត្ថភាព ព្យាបាលអ្នកជំងឺកូវីដ​ដោយសារ​ខ្វះគ្រឿងបរិក្ខា និង​ការធ្វើពហិការ មិនចូលធ្វើការ​របស់​បុគ្គលិកពេទ្យ ដើម្បី​ប្រឆាំង​រដ្ឋប្រហារយោធា។

តាម​អង្គការ​សហប្រជាជាតិ មាន​មន្ទីរពេទ្យ ប្រមាណ ៤០%​ប៉ុណ្ណោះ ដែលនៅ​ដំណើរការ​នៅប្រទេស​ភូមា ដែលក្នុង​នោះ មួយចំនួនធំ ជា​មន្ទីរពេទ្យយោធា។ អង្គការសហប្រជាជាតិ​ធ្លាប់​វាយតម្លៃ​ដែរ​ថា នៅក្នុង​ប្រតិបត្តិការ​វាយបង្រ្កាប​លើ​បាតុកម្ម​ប្រឆាំង រដ្ឋប្រហារ របបសឹក​ភូមា​បាន​បើក​ការវាយប្រហារ​ជាង ២៦០លើក ទៅលើ​ទីតាំង​សុខាភិបាល និង​បុគ្គលិកពេទ្យ ចំណែក អ្នកទទួលខុសត្រូវ​សុខាភិបាល​ភូមា ជិត​៧០នាក់ ដែល​បដិសេធ​មិនធ្វើការ​ឲ្យរបបសឹក ត្រូវ​ចាប់ឃុំខ្លួន។

ដូចជា​ប្រទេស​អាស៊ាន​ដទៃទៀត ភូមា​កំពុង​ប្រឈម​នឹង​ការឆ្លងរាតត្បាត​នៃ​មេរោគបំប្លែងខ្លួន ដែលតា ដែល​ឆ្លងលឿន និង​កាចសាហាវខ្លាំង។ តាមឯកអគ្គរាជទូតអង់គ្លេស មេរោគ​កូវីដបាន​ឆ្លងរាតត្បាត​លឿនខ្លាំង​ក្នុង​ចំណោម​ប្រជាជន​ភូមា ហើយ ដែល​ធ្វើ​ឲ្យ​គេ​វាយតម្លៃ​ពាក់កណ្តាល នៃ​ប្រជាជន​ភូមា ដែលស្មើនឹង ២៧លាននាក់​អាច​ឆ្លងជំងឺកូវីដ នៅក្នុង​រយៈពេល ២សប្តាហ៍ខាងមុខ។

នៅ​ថ្ងៃ​ពុធ ក្រសួងសុខាភិបាល​របស់​របបសឹកភូមា រាយការណ៍ថា ភូមា​មាន​អ្នកឆ្លងថ្មី ជិត ៥ពាន់នាក់ និង​មាន​អ្នកស្លាប់ដោយសារ​ជំងឺកូវីដ ចំនួន ៣៦៥នាក់ ក្នុងមួយថ្ងៃ។ ប៉ុន្តែ គ្រូពេទ្យ និង​អ្នកធ្វើការ​នៅខាងដុតសាកសព​វាយតម្លៃថា ចំនួន​អ្នកស្លាប់​ដោយសារ​កូវីដ មានច្រើន​ជាងនេះ។

នៅពេល​ភូមា​មាន​ប្រជាជន​សរុប ប្រមាណ ៥៤លាននាក់ របបសឹកភូមា បានអះអាងថា គិតរហូតមកដល់ពេលនេះ មានប្រជាជន​ជាង ១លាន ៧សែននាក់ ដែលបាន​ទទួល​ថ្នាំបង្ការកូវីដ។ ប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋភូមា បាន​សរសេរ​នៅថ្ងៃ​ពុធថា របបសឹក​ភូមា បានអំពាវនាវ​រកជំនួយ​ពី​ប្រទេស​មិត្តភូមា​ដើម្បី ទប់ទល់​ជំងឺរាតត្បាតកូវីដ។ ចិនជាដើម​ធ្លាប់​បាន​សន្យា​ផ្តល់​វ៉ាក់សាំង ១លានដូស បន្ថែម ពីលើ​ចំនួន​កុម្ម៉ង់ទិញ វ៉ាក់សាំង ៤លានដូស ដែល​របបសឹកភូមា​បាន​សន្យា​ទិញ ពី​ប្រទេសចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ