អានតួអត្ថបទ

ប៉ូលិសថៃ បាញ់ឧស្ម័នបង្ហូរទឹកភ្នែក លើហ្វូងបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ

នៅក្រុង​បាំងកក ថ្ងៃសៅរ៍​​ ទី​៧សីហា​ បាតុករ​គាំទ្រលទ្ធិ​ប្រជាធិបតេយ្យ​ថៃ បានប្រមូល​ផ្តុំគ្នា​រាប់រយ​​នាក់ ធ្វើ​បាតុកម្ម​ប្រឆាំងនឹង​​រដ្ឋាភិបាល។ ពួក​គេ​ប្រឆាំង​នឹង​ចំណាត់​ការរបស់​រដ្ឋអំណាចថៃ​ ដែល​ចាត់ចែង​​ទប់​ទល់​ជំងឺ​កូវីដ​ មិនបានល្អ ហើយ​ក៏​ប្រឆាំង​នឹង​រដ្ឋអំណាច​​របស់​លោកនាយករដ្ឋមន្ត្រី​  ប្រាយុទ្ធ ចាន់ អូចា  ដែល​ប្រើ​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ ដើម្បី​បំបិទមាត់​ក្រុម​ជំទាស់។ បាតុករថៃ​ បា​នដុត​ឡាន​ប៉ូលីស ហើយ​ប៉ូលិស​បាន​ចាប់ខ្លួន​បាតុករមួយចំនួន​ដែរ។

បាតុករថៃ នៅក្នុង​បាតុកម្ម ថ្ងៃទី​៧សីហា​នេះ. REUTERS/Soe Zeya Tun
បាតុករថៃ នៅក្នុង​បាតុកម្ម ថ្ងៃទី​៧សីហា​នេះ. REUTERS/Soe Zeya Tun REUTERS - SOE ZEYA TUN
ផ្សាយពាណិជ្ជកម្ម

កម្មវត្ថុ​របស់ហ្វូង​បាតុករ​​​ថៃ គឺ ​​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កែ​ប្រែ​នយោបាយ​ ចាត់ចែង​​វិធានការ​ទប់​ស្កាត់​កូវីដ​១៩។ បាតុករថៃ ​ចង់​ឲ្យរដ្ឋអំណាច​ក្រុងបាំងកក ទិញ​ថ្នាំបង្ការគុណភាពខ្ពស់​​ ដូចជា Pfizer ឬ Moderna ដែលពួក​គេ​យល់ថា ​ល្អ​ជាង​វ៉ាក់សាំង​ Sinovac របស់​ចិន។ Sinovac ដែល​ពួក​បាតុករ​ថៃ គិតថា ​​មិនសូវ​មាន​ប្រសិទ្ធភាព​ និងទប់ទល់​មិនឈ្នះ​នឹង​ មេរោគ​កូវីដ បំប្លែងខ្លួន Delta។

តាមទីភ្នាក់​ងារ​ព័ត៌មាន​បារាំង​AFP ​ស្រុក​ថៃ មានឆ្លង​កូវីដ​ចំនួន​ ជាង​ ២២ ០០០នាក់ ហើយ​ស្លាប់​មនុស្ស ជាង ២១០ នាក់។  ក្នុង​ចំណោម ប្រជាជន​សៀម ប្រមាណ​​ ៧០លាន​នាក់​ ​ពេល​នេះ ​មានតែ​ជាង​ ៤លាន​ ៥សែន នាក់ ​ប៉ុណ្ណោះ ដែល​បាន​ទទួល​ថ្នាំបង្ការ​ គ្រប់២លើក។ ហេតុដូច្នេះហើយ ទើប​​បាតុករថៃ​ ​សសេរបដា​ថា «រដ្ឋាភិបាល​អសមត្ថភាព»​ «ចុះចេញពី​តំណែង​ទៅ!» និងចោទថា​«រដ្ឋាភិបាល​ឧក្រិដ្ឋ!»។​

កាល​ពីថ្ងៃ​ព្រហស្បតិ៍ ​​អ្នក​នាំពាក្យ​រដ្ឋាភិបាលថៃ បាន​ថ្លែងថា ពីពេល​នេះ​ដល់​ចុង​ឆ្នាំ រដ្ឋ​​សង្ឃឹមថា នឹង​ចាក់​ថ្នាំបង្ការឲ្យ​ប្រជាជន​ ចំនួន​១០លានដូស ក្នុង​មួយខែៗ។ តែ​ពលរដ្ឋហ្វូងបាតុករ នៅថ្ងៃសៅរ៍​ ថា​នឹង​មិន​ឈប់តវ៉ា​ និងមិនទម្លាក់ដៃ ឈប់​ធ្វើ​បាតុកម្មឡើយ​។​

ទន្ទឹម​នឹង​រឿងនេះ ហ្វូង​បាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យថៃ ​ក៏បាន​កម្តៅ​សំណុំ​រឿងចាស់ គឺ​ច្បាប់​ប្រឆាំង​នឹងការ​ជេរប្រមាថ​ព្រះមហាក្សត្រ​និង​ខ្សែរាជវង្ស។ បាតុករថៃ ទាមទារឲ្យ​រំលាយ​ច្បាប់​ឥតប្រយោជន៍​នេះ​ចោលទៅ។ ចំពោះ​ពួក​គេ ក៏ដូច​ជា​អង្គការ​សង្គមស៊ីវិលដែរ​ ច្បាប់​របៀប​នេះ គួរតែ​គ្មានទេ ​ក្នុង​ប្រទេស​ប្រជាធិតេយ្យ។​

សូម​ជ្រាបថា ក្រោម​ច្បាប់ប្រឆាំង​នឹងការ​​ជេរប្រមាថ​ស្តេច​ថៃ គឺនគរបាលបាន​ចាប់​ខ្លួន​បាតុករ​និង​អ្នក​ប្រឆាំង ប្រមាណ​ជាង ​១១០នាក់​ហើយ។ អ្នក​ខ្លះ​ ត្រូវ​​ដោះលែង​  ដោយ​​បង់​ប្រាក់ធានាខ្លួន​ តែអ្ន​កខ្លះ​ទៀត ដែល​ជាក្បាលម៉ាស៊ីន​ដឹកនាំបាតុកម្ម​ ត្រូវ​តុលាការ​ថៃ កាត់ទោស​ឲ្យ​ជាប់​គុក​ ដោយបូក​បញ្ចូល​​ករណីល្មើសជាច្រើន​ចំណុច​ រហូតស្ថាន​​ទម្ងន់ទោស ត្រូ​វ​ជាប់ពន្ធនាគារ ៦០ឆ្នាំ ហើយ​ខ្លះទៀត ៣០ឆ្នាំ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ