អានតួអត្ថបទ
ការប្រែប្រួលអាកាសធាតុ

ពិភពលោក​ប្រតិកម្ម​ទៅនឹង​របាយការណ៍​ទាញសញ្ញាអាសន្ន​ពី​គ្រោះមហន្តរាយ​​អាកាសធាតុ

តាំង​ពី​នាយករដ្ឋមន្រ្តី រហូតមកដល់​អង្គការ និង​សកម្មជន​ដើម្បី​បរិស្ថាន បាន​បញ្ចេញ​ប្រតិកម្ម​ជា​បន្តបន្ទាប់ ទៅនឹង​របាយការណ៍​របស់​ក្រុមជំនាញ​អន្តរដ្ឋាភិបាល ស្តីពីអាកាសធាតុ ដែល​ទាញសញ្ញាអាសន្ន និងខ្សែបន្ទាត់ក្រហម​សម្រាប់​មនុស្សជាតិ​លើ​ផែនដី។ របាយការណ៍ ចេញផ្សាយ​កាលពីថ្ងៃ​ចន្ទ បាន​ព្រមាន​ពីគ្រោះមហន្តរាយ​អាកាសធាតុ​ធ្ងន់ធ្ងរ សម្រាប់​មនុស្សជាតិ​ដែល​កំពុង​រងគ្រោះ​រួចហើយ ដោយសារ​អាកាសធាតុ​ក្តៅខ្លាំង ភ្លើងឆេះព្រៃ និង​ខ្យល់ព្យុះ ទឹកជំនន់។

ទឹកជំនន់​នៅ​ខេត្ត​ហៃណាន់ ប្រទេស​ចិន កាលពីថ្ងៃអង្គារ​ទី ២០​កក្កដា ២០២១
ទឹកជំនន់​នៅ​ខេត្ត​ហៃណាន់ ប្រទេស​ចិន កាលពីថ្ងៃអង្គារ​ទី ២០​កក្កដា ២០២១ AP
ផ្សាយពាណិជ្ជកម្ម

ការឡើង​កម្តៅផែនដី ១,៥អង្សា​នឹងអាច​កើតមាន​នៅអំឡុង ឆ្នាំ​២០៣០ គឺ​នៅ​៩ឆ្នាំ​ខាងមុខ ប៉ុន្តែ មិនមែន​នៅ​ឆ្នាំ ២០៤០ ដូចដែល​អ្នកវិទ្យាសាស្រ្ត​ធ្លាប់​បាន​ព្យាករទុក កាលពី​៣ឆ្នាំមុន​នោះទេ។ នេះជាដំណឹងដ៏គួរឲ្យ​រន្ធត់ តក់ស្លុត។

តាម​របាយការណ៍​របស់​ក្រុមជំនាញអន្តរដ្ឋាភិបាល​ស្តីពីអាកាសធាតុ ការកើនឡើង​កម្តៅផែនដី ១,៥អង្សា​នឹងធ្វើ​ឲ្យ​ជីវិត​នៅផែនដី កាន់តែ​ប្រឈម​នឹង​គ្រោះមហន្តរាយ​ធម្មជាតិ ធ្ងន់ធ្ង ញឹក​ញាប់ ដែល​មិនធ្លាប់មាន ពីមុនមក។

សម្រាប់​រដ្ឋមន្រ្តីការបរទេស​អាមេរិក លោក​អង់តូនី ប្លីងកិន ពិភពលោក​មិនអាច​ពន្យារតទៅទៀត ដើម្បី ចាត់វិធានការ​អាកាសធាតុ ដ៏មាន​មហិច្ឆតា​នោះទេ។ ប្រតិកម្ម​ទៅ​នឹង​របាយការណ៍​របស់​ក្រុមអ្នកជំនាញ​អាកាសធាតុ​របស់​អង្គការ​សហប្រជាជាតិ ប្រមុខការបរទេស​អាមេរិក បាន​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្នុង​ពិភពលោក ក្រុមឯកជន និង​គ្រប់បុគ្គល ចាត់វិធានការ ធ្វើការ​រួមគ្នា​ជាបន្ទាន់ និង​ធ្វើគ្រប់បែបយ៉ាង ដើម្បី​ការពារ​ផែនដី អនាគត​មនុស្សជាតិ នៅ​ទសវត្សរ៍នេះ និង​នៅថ្ងៃអនាគត។

សម្រាប់​អតីតប្រធានាធិបតីប្រទេស​កោះម៉ាល់ឌីវ ជាមួយ​ការលើកឡើង ​ពី​ការកើនឡើង​កំពស់​ទឹកសមុទ្រ របាយការណ៍​របស់​អ្នកជំនាញ​អាកាសធាតុ បាន​បញ្ជាក់​ជាថ្មីម្តងទៀត​ថា ប្រទេសជាតិ ដែល​ប្រឈម​រងគ្រោះ​ដោយសារ​ការប្រែប្រួលអាកាសធាតុ កំពុង​ឈាន​ទៅ​រលាយ បាត់មុខ​ពីលើ​ផែនដី។

របាយការណ៍​របស់​ក្រុមជំនាញអន្តរដ្ឋាភិបាល​ស្តីពីអាកាសធាតុ​បាន​បង្ហាញ​ហើយថា ដោយ​គ្មាន​សង្ស័យ ការប្រែប្រួលអាកាសធាតុ​ជា​ស្នាដៃ កើតចេញ ពី​សកម្មភាព​របស់​មនុស្ស​ទាំងស្រុង។ សម្រាប់​រដ្ឋមន្រ្តី​បារាំង​ទទួល​បន្ទុក​អន្តរបរិស្ថាន កាត់បន្ថយ​ឧស្ម័នផ្ទះកញ្ចក់ គឺជា​ការងារ​ដ៏ធំ​សម្បើម ពិបាក​នឹង​សម្រេចបាន ព្រោះវា​តម្រូវ​ឲ្យ​អរិយធម៌​មួយ​ដែល​ពឹងផ្អែក​ទៅលើ​ថាមពល​ហ្វូស៊ីល (ប្រេង ធ្យូងថ្ម) អស់​ជាច្រើន​សតវត្សរ៍មកហើយ ត្រូវដើរចេញ ឈប់​ប្រើវាក្នុងរយៈពេល តែ​១០ឆ្នាំខាងមុខ។

សម្រាប់​នាយករដ្ឋមន្រ្តី​អង់គ្លេស ដែល​ត្រូវ​ធ្វើ​ជា​ម្ចាស់ផ្ទះ រៀបចំ​សន្នីសិទ អន្តរជាតិស្តីពីអាកាសធាតុ របាយការណ៍​របស់​ក្រុមជំនាញអន្តរដ្ឋាភិបាល​ស្តីពីអាកាសធាតុ គឺ​ជា​សំឡេងស្រែក ដាស់​ឲ្យ​ពិភពលោក​ដឹងខ្លួន និង​ចាត់វិធានការ​ភ្លាម នៅពេលនេះ ឲ្យ​បាន​មុន​ជំនួបប្រជុំ នៅ​ខែ​វិច្ឆិកាខាងមុខ។

តើ​របាយការណ៍​ទាញសញ្ញាអាសន្ន​ពីគ្រោះមហន្តរាយ​អាកាសធាតុ ពិតជា​អាច​ដាស់រំលឹក មេដឹកនាំ​ពិភពលោក ឲ្យ​ចាត់វិធានការ បន្ទាន់ ដូចជា ការអំពាវនាវ​ឲ្យ​លះបង់​ចោល​ថាមពលហ្វូស៊ីល ដែល​ជា​ប្រភព​បញ្ចេញ​ឧស្ម័ន​កាបូនិក ដូចការលើកឡើង​របស់​នាយករដ្ឋមន្រ្តី​អង់គ្លេស​ដែរឬទេ? នៅក្នុងអង់គ្លេស​ផ្ទាល់ រដ្ឋាភិបាល​អង់គ្លេស​កំពុង​រងការរិះគន់ ក្នុង​រឿង​ដែល​អនុញ្ញាត​ឲ្យ​គេបន្ត​ជីករកឧស្ម័ន ប្រេង ក្នុងពេល​ដែលទីភ្នាក់ងារ​ថាមពល​អន្តរជាតិបាន​អំពាវនាវ​ឲ្យ​គេ​ឈប់ ជីក រុករក ប្រេង និង​ឧស្ម័ន​តទៅទៀត បើសិន​គេ​មិនចង់​ទប់ឲ្យ ​ការកើនឡើង​កម្តៅផែនដី មានត្រឹម១,៥អង្សា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ