អានតួអត្ថបទ
ម៉ាឡេស៊ី-នុយក្លេអ៊ែរ-អូស្ត្រាលី

ម៉ាឡេស៊ីបារម្ភពីការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរក្នុងតំបន់ ក្រោយអូស្ត្រាលី​ប្រកាស​ទិញ​នាវា​​បាត​សមុទ្រ​អាមេរិក​ ​​ដើរដោយ​​ប្រព័ន្ធ​នុយក្លេអ៊ែរ

ក្រៅពីបារាំងដែលខឹងសម្បារខ្លាំង ចំពោះអូស្ត្រាលីដែលនបានងាកទៅទិញនាវាបាតសមុទ្រ ដើរដោយ​ប្រព័ន្ធនុយក្លេអ៊ែររបស់អាមេរិក ប្រទេសម៉ាឡេស៊ីឯណេះ បានថ្លែងនៅថ្ងៃសៅរ៍ទី​១៨កញ្ញាថាខ្លួនបារម្ភ ខ្លាចទៅថ្ងៃអនាគត នឹងមានការប្រកួតប្រជែងគ្នា ផ្នែកអាវុធនុយក្លេអ៊ែរ នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ជាការព្រួយបារម្ភ ដែលអ្នកជំនាញ​មួយចំនួន​ថ្លែងយល់ស្រប​ផងដែរ ព្រោះថាមហាអំណាចខ្លះដូចជាចិន អាចនឹងពង្រឹងសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួនកាន់តែធំ នៅពេលណាឃើញអូស្ត្រាលី មាន​នាវាបាតសមុទ្រដើរដោយថាមពល​នុយក្លេអ៊ែរ។

លោក​ Ismail Sabri Yaakob នាយករដ្ឋមន្ត្រីថ្មីម៉ាឡេស៊ី
លោក​ Ismail Sabri Yaakob នាយករដ្ឋមន្ត្រីថ្មីម៉ាឡេស៊ី AP
ផ្សាយពាណិជ្ជកម្ម

នៅក្នុងក្របខណ្ឌនៃចំណងសម្ព័ន្ធមិត្តយុទ្ធសាស្ត្រ AUKUS (Australia-UK-US) គឺ អាមេរិក និងអង់គ្លេស ជួយ​ជ្រោមជ្រែងអូស្ត្រាលី ឲ្យ​មាន​នាវាមុជទឹកបាតសមុទ្រ ដើរដោយ​ប្រព័ន្ធនុយក្លេអ៊ែរ។ គឺក្នុងន័យនេះហើយ ទើប​អូស្ត្រាលី បានសម្រេចចិត្តបោះបង់​ចោល​កិច្ចសន្យាទិញនាវាបាតសមុទ្របារាំង ចំនួន​១២គ្រឿង ដែលជានាវាមុជទឹកបាតសមុទ្រសាមញ្ញ។

ខុទ្ទការល័យ​នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានចេញលិខិតប្រកាសមួយ នៅថ្ងៃសៅរ៍ទៅ១៨កញ្ញា ដោយ​បាន​លើកឡើងថា សម្ព័ន្ធមិត្តយុទ្ធសាស្ត្រ AUKUS រវាងអាមេរិក អង់គ្លេស អូស្ត្រាលី អាចនឹងបង្កឲ្យ​មានការប្រកួតប្រជែងគ្នា ផ្នែកអាវុធនុយក្លេអ៊ែរ នៅក្នុងតំបន់​ឥណ្ឌូប៉ាស៊ីហ្វិក ជាក់ជាមិនខាន។​

ដោយមិនបញ្ចេញ​ឈ្មោះចិនឲ្យចំៗ លិខិតរបស់​នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានលើកឡើង នៅពេលដែល​អូស្ត្រាលី ចាប់ផ្តើមមានគ្រឿងសព្វាវុធនុយក្លេអ៊ែរ នោះវានឹងរុញច្រាន​ប្រទេសផ្សេងក្នុងតំបន់ ឲ្យ​ពង្រឹងសមត្ថភាពនុយក្លេអ៊ែរដែរ។ លិខិតនេះ បន្ថែមថា ក្នុងនាម​ជាប្រទេសសមាជិកអាស៊ាន ម៉ាឡេស៊ី សូមការពារជានិច្ច ឲ្យអាស៊ានស្ថិតជា​តំបន់សន្តិភាព សេរីភាព និងអព្យាក្រិត្យ ហើយ​ម៉ាឡេស៊ីសូមអំពាវនាវ ឲ្យភាគីទាំងអស់កុំ​បង្កររឿង គំរាមសំឡុតគ្នា ដែលធ្វើឲ្យកើតទៅជា​ការ​ប្រកួតប្រជែងសំញ៉ែងអាវុធ។

គួរបញ្ជាក់ថា សម្ព័ន្ធយុទ្ធសាស្ត្រ AUKUS ដែលអាមេរិកបានរៀបចំ សហការជាមួយ​ អូស្ត្រាលី និង​ អង់គ្លេស គឺ​មាន​កម្មវត្ថុ​ទប់ទល់​កម្លាំងមហិច្ឆិតាយោធារបស់ចិន នៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ តាមរយៈសម្ព័ន្ធយុទ្ធសាស្ត្រនេះ អូស្ត្រាលីនឹងទិញ​នាវាមុជទឹកបាតសមុទ្រដើរដោយ​ប្រព័ន្ធនុយក្លេអ៊ែរ របស់អាេមរិក ជំនួសឲ្យ​នាវាមុជទឹកបាតសមុទ្រប្រភេទសាមញ្ញរបស់បារាំង។ ការក្រឡាស់សំដីបាតដៃខ្នងដៃ របស់អូស្ត្រាលី បានធ្វើ​ឲ្យ​បារាំងខឹងសម្បារ និងបាត់បង់ទំនុកចិត្តជាខ្លាំង។

ដំណឹងនេះ បានធ្វើ​ឲ្យ​មានការព្រួយបារម្ភផងដែរ ពីសំណាក់អ្នកវិភាគកិច្ចការអន្តរជាតិ ដោយសារ​តែអូស្ត្រាលី ជាប្រទេសគ្មានបទពិសោធន៍ទាល់តែសោះ ជាមួយ​នឹងថាមពលនុយក្លេអ៊ែរ។ នាវា​មុជទឹក​​បាតសមុទ្រ ដើរដោយថាមពលនុយក្លេអ៊ែរ មិនត្រឹមតែមានភាពស្មុគស្មាញ ទាមទារឲ្យមានសមត្ថភាពខ្ពស់ ដើម្បីចៀសវាងគ្រោះថ្នាក់​ជាយថាហេតុណាមួយប៉ុណ្ណោះទេ តែវាក៏អាច​ជា​ច្រកបើកផ្លូវផងដែរ ថាទៅ​ថ្ងៃខាងមុខ អូស្ត្រាលីក៏អាចស្វែងរកទិញ អាវុធនុយក្លេអ៊ែរផ្សេងទៀតជាក់ជាមិនខាន។ ចិនដែលមានទំនាស់ជាមួយ​អូស្ត្រាលី ប្រាកដជាមិននៅស្ងៀមនោះដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ