អានតួអត្ថបទ
ថៃ-ទេសចរណ៍-កូវីដ១៩

ថៃ​បន្ថយ​រយៈពេល​ធ្វើ​ចត្តា​ឡីស័ក ​មកត្រឹម​៧ថ្ងៃ សម្រាប់​ភ្ញៀវ​ទេសចរណ៍​បរទេស​ ដែល​ចាក់​វ៉ាក់សាំង​ហើយ

រដ្ឋាភិបាលថៃ បានសម្រេចកាត់បន្ថយ​រយៈពេល ធ្វើចត្តាឡីស័ក មកនៅត្រឹម៧ថ្ងៃ សម្រាប់ភ្ញៀវទេសចរណ៍​បរទេស ដែលបានចាក់វ៉ាក់សាំងរួច។ នេះគឺជាវិធានការថ្មី មួយទៀត ដើម្បី​ស្រោចស្រង់​វិស័យ​ទេសចរណ៍ ដែលជាប្រភពដ៏ចាំបាច់ នៃដង្ហើ​មសេដ្ឋកិច្ចថៃ។ ប្រមាណ​២ឆ្នាំមកនេះ វិស័យសេដ្ឋកិច្ចថៃ បានធ្លាក់ចុះខ្លាំងណាស់ ដោយ​សារគ្មានទេសចរណ៍បរទេស។

ទុកទុក សាមឡ សំចតចាំភ្ញៀវ នៅក្បែរព្រះបរមរាជវាំង​ក្រុងបាងកក ដែលស្ងាត់ជ្រងំ គ្មានទេសចរណ៍បរទេស ដូចសព្វដង។ បាងកក ថ្ងៃទី ៣សីហា ២០២១
ទុកទុក សាមឡ សំចតចាំភ្ញៀវ នៅក្បែរព្រះបរមរាជវាំង​ក្រុងបាងកក ដែលស្ងាត់ជ្រងំ គ្មានទេសចរណ៍បរទេស ដូចសព្វដង។ បាងកក ថ្ងៃទី ៣សីហា ២០២១ AP - Sakchai Lalit
ផ្សាយពាណិជ្ជកម្ម

ចាប់ពីថ្ងៃទី១តុលាទៅ ភ្ញៀវទេសចរណ៍​បរទេស ដែលបានចាក់វ៉ាក់សាំងហើយ គឺត្រូវធ្វើចត្តាឡីស័ក​ រយៈពេល​៧ថ្ងៃ ពេលទៅដល់ទឹកដីថៃ។  ពោលគឺមិនមែន​១៤ថ្ងៃ ដូចបច្ចុប្បន្ននេះទេ។ ដោយឡែក សម្រាប់ភ្ញៀវទេសចរណ៍​ដែលមិនទាន់​បានចាក់វ៉ាក់សាំង ហើយចូលមកដល់ថៃតាមផ្លូវអាកាស​ គឺត្រូវធ្វើចត្តាឡីស័ក ១០ថ្ងៃ។ រីឯអ្នកចូលមកថៃ តាមព្រំដែនដីគោកវិញ គឺត្រូវធ្វើ​ចត្តាឡីស័ក ១៤ថ្ងៃ។ ហើយភ្ញៀវទេសចរណ៍ទាំងអស់ ត្រូវតែបាន​ធ្វើតេស្ត រកកូវីដ ឲ្យ​បានយ៉ាងហោច​២ដង មុននឹងចេញពីការបង្ឃាំងខ្លួន​នៅដាច់ដោយឡែក។

ឆ្លើយតបចំពោះការព្រួយបារម្ភ ទាក់ទិននឹង​ការបើកព្រំដែនទទួលទេសចរណ៍បរទេស ដែលមិន​ទាន់​បាន​​ចាក់វ៉ាក់សាំង លោក Rachada Dhanadirek អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានអះអាង​ថា វិធានការថ្មី ដែលរដ្ឋាភិបាល​បានដាក់កំហិត គឺវាគ្រប់គ្រាន់ហើយ សម្រាប់តាមដាន និងទប់ស្កាត់ ស្វែងរកទេសចរណ៍ណាដែលមានផ្ទុកកូវីដ១៩។

គួរបញ្ជាក់ថា ប្រមាណ​២ឆ្នាំមកនេះ​ សេដ្ឋកិច្ចថៃបានធ្លាក់ចុះខ្លាំងណាស់ ក្នុងរវាង​២០ឆ្នាំចុងក្រោយ​។ ដើម្បី​បង្ការកាឆ្លងរាលដាលកូវីដ ថៃបានដាក់កំហិតយ៉ាងតឹងតែង ចំពោះទេសចរណ៍បរទេស ដែលប្រការនេះ​ បាន​ធ្វើឲ្យវិស័យទេសចរណ៍​ធ្លាក់ចុះជាខ្លាំង។ វិស័យទេសចរណ៍ គឺជាប្រភពចំណូល​ ១ភាគ៥ នៃសេដ្ឋកិច្ចថៃ។

គួរកត់សំគាល់ថា បើទោះបីកំពុងប្រឈម ជាមួយ​ការឆ្លងរាលដាល កូវីដ១៩ទម្រង់បំប្លែងខ្លួន​ដែលតា ថៃបានសម្រេចចិត្ត​ បន្ធូរបន្ថយខ្លះ ដើម្បីបើក​ប្រទេស​ ទទួលទេសចរណ៍ឡើងវិញ។ កាលពីខែ​កក្កដា អាជ្ញាធរថៃ បានធ្វើការសាកល្បង បើកកោះភូកេត ទទួលទេសចរណ៍ដែលចាក់វ៉ាក់សាំងហើយ។ ទេសចរណ៍ដែ​លទៅដល់ ត្រូវនៅលើកោះនេះ រយៈពេល​១៤ថ្ងៃ មុននឹងអាចធ្វើដំណើរទៅ​ទីកន្លែងផ្សេងទៀត ក្នុងប្រទេសថៃ។

យ៉ាងណាក៏ដោយ គេមិនរំពឹងថា ការបន្ធូរបន្ថយបន្តិចបន្តួច ចាប់ពីខែតុលាទៅនេះ អាចនឹងនាំទេសចរណ៍បរទេស ឲ្យត្រលប់មកថៃនោះទេ។ ប្រទេស​មួយចំនួន ដូចជាសហរដ្ឋអាមេរិក និងអង់គ្លេសជាដើម រដ្ឋាភិបាលគេ បាន​ប្រាប់ទៅប្រជាជនថាត្រូវចៀស កុំទៅប្រទេសឲ្យសោះ បើពុំចាំបាច់។ បច្ចុប្បន្ននេះ ថៃមានអ្នកឆ្លងកូវីដថ្មី ប្រមាណ​១ម៉ឺននាក់ ជាមធ្យម ជារៀងរាល់ថ្ងៃ។ ហើយគិតត្រឹមពេលនេះ ថៃមានករណីឆ្លងសរុប ចំនួន១.៥៧លាននាក់  ក្នុងនោះមានស្លាប់ ១៦៣៦៩នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ